ភ្នំពេញ៖ ថ្មីៗ​នេះ​ស្រាប់​តែ​លេច​ឮ​ថា តារា​ចម្រៀង​​​ស្រី​ស្រស់​រាង​ល្អិត ដែល​កំពុង​តែ​ជ្រក​នៅ​​ក្រោម​​ទ្រនំ​​ផលិតកម្ម 7 Seven Music Production កញ្ញា គង់ ចាន់រដ្ឋា និង​គូដណ្តឹង​ជា​តារា​ចម្រៀង​ប្រុស​ក្នុង​ចំណោម​បង​ប្អូនភ្លោះ​​ក្រុម Twin Boy ឈ្មោះ​លោក ស៊ិន សុភា នោះ​មិន​ទាន់​មាន​គម្រោង​ចូល​រោងការ​ឆាប់ៗ​នោះ​ទេ ​ក្រោយ​​​​ពី​ពួក​គេ​បាន​ភ្ជាប់​ពាក្យ​រួច​ប៉ុន្មាន​ឆ្នាំ​មក​ហើយ​នោះ​។

មុន​នេះ​បន្តិច​តារា​ចម្រៀង​ស្រី​ឈរ​មុខ​នៅ​ទ្រនំ​ផលិតកម្ម 7Seven Music Production កញ្ញា គង់ ចាន់រដ្ឋា ដែល​បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​​ជាង ១០ ឆ្នាំ​មក​ហើយ​នេះ បាន​បំភ្លឺ​រឿង​ទំនាក់ទំនង​ស្នេហា និង​​ព័ត៌មាន​គេ​ថា នាង​​ជិត​ចូល​​​​រោង​ការ​ ដោយ​បាន​​បក​ស្រាយ​ថា៖ «តាម​ពិត​​​​នោះ​​​នាង​មាន​គូ​ដណ្តឹង​រួច​ហើយ​គាត់ គឺ​ជា​បុរស​​​ម្នាក់​ក្នុង​ចំណោម​កូន​ភ្លោះ Twin Boy ឈ្មោះ ស៊ិន សុភា ដែល​មាន​ការងារ​ជា​​​ប៉ូលិស​អន្តរាគមន៍ ខណៈ​ប្អូន​ប្រុស​របស់​គាត់ គឺ​លោក ស៊ិន សុភ័ក្ត្រ គឺ​ជា​ប៉ូលិស​ចរាចរណ៍។ ពួក​យើង​បាន​​​​ភ្ជាប់​ពាក្យ​សិន តែ​មិន​ទាន់​មាន​គម្រោង​រៀប​ការ​​ឆាប់ៗ​នៅ​ឡើយ​នោះ​ទេ គឺ​ពួក​យើង​​ចង់​ទុក​ឱកាស​រក​ប្រាក់​លើ​វិថី​សិល្បៈ​មួយ​រយៈ​ទៀត​សិន»។

ដោយ​ឡែក​គូ​ដណ្តឹង​កញ្ញា គង់ ចាន់រដ្ឋា គឺ​តារា​ចម្រៀង​ជា​មន្រ្តី​ប៉ូលិស​លោក ស៊ិន សុភា បាន​អះអាង​នា​ពេល​ថ្មីៗ​នេះ​ថា៖«ខ្ញុំ​បាន​ភ្ជាប់​ពាក្យ​ជាមួយ រដ្ឋា ៥ ឆ្នាំ​មក​​ហើយ ប៉ុន្តែ​ពេល​នេះ យើង​មិន​ទាន់​បាន​រៀបការ​ទេ ដោយសារ​តែ​គិត​ថា​មិន​អី​ទេ គ្មាន​​​ការ​ប្រែប្រួល​ទេ ព្រោះ​​អី​យើង​ស្រឡាញ់​គ្នា​ស្មោះ​សឹង​អី។ ប៉ុន្ដែ​ខ្ញុំ​សន្យា​ថា នៅ​ឆ្នាំ ២០២៥ ខាង​មុខ​នេះ ខ្ញុំ​នឹង​រៀបការ​ជាមួយ​គាត់​ទៅ​តាម​​ប្រពៃណី​​​ខ្មែរ​ត្រឹមត្រូវ មិន​មែន​ភ្ជាប់​ពាក្យ​ហើយ​ចោល​មិន​រៀបការ​ទេ»​។

ការ​ពិត​ទៅ​តារា​ចម្រៀង​ស្រី​ ដែល​មាន​ស្រុក​​​កំណើត​​​​មក​ពី​ខេត្ត​សៀមរាប​នា​ពេល​បច្ចុប្បន្ន​មាន​វ័យ ៣២ ឆ្នាំ​កញ្ញា គង់ ចាន់​រដ្ឋា បាន​​​​បង្កាត់​ភ្លើង​ស្នេហ៍ និង​​ភ្ជាប់​ពាក្យ​​ជាមួយ​​គ្នា​រួច​ហើយ ​ដោយ​មាន​​ចាស់​​ទុំ​សង​ខាង ក៏​បាន​​​​ដឹង​​​​ឮ​រឿង​ សម្ព័ន្ធ​​ស្នេហ៍​របស់​ពួក​គេ​ទាំង​ ២​ នេះ​​​ដែរ​៕​