ភ្នំពេញ៖ ថ្មីៗនេះបង្កើតនូវភាពភ្ញាក់ផ្អើលពីសំណាក់មហាជន ខណៈឃើញអតីតជាបេក្ខនារីធ្លាប់ប្រកួតប្រជែងកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី៣ ឈានដល់វគ្គផ្តាច់ព្រ័ត្រកញ្ញា ឈាង សុវណ្ណាវី ត្រូវបានផលិតកម្ម Sastra Film ប្រកាសចុះកុងត្រា ទទួលយកជាតារាសម្តែងស្រី និងចម្រៀងជាផ្លូវការ។
បើនិយាយដល់ផលិតកម្ម Sastra Film មានទស្សនិកជនច្រើនប្រាកដជាស្គាល់ និងធ្លាប់បានទស្សនានូវរាល់ការផលិតសាច់រឿងអប់រំ ដែលឆ្លុះបញ្ចាំងពីសង្គម និងមានការគាំទ្រយ៉ាងសន្ធឹកសន្ធាប់ ពីទស្សនិកជនផងដែរ ខណៈកាលពីថ្មីៗនេះ ខាងផលិតកម្ម Sastra Film បានបង្ហោះថា៖ «រាប់ចាប់ពីថ្ងៃនេះទៅ អតីតបេក្ខភាពប្រឡងចម្រៀង Cambodian Idol រដូវកាលទី៣ កញ្ញា ឈាង សុវណ្ណាវី និងតារាសម្ដែងស្រស់សង្ហាលោក Prince (ប៉ាវី) នឹងក្លាយជាសិល្បករ-សិល្បការិនីប្រចាំ Sastra film ជាផ្លូវការ»។
ទោះជាយ៉ាងណា នេះគឺជាដំណឹងដ៏គួរឲ្យត្រេកអរ សម្រាប់សាមីខ្លួនផ្ទាល់ ក៏ដូចជាអ្នកគាំទ្ររបស់ពួកគេទាំង ២ នាក់ជាដើម ជាពិសេស អ្នកគាំទ្រគ្រប់គ្នាកំពុងតែទន្ទឹងរង់ចាំអ៊ុតមើលថា តើស្នាដៃថ្មីៗរបស់កញ្ញា សុវណ្ណាវី និងលោក ប៉ាវី ថានឹងមានបទចម្រៀងពីរោះៗ ឬមានសាច់រឿងល្អៗបែបណាខ្លះសម្រាប់បម្រើអារម្មណ៍របស់ហ្វ៊ែនៗនោះ។
ពាក់ព័ន្ធនឹងដំណឹងក្លាយជាតារាស្រី មានទ្រនំជ្រកកោនត្រឹមត្រូវ លោកស្រី ប៊ុន ចាន់និមល ចាងហ្វាងផលិតកម្ម Sastra Film ក៏បញ្ជាក់ពីមូលហេតុនាំឲ្យផលិតកម្មទទួលយកកញ្ញា ឈាង សុវណ្ណាវី ជាតារាសម្តែង និងចម្រៀងជាផ្លូវការចុះកុងត្រារយៈពេល ៥ ឆ្នាំនោះដែរថា៖ «ដោយសារ សុវណ្ណាវី ធ្លាប់ជាតារាចម្រៀង Freelance ដែលច្រៀងចម្រៀងសម្រាប់បញ្ចូលនៅក្នុងកុននៃផលិតកម្មយើងស្រាប់ ហើយឆ្លងកាត់បទពិសោធការងារ និងការសាកល្បងផ្នែកសម្តែងរួមផ្សំនឹងទេពកោសល្យ ក៏ដូចជារូបសម្រស់របស់ សុវណ្ណាវី ក៏មានផងដែរនោះ យើងក៏សម្រេចចុះកុងត្រា ៥ ឆ្នាំ ជាមួយនឹងគាត់ឲ្យក្លាយទៅជាតារាសម្តែង និងចម្រៀងនៅផលិតកម្ម Sastra Film តែម្តង»។
គួររំឭកដែរថា តារាចម្រៀងស្រីវ័យ ១៩ ឆ្នាំ ដែលមានស្រុកកំណើត នៅខេត្តបន្ទាយមានជ័យ កញ្ញា ឈាង សុវណ្ណាវី ក៏ជាអតីតបេក្ខនារីធ្លាប់បានចូលរួមប្រកួតប្រជែងក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol នៃរដូវកាលទី៣ នៅប៉ុស្តិ៍ទូរទស្សន៍ហង្សមាស កាលពីឆ្នាំ ២០១៨ ដែរ ដោយបានឈានដល់វគ្គផ្តាច់ព្រ័ត្រ៕