ភ្នំពេញ៖ ខណៈ​ពេល​ថ្មីៗ​នេះ ​​តារា​ចម្រៀង​ស្រី​រូប​កាន់​តែ​ស្រស់​ផូរផង់​ ​​រាង​តូច​ច្រឡឹង​​ កំពុង​តែ​​ជ្រក​​​ទ្រនំ​ផលិតកម្ម​​ហង្សមាស​ កញ្ញា​ ឈិន រតនៈ កាន់​តែ​​​ជោគជ័យ​​លើ​វិថី​សិល្បៈ ​និង​ទទួល​បាន​ប្រជាប្រិយភាព​ខ្លាំង​ ពី​ប្រិយមិត្ត​ជាមួយ​​នឹង​​​សំនៀង​​ធ្ងន់​ស្រទន់​ ស្រាប់​តែ​មក​​បង្ហោះ​​រូប​បែប​​​​ប្រៀប​ធៀប​​ពី​​អតីតកាល និង​​បច្ចុប្បន្ន​កាល​ ​របស់​​ខ្លួន​​មាន​អម​​សារ​​​យ៉ាង​ខ្លី​ថា​៖ «​អរគុណ​ សម្រាប់​​ការ​មើល​ងាយ!»​ ​ធ្វើ​ឲ្យ​ភ្ញាក់​ផ្អើល​ពី​មហាជន​​ចំពោះ​ការ​ទម្លាយ​សារ​ក្នុង​ចិត្ត​នោះ​។​​

ទោះជា​សារ​ខ្លី​មែន​ តែ​វា​មាន​ន័យ​ឆ្លុះ​បញ្ចាំង​ពី​អតីត​​​កាល​ដ៏​ជូរ​ចត់​របស់​តារា​ចម្រៀង​ស្រី​​កញ្ញា ឈិន រតនៈ បច្ចុប្បន្ន​​ វ័យ ២៤ ឆ្នាំ ដែល​​មាន​​-​ស្រុក​​​កំណើត​មក​​​ពី​ខេត្ត​កំពង់ចាម​ និង​​បាន​ផ្ទុះ​ការ​​គាំទ្រ​ខ្លាំង​ពី​មហាជន​ តាំង​ពី​នាង​បាន​​​បក​ស្រាយ​​នូវ​បទ​​ចម្រៀង​មាន​ចំណង​ជើង​ថា ​«SAXOPHONE បាត់​​ស្នេហ៍​»​ នៅ​ក្នុង​វគ្គ​ The Blind Audition Week1​ នា​ពេល​ចូលរួម​ប្រកួត​​​​​កម្មវិធី​​​ប្រឡង​​​ចម្រៀង​​​លំដាប់​ពិភព​លោក ​The Voice Cambodia រដូវកាល​ទី​២ ​របស់​​ទូរទស្សន៍​​ហង្សមាស​កាល​ពី​​ឆ្នាំ ​២០១៦​ និង​ជា​បេក្ខនារី​ប្រជែង​យក​ពាន​​វគ្គ​ផ្តាច់​ព្រ័ត្រ​ ​​ជាមួយ​នឹង​បេក្ខជន​​​ម្ចាស់​​ពាន​ នា​ពេល​នោះ​​ដែរ​ ​គឺ​តារា​ចម្រៀង​ប្រុស​ហង្សមាស​មាន​ស្រុក​​​​កំណើត​នៅ​ខេត្ត​​ត្បូងឃ្មុំ​​លោក​ ថែល ថៃ ខណៈ​នា​ពេល​បច្ចុប្បន្ន​អ្នក​​ទាំង ​២ ​នៅ​លើ​ទ្រនំ​តែ​​មួយ​។

