ភ្នំពេញ៖ ថ្មីៗ​នេះ​តារា​​​​សម្តែង​ និង​ចម្រៀង​ចូលចិត្ត​ច្រៀង ​Cover​ ​បទ​​​​ពី​​ដើម​​​​បង្ហោះ​​​តាម​ YouTube ​មាន​​រាង​​​​ស្រលូន​​ស្អាត​ កញ្ញា ឌី សូនិត្តា ស្រាប់​តែ​បង្ហើរ​សារ​ហួស​​ចិត្ត​​​មួយ​​ឃ្លា ដោយ​​​​ការ​ជាប់​មន្ទិល​​សង្ស័យ​ថា នាង​ចង់​បាន​​ប្តី​​គេ​ តែ​រឿង​រ៉ាវ​នោះ​​បាន​ស្ងប់​​​ទៅ​​វិញ​ហើយ​ ក្រោយ​​​ពី​ភាគី​ចោទ​ប្រកាន់​នាង​បាន​​សម្រួល​​បញ្ចប់​រឿង​ដោយ​សន្តិវិធី​មក​នោះ​។​​​

ព្រោះ​តែ​​​ត្រូវ​គេ​​ចោទ​ប្រកាន់​​ស្រស់ៗ​គ្មាន​ហេតុផល​ច្បាស់លាស់​ តែ​សាមី​ខ្លួន​នោះ​ក៏​បាន​ដឹង​​ខ្លួន​​ទាន់​ថែម​សុំទោស​​​ គួប​ផ្សំ​​តារា​​សម្តែង​​​​ ស្រី​ជា​ថៅ​កែ​​ហាង​សម្អាង​ការ និង​​ហាង​លក់​​ផលិតផល​សម្អាង​កាយ​ កញ្ញា ឌី សូនិត្តា ដែល​មហាជន​ភាគ​ច្រើន​ស្គាល់​នាង​តាមរយៈ​ការ​ថត​ស្ប៉ត​សម្តែង​រួម​គ្នាជា​តួ «Bro &Sis» ជាមួយ​នឹង​តារា​សម្តែង​ប្រុស​លោក អាឡិច ហ្សូរ៉ា នោះ ក៏​បាន​ព្រម​ត្រជាក់​​​ចិត្ត​បញ្ចប់​រឿង​ត្រឹម​នេះ​ផង​ដែរ​​។ តែ​ដោយ​ផ្ញើសារ​ខ្លះ​ដល់​​​​មនុស្ស​ដែល​ចូលចិត្ត​ម៉ៃ​មិន​ល្អ ឬ​សង្ស័យ​ខ្វះ​ការ​ពិចារណា​​​មក​លើ​រូប​នាង​ក្តី និង​អ្នក​សិល្បៈ​ផ្សេង​ទៀត​ក្តី​​ជា​ពិសេស​ សិល្បការិនី​មិន​ទាន់​មាន​គូ​តែ​ម្តង​រមែង​រង​ទង្វើ​មិន​សមរម្យ​នេះ ទើប​នាង​​បង្ហោះ​​សារ​សង្ខេប​សាច់​រឿង ដែល​បាន​កើត​​​មក​លើ​ខ្លួន​ ទុក​គ្រាន់​ជា​មេរៀន​តប​ឲ្យ​គេ​វិញ​​។

