ភ្នំពេញ៖ ទើបតែបានឈ្នះពានកម្មវិធី The Mask Singer នៅឯប៉ុស្តិ៍ទូរទស្សន៍ហង្សមាសថ្មីថ្មោងសោះ ក៏ស្រាប់តែលេចឮថា តារាចម្រៀងស្រីកញ្ញា ចំរើន សុភ័ក្រ មានមហិច្ឆតាចង់បានពានផ្នែកស្មូត្រមួយទៀតដែរ ប្រសិនបើមានការប្រកួតមែននោះ នាងនឹងចូលរួមប្រជែង។
ធ្លាប់ជាបេក្ខនារីដែលបរាជ័យក្នុងការប្រឡងចម្រៀងលំដាប់ពិភពលោក The Voice Cambodia រដូវកាលទី ១ និងក្លាយជាតារាចម្រៀងដ៏ពេញនិយមមួយរូបនៅ We Production ដែលជាបុត្រសម្ព័ន្ធផលិតកម្មហង្សមាស ហើយកាលពីរាត្រីថ្ងៃទី ២៩ ខែ មីនា ឆ្នាំ ២០២០ កន្លងមកថ្មីៗ កញ្ញា ចំរើន សុភ័ក្រ បានក្លាយជាម្ចាស់ជយលាភីពីកម្មវិធីប្រឡងចម្រៀងរបាំងមុខ ឬThe Mask Singer ដោយទទួលបានប្រាក់រង្វាន់ចំនួន ១០០ លានរៀល។
តារាចម្រៀងស្រីដែលបច្ចុប្បន្ន ជ្រកនៅទ្រនំផលិតកម្ម We Production កញ្ញា ចំរើន សុភ័ក្រ ក៏បញ្ជាក់រឿងលេចឮថា មានចិត្តចង់ប្រកួតផ្នែកស្មូត្រនេះថា៖ «តាមពិតទៅ ដោយសារតែនាងខ្ញុំ មានចំណូលចិត្តផ្នែកស្មូត្រនេះ ហើយក៏ចង់បង្ហាញសមត្ថភាពផងដែរ ប្រសិនបើមានការប្រកួត។ យ៉ាងណាក៏មានចិត្តមួយគិតថា ប្រហែលជាមិនអាចទៅរួចនោះទេមើលទៅ!វាគ្រាន់តែជាអារម្មណ៍មួយ ដែលចូលចិត្តក្រៅពីចម្រៀងសម័យ។ តែបច្ចុប្បន្ន មិនមានកម្មវិធីប្រកួតពានផ្នែកស្មូត្រនេះនៅឡើយនោះទេ ហើយប្រសិនបើមានមែន ខ្ញុំក៏ចង់សាកល្បងផងដែរ»។
គួររំឭកផងដែរថា កាលពីពេលលើកពាននៃកម្មវិធី The Mask Singer កញ្ញា ចំរើន សុភ័ក្រ ក៏មានសទ្ធាបរិច្ចាគប្រាក់ចំនួន ១ ពាន់ដុល្លារផងដែរ នៅក្នុងមូលនិធិដើម្បីទប់ស្កាត់ជំងឺឆ្លងដោយសារមេរោគកូវីដ ១៩ ក្រោយពីឃើញមិត្តអ្នកសិល្បៈផុសផុលផ្តល់ប្រាក់សប្បុរសធម៌តាមសទ្ធាជ្រះថ្លានោះភ្លាមៗដែរ។
តារាចម្រៀងស្រីមានទឹកដមសំឡេងពីរោះរណ្ដំ កញ្ញា ចំរើន សុភ័ក្រ ដែលអាចបកស្រាយចម្រៀងគ្រប់ទម្រង់ទាំងសិល្បៈប្រពៃណី និងសម័យ ហើយចេះស្មូត្រទៀតផងនោះ ក៏បង្ហើបប្រាប់ពីចិត្តទទូចចូលរួមបរិច្ចាគទៅមូលនិធិសប្បុរសធម៌ទប់ស្កាត់ជំងឺឆ្លងកូវីដ ១៩ ផងដែរថា៖ «តាមពិតទៅ ក្រោយពីបានឃើញបងប្អូនអ្នកសិល្បៈចូលរួមបរិច្ចាគប្រាក់នោះ នាងខ្ញុំបាននឹកទទូចក្នុងចិត្តដែរថា ចង់មានប្រាក់សមរម្យមួយចំនួនដើម្បីយកទៅចូលរួមភ្លាម។ តែដោយសារខណៈពេលថ្មីៗនេះ នាងខ្ញុំក៏កំពុងតែត្រៀមខ្លួនក្នុងការប្រឡូងកម្មវិធី The Mask Singer ផងដែរនោះ»៕