ភ្នំពេញ៖ ក្រោយ​ពី​​សម្រុក​ចេញ​បទ​ចម្រៀង​ជា​ហូរហែ​​ច្រើន​បទ សឹង​តែ​គ្មាន​ពេល​​សម្រាក​នោះ ស្រាប់​​តែ​ពេល​ថ្មីៗ​នេះ​ ផលិតកម្ម​​ហ្គាឡាក់​ស៊ីណាវ៉ាត្រា​ បង្ហើប​រឿង​ភ្ញាក់​ផ្អើល​មួយ​ ដែល​ជា​សមិទ្ធផល​​​ល្អ​​សម្រាប់​​​តារា​​ចម្រៀង​​ស្រី​​តូច​​ច្រឡឹង​​សំឡេង​ធ្ងន់​ កញ្ញា តន់ ចន្ទសីម៉ា​​ ដែល​មាន​​​ភាព​លេច​ធ្លោ​ខ្លាំង​​​​មិន​ធ្លាប់​​មាន​ក្នុង​​អាជីព​​សិល្បៈ​។​

នេះ​​បើ​តាម​​គេហទំព័រ​ផ្លូវ​ការ​​របស់​ផលិតកម្ម​បាន​បង្ហោះសារ​ដ៏​គួរ​ភ្ញាក់​ផ្អើល​ជា​ទិន្នន័យ​សរុប​ចំនួន​អ្នក​មើល​បទ​ចម្រៀង​​កញ្ញា តន់ ចន្ទសីម៉ា មាន​​ ៦៩ បទ ទាំង​ច្រៀង​ទោល និង​ច្រៀង​គូ​​នោះ​ថា​៖ «​តន់ ចន្ទសីម៉ា ​មាន​អ្នក​មើល​​សរុប​រហូត​ដល់​ទៅ ​៤៤១ លាន​ដង ពិត​​ជា​មិន​គួរ​ឱ្យ​ជឿ​ដែល​​​​តារា​ចម្រៀង​វ័យ​ក្មេង​ តន់ ចន្ទសីម៉ា ប្រើ​ពេល​​មិន​ដល់ ១ ឆ្នាំ អាច​បាន​លទ្ធផល​បែប​នេះ​ ភាព​ប្រែប្រួល​​នៃ​សិល្បៈ​​នៃ​ទសវត្សរ៍​ថ្មី​បាន​បញ្ជាក់​​​ឱ្យ​ឃើញ​ថា ប្រជាប្រិយភាព​​ពិត​របស់​តារា​ចម្រៀង​ ​គឺ​ស្ថិត​នៅ​​​​លើ​​សមត្ថភាព​ការ​តស៊ូ​ការ​​ព្យាយាម​ អត់ធ្មត់​ និង​អត្តចរិត​ល្អ​​​ក្នុង​​ការងារ។​​ តន់ ចន្ទសីម៉ា ស្ទើរ​តែ​គ្មាន​ពេល​​សម្រាប់​​​ខ្លួន​​ឯង​​ ​គឺ​បាន​ផ្ដល់​ឱ្យ​ការងារ​​ស្ទើរ​តែ​​​ទាំង​​ស្រុង​ ពិត​ជា​គួរ​ឱ្យ​ស្ងើច​សរសើរ​នឹង​​ការ​​​​ប្រឹងប្រែង​តស៊ូ​​​របស់​គាត់​​ណាស់។ ហើយ​លទ្ធផល​ដ៏​ល្អ​មួយ​នេះ ក៏​សូម​អរគុណ​ ជាពិសេស​​ដល់​បងប្អូន ពុកម៉ែ​​ មាមីង​ ដែល​គាំទ្រ​​ទាំង​អស់​ទូទាំង​​ប្រទេស​​កម្ពុជា​ ក៏​​ដូច​​ជា​​បងប្អូន​ខ្មែរ​នៅ​ក្រៅ​ស្រុក​ផង​ដែរ​។ ចំពោះ តន់ ចន្ទសីម៉ា ​ក៏​ដូច​ក្រុម​ការងារ​​របស់​ផលិតកម្ម Galaxy Navatra ទាំង​មូល​នឹង​ខិតខំ​បន្ត​ទៀត»​។

ថ្លែង​​​ពី​អារម្មណ៍​ត្រេកអរ​ពិតៗ​ចេញ​ពី​បេះដូង​ តន់ ចន្ទសីម៉ា ក៏​​​តប​​​សារ​ដឹង​គុណ​​​វិញ​ថា៖ «អរគុណ​ជា​ពិសេស​ ដល់​ពុក​​ម៉ែ បងប្អូន ដែល​គាំទ្រ​នាង​ខ្ញុំ​ទើប​មាន​​លទ្ធផល​នេះ​កើត​ឡើង​ ហើយ​ក៏​អរគុណ​​ដល់​ផលិតកម្ម​ Galaxy Navatra​ ព្រម​ទាំង​​ថ្នាក់​ដឹកនាំ និង​​​បុគ្គលិក​គ្រប់​ជាន់​ថ្នាក់​ ដែល​បាន​ខិតខំ​សម្រាប់​នាង​ខ្ញុំ​។ ខ្ញុំ​មាន​តែ​ម្រាម​ដៃ ១០ សំពះ​អរគុណ​ពុកម៉ែ បងប្អូន​ដែល​គាំទ្រ​នាង​​​ខ្ញុំ​ដោយ​ទឹក​ចិត្ត និង​បេះដូង​»។

គួរ​​រំឭក​ដែរ​ថា តន់ ចន្ទសីម៉ា តារា​ចម្រៀង​ស្រី​​វ័យ ២២ ឆ្នាំ ​មាន​ស្រុក​កំណើត​នៅ​ខេត្ត​តាកែវ កំពុង​តែ​ឡើង​កូដ​ខ្លាំង​តាំង​​​ដើម​ឆ្នាំ ២០២០ ពេល​ចូល​មក​ផលិតកម្ម​ហ្គាឡាក់ស៊ី ដោយ​បាន​ចេញ​​បទ​ចម្រៀង​ថ្មីៗ​ច្រើន​បន្ត​បន្ទាប់​ ខណៈ​បទ​នីមួយៗ​ ទាំង​ច្រៀង​ទោល និង​ច្រៀង​គូ​នោះ មិន​មាន​​បទ​ណា​​មាន​ចំនួន​អ្នក​មើល​តិច​ជាង ១ លាន​ដង​ ​(1 M) ឡើយ​។

ជាក់​ស្តែង​​​បទ ​«​ដណ្តឹង​អូន​ទៅ»​ ច្រៀង​ទោល​នោះ ស្រូប​បាន​​​​អ្នក​គាំទ្រ​​ដល់​ទៅ​ ៥.៦ លាន​ដង (5.6 ​M Viewer) ​ក្នុង​រយៈពេល​តែ​​​ជាង​ ៣ សប្តាហ៍​ និង​ចុង​ក្រោយ​បទ​នេះ ​មាន​ចំនួន​អ្នក​មើល​ដល់​ ២៨ លាន​ដង (28 M Viewer) នៅ​តាម​បណ្តាញ​​យូធូប៕​