ក្រោយ​ពី​បាន​ឃើញ​សារ​​នោះ​មក​ ក៏​មាន​អ្នក​គាំទ្រ​ជា​ច្រើន​​ចូល​​​​ទៅ​ Comment លួងលោម​​ និង​ជួយ​លើក​​ទឹក​ចិត្ត​ទៅ​ដល់ Idol របស់​ខ្លួន​​ឲ្យ​សប្បាយ​ចិត្ត​វិញ​មួយ​រំពេច​ថា៖ «ការ​មើល​ងាយ​ គឺ​ជា​កម្លាំង​ចិត្ដ​បងស្រី និង​ធ្វើ​ឲ្យ​យើង​កាន់​តែ​មាន​ភាព​រឹងមាំ​ តស៊ូ។

ការ​មើល​ងាយ​របស់​អ្នក​ដទៃ ​គឺ​ជា​​កម្លាំង​ចិត្ត​ធ្វើ​ឲ្យ​យើង​មាន​ថ្ងៃ​នេះ​ និង​កម្លាំង​ជំរុញ​​ទឹក​ចិត្ត​​​យើង ​ឲ្យ​ខំ​ប្រឹង​ទៅ​​មុខ​បន្ត​ទៀត​ ត្រូវ​​អរគុណ​​ចំពោះ​​​ការ​​​មើល​ងាយ ​Idol!​»។​

យ៉ាង​ណា​ភ្នំពេញ ​ប៉ុស្តិ៍ ​ក៏​មិន​អាច​ទទួល​​បាន​ការ​បញ្ជាក់​លម្អិត​ពី​សារ​ខ្លី​ខាង​លើ​ ដែល​មាន​ន័យ​ជ្រៅ​​​ពាក់ព័ន្ធ​នឹង​រឿង​អតីតកាល​​មុន​ឆ្លង​​មក​ដល់​ពន្លឺ​ជោគជ័យ​លើ​វិថី​សិល្បៈ​របស់​តារា​ចម្រៀង​ស្រី​ ​​មាន​ទឹក​ដម​សំនៀង​យ៉ាង​ពី​រោះ សឹង​តែ​ពេល​បាន​ចេញ​ចម្រៀង​​​រាល់​បទ​មិន​​ថា​ជា​បទ​មនោសញ្ចេតនា និង​បទ​ញាក់​កន្រ្តាក់​អារម្មណ៍​របស់​កញ្ញា ឈិន រតនៈ នោះ​ទេ ដោយសារ​ទូរស័ព្ទ​របស់​នាង​​មិន​អាច​ទំនាក់​ទំនង​បាន​ឡើយ​។

ដោយ​ឡែក ​នា​មួយរយៈ​ពេល​​ចុង​ក្រោយ​នេះ​ ​សង្កេត​ឃើញ​ថា​កញ្ញា ឈិន​ រតនៈ ​កាន់​តែ​មាន​ទីផ្សារ​នៅ​ក្នុង​វិស័យ​​​សិល្បៈ​ជាង​មុន​ ជា​ពិសេស​នោះ ​នាង​កាន់​តែ​មាន​ភាព​មមាញឹក​នឹង​​ការ​ច្រៀង​​នៅ​តាម​ប៉ុស្តិ៍​​ទូរទស្សន៍ និង​នៅ​តាម​កម្មវិធី​ប្រគំ​តន្រ្តី​នៅ​ខេត្ត​នានា​​ផង​។

ប្រសិន​បើ​​​ងាក​មក​​តាម​​ដាន​មើល​ពី​រូប​​សម្ផស្ស​របស់​កញ្ញា​វិញ​នោះ ​គឺ​ថា​តារា​ចម្រៀង​ស្រី​មាន​រូបរាង​តូច​​ច្រឡឹង​​ ដែល​កាន់​តែ​មាន​​​រូប​សម្រស់​ស្រស់​ស្អាត ហើយ​ថែម​​ទាំង​សម្បូរ​​ស្ទីល​ក្នុង​ការ​​តុបតែង​ខ្លួន​ក៏​កាន់​តែ​ស៊ី​វិល័យ​​ ឡូយឆាយ​ជាង​មុន គឺ​ផ្លាស់​ប្ដូរ​សឹង​តែ ១៨០ ដឺក្រេ​ទៅ​ហើយ​ផង​ដែរ៕