ភ្នំពេញ៖ ខណៈ​តារា​ស្រី​មាន​វ័យ​ស្របាលៗ​គ្នា​​បាន​នាំ​គ្នា​សម្រុក​ចូល​រោង​​ជ័យ​ចុង​​ឆ្នាំ ​២០១៩ ​នេះ ​ជា​​បន្ត​​បន្ទាប់​​មក​នោះ ស្រាប់​តែ​​តារា​ស្រី​​​មុខ​ញញឹម​​​ ម៉ាក់ សែនសូនីតា ហៅ​ តូតា​ ​ក៏​បង្ហាញ​​​រូប​​​​​ Pre-Wedding ជាមួយ​គូស្នេហ៍​លោក ប៉ុល វិបូ​ ជា​ច្រើន​​សន្លឹក​ ដែល​​គ្រោង​នឹង​ដឹក​​ដៃ​ចូល​រោង​ជ័យ​​នៅ​ដើម​​ឆ្នាំ ​២០២០​ នេះ​​ហើយ​។​

ក្រោយ​ពី​ចំណង​ស្នេហ៍​​រវាង​​​​តារា​សម្តែង​ស្រី​ស្រស់​កញ្ញា​​ តូតា និង​ពាណិជ្ជករ​ខ្មែរ​​ទ្រព្យ​ស្តុក​​លោក ប៉ុល វិបូ ​បាន​​​​សុសសាយ​​ពេញ​ពិភព​នៃ​​សិល្បៈ​​តាមរយៈ​​ការ​ពួត​ដៃ​គ្នា​បើក​មុខ​ជំនួញ​​នានា​ដូចជា​អាហារដ្ឋាន​ឈ្មោះ​ ថា​ «​ផែ​សមុទ្រ​» នៅ​​ក្រុង​ភ្នំពេញ​​ ដំណើរការ​បាន​​​ច្រើន​សាខា​ហើយ​​បន្ត​សហការ​​បើក​​រីសត​ថ្មី​សន្លាង​​នៅ​​​ទឹក​ដី​ខេត្ត​កំពត និង​ខេត្ត​​កំពង់ស្ពឺ​ បង្ក​ការ​ភ្ញាក់​​ផ្អើល​​​ផ្ទួនៗ​ទៅ​ដល់​មហាជន​។​

ទោះបី​គេ​មិន​ទាន់​​​ដឹង​ច្បាស់​​ពាក់ព័ន្ធ​នឹង​រឿង​ថ្ងៃ​ពិត​ប្រាកដ​នៃ​ថ្ងៃ​ចូល​រោងជ័យ​​មង្គល​​​របស់​តារា​សម្តែង​​​​ស្រី​​កញ្ញា តូតា និង​ម្ចាស់​ស្នេហ៍​លោក ប៉ុល វិបូ ​នៅ​ឡើយ​​ក្រោម​ហេតុផល​សុំ​លាក់​ការណ៍​សិន​ តែ​​​​ថៅកែ​​ស្រី​វ័យ​ក្មេង​ជា​​តារា​​សម្តែង​វ័យ ​២៤ ​ឆ្នាំ​រូប​នេះ ក៏​បញ្ជាក់​​ការ​ពិត