តារា​សម្តែង និង​ចម្រៀង​រាង​ស្រលូន​កញ្ញា ឌី សូនិត្តា​។ រូបថត ភ្នំពេញ ប៉ុស្តិ៍

ខណៈ​កញ្ញា ឌី សូនិត្តា ក៏​​សរសេរ​​ថា៖ «​យីអើ! គេ​ឆាត​មក​ទាំង​យប់​ម៉ង​វើយ! ​មុខ​ប៉ុន​អូន​កាដុង​ហ្នឹង​អី ចង់​បាន​ប្តី​គេ? ​ប្តី​កៀរ​ហ្នឹង​ជើង​​នៀក​ បើ​សម្រេច​ចិត្ត​ថា​យក​​មែន​​កាដុង​អើយ កាដុង ប៉ះ​ជាន់​ដាន​ចោរ​វើយ! ​ឯង​​​​​បង្អួត​ប្តី​វិញ​លូវ​ហ្នឹង! ​តែ​មិន​អី​ទេ​អា​អ្នក​ឆាត​មក​ហ្នឹង​!​ ​​យាយ​​ស្រួល​បួល​​ដែរ បើ​ខ្លាំង​​ដាក់​អី​មុន​ហ្នឹង​ហេសហេ កាដុង​មិន​​ទុក​ដែរ! ​ប្រុស​ៗ​ដែល​​​​មាន​ប្រពន្ធ​ ​​​បើ​ខ្លាច​​ប្រពន្ធ​យល់​ច្រឡំ​ ​​ពេល​ឆាត​​មក​​​ហើយ​​លុប​ចោល​ផង​ចាស! ព្រោះ​​​ប្រពន្ធ​​សម័យ​​ឥឡូវ​ ​ណា​មិន​គិត​រឿង​ឆាត​មាន​ន័យ​យ៉ាង​​ម៉េច​ទេ ​ឲ្យ​តែ​ឃើញ​​​ឆាត​មួយ​ស្រី ដឹង​តែ​ដំបង​ហើយ ​(បណ្តាំ​​កាដុង​​ណា​ចាស!)»។

យ៉ាង​ណា​ក៏​មិន​មាន​ការ​​​បញ្ជាក់​ឲ្យ​ច្បាស់​ថា ជា​អ្នក​ណា​ដែល​​​ចោទ​​នាង​ថា ចង់​បាន​ប្តី​គេ​នោះ​ទេ​ ដោយសារ​​​ខាង​​អ្នក​ចោទ​ប្រកាន់​​បាន​បន្ទន់​ឥរិយាបថ​ទាន់​ពេល​ទំនង​​ជា​ដឹង​​ខុស​នោះ ទើប​​នាង​មិន​ចង់​គាស់​កកាយ​ឲ្យ​វែង​ឆ្ងាយ ដោ​យ​​​​ស្រីស្រស់​កញ្ញា ​ឌី សូនិត្តា​ បំភ្លឺ​ថា៖ «​ព្រោះ​តែ​​គេ​និយាយ​ស្រួល​​ជាមួយ​ខ្ញុំ ហើយ​រឿង​នោះ​ជម្រះ​ក្តី​សៅហ្មង​រួច​ហើយ ទើប​ខ្ញុំ​​មិន​និយាយ​អ្វី​ទៀត ប្រសិន​និយាយ​ ​គឺ​វា​វែង​ឆ្ងាយ​ខ្លាំង​ណាស់​បង!។ ម្យ៉ាង​​ទៀត ប្រសិន​​បើ​​រឿង​នេះ ​គេ​មិន​មក​​សម្រួល​ដោយ​ស្រួល​នោះ​ទេ នាង​​​​ខ្ញុំ​ក៏​មិន​សុខ​​ចិត្ត​​ឲ្យ​ចប់​​​ត្រឹម​នេះ​ដែរ ហើយ​ស្រួល​មិន​ស្រួល​នាង​ខ្ញុំ​អាច​ Live​ ហ្វេសប៊ុក​បរិយាយ​ឲ្យ​ណា​ណី​ទៀត​ផង​ដែរ។​​ មិនមែន​​ត្រឹម​​តែ​បក​ស្រាយ​​​ជាមួយ​​នឹង​សារព័ត៌មាន​នោះ​ទេ​ ចំពោះ​រឿង​ត្រូវ​គេ​ចោទ​ខ្ញុំ​គ្មាន​​ហេតុផល​ដូច្នេះ​​»៕​