ភ្នំពេញៈ ក្រោយពី​រលក​ព័ត៌មាន​ពាក្យ​មហាជន​ចោទសួរ​គ្នា​យ៉ាង​ក្តៅ​គគុក​ថា តារា​សម្តែង និង​ពិធី​ការិនី មាន​ឈ្មោះ​ពិត អន រ៉ាស៊ី​សុមេត្តា ហៅ​កញ្ញា ណូ ម័រ មាន​កំលោះ​ពេទ្យ​ស្មោះ​ស្នេហ៍​លោក​គ្រូ​ពេទ្យ​យ៉េង តាម​សុំ​ក្តី​ស្នេហ៍​ជិត ១០ ឆ្នាំ មក​ហើយ តែ​នាង​ពុំ​ពេញ​ចិន្តា បាន​សាប​រលាប​បន្តិច​មក​នោះ ក៏​ស្រាប់​តែ​ធ្លាយ​ដំណឹង​ថ្មី​ថា នាង​កំពុង​មាន​ម្ចាស់​បេះដូង​ថ្មី​គួរ​ឲ្យ​ភ្ញាក់​ផ្អើល។

ដើមចម​បង្កើតបានជា​ព័ត៌មាន​បែកធ្លាយ​ថ្មី​របស់​តារា​សម្តែង​ស្រី ដែល​ទើប​ស្ងប់​ព័ត៌មាន​បែកធ្លាយ​រឿង​អាស្រូវ​ថា បង្កាត់​ភ្លើង​ស្នេហា​លួច​លាក់​ប៉ះចំ​ប្តី​គេ​តែ​ការ​ពិត​ជាការ​ថត​កុន​អប់រំ​នោះ បាន​បង្ហើរ​សារ​ជា​ភាសា​អង់គ្លេស ដែល​ប្រែជា​ភាសា​ខ្មែរ​ស្តែង​ចេញ​ពី​បេះដូង​សប្បាយ​ចិត្ត​ត្បិត​រក​ឃើញ​ម្ចាស់​ស្នេហ៍​ថ្មី​ថា៖ «ពេល​ណា​នារី​ម្នាក់​រក​ឃើញ​បុរស​ដ៏​ល្អ​ម្នាក់​សម្រាប់​បេះដូង​ខ្លួន​ហើយ គឺ​ងាយ​ចំណាំ​ទេ​ដោយ​អាច​មើល​ឃើញ​តាម​ទឹក​មុខ​របស់​នាង»។

បុប្ផា​វ័យ ២៥ ឆ្នាំ កញ្ញា ណូ ម័​រ ដែល​កំពុង​មមាញឹក​ការងារ​សិល្បៈ​ជា​ពិធី​ការិនី​នៅ​ទូរទស្សន៍ MyTV និង​ការងារ​សិល្បៈ​ជា​ពិធី​ការិនី​ក្នុង​ពិធី​ជប់​លៀង ឬ​អាហ្វ៊ែរ​នានា​នោះ ក៏​ល្បី​ថា នាង​មាន​កន្លង់​ចោម​រោម​សុំ​ស្នេហ៍​ច្រើន​ទៀត​ដែរ ក្រៅ​ពី​កំលោះ​ពេទ្យ​ស្មោះ​ស្នេហ៍​លោកគ្រូ​ពេទ្យ​យ៉េង ដែល​តាម​សុំ​ក្តី​ស្នេហ៍ ១០ ឆ្នាំ មក​តែ​នាង​នៅ​ពុំទាន់​បាន​បើក​បេះដូង​សម្រេច​ទទួល​យក។

កញ្ញា អន រ៉ាស៊ី​សុ​មេត្តា ហៅ ណូ ម័​រ ក៏​ប្រាប់​ភ្នំពេញប៉ុស្តិ៍​ពីសារ​នោះ​ថា៖ «អត់​ទេ​បង​!សារ​នោះ​គឺ​នាង​ខ្ញុំ​គ្រាន់​តែ​សរសេរ​លេង​ទេ មិន​បាន​មានន័យ​ថា មាន​ម្ចាស់​ចិត្ត​ថ្មី​អ្វី​នោះ​ឡើយ! ចំពោះ​រឿង​ស្នេហា​ហ្នឹង គឺ​ខ្ញុំ​នៅ​ពុំទាន់​ចង់​គិត​គូរ​ដដែល»។

ពិធី​ការិនី​រូប​ស្រស់​កញ្ញា ណូ ម័​រ បន្តថា៖ «ជាការ​ពិត​គឺ​មកពីថ្មីៗ​នេះ នាង​ខ្ញុំ​សប្បាយ​ចិត្ត​នឹង​ការ​បើក​អាជីវកម្ម​លក្ខណៈ​គ្រួសារ​ទទួល​បាន​ផ្លែផ្កា​គួរ​ជាទី​ពេញ​ចិត្ត ហើយ​ក៏មាន​អារម្មណ៍​ហោះ​ហើរ​រហូត​ដល់​សរសេរ​ជា​សារ​លេង​ទៅ ហើយ​ក៏មាន​បង​ប្អូន និង​មិត្តភក្តិ​ជា​ច្រើន​ច្រឡំ​ដូច​បង​ថា ខ្ញុំ​កំពុង​មាន​ស្នេហា​ថ្មី​អ៊ីចឹង​ដែរ​ហ្នឹង!»។

មានការ​ភ្ញាក់ផ្អើល​ពេញ​បណ្តាញ​សង្គម កាលពីដើមឆ្នាំ ២០១៨ នឹង​ការ​បែក​ធ្លាយ​នូវ​រឿង​អាស្រូវ​ថា តារា​សម្តែង និង​ពិធីការិនី កញ្ញា ណូ ម័រ កំពុង​តែ​មាន​ស្នេហា​លួច​លាក់​ដែល​ប៉ះ​ប្តី​គេ។

តែ​ផ្ទុយ​ពី​ការលើកឡើង​ដ៏​ពុះកញ្ជ្រោល​ថា បាន​ដណ្តើម​ប្តី​គេ​នោះ​កញ្ញា ណូ ម័​រ ដែល​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​តាំង​ពី​ឆ្នាំ ២០១៣ មក​នោះ ដែល​មហាជន​បាន​ស្គាល់​នាង​ច្រើន​តាមរយៈ​ការ​សម្តែង MV បទ​ចម្រៀង។

នាង ក៏​បកស្រាយ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា៖ «តាមពិត!នោះ​គឺជា​សកម្មភាព​ថត​វីដេអូ​ឃ្លី​ប​អប់រំ​បែប​សាក​ចិត្ត​មហាជន ដែល​នាង​ខ្ញុំ​ថត​ឲ្យ​បង តាំង គឺមសួ ដែល​តែង​ផលិត​វីដេអូ​ឃ្លីប​អប់រំ​ខ្លីៗ​កន្លង​មក​ប៉ុណ្ណោះ។ វីដេអូ​នេះ​ថត​ឡើង​ចង់​សាក​មើល​ចិត្ត​ថា តើ​មហាជន នៅ​ពេល​ពួក​គាត់​បាន​មើល​ឃើញ​រឿង​ពិត​បែប​នេះ កើត​ឡើង​ក្នុង​សង្គម​តើ​ពួក​គាត់​នឹង​យល់​ឃើញ​យ៉ាង​ណា​ដែរ​ទៅ?»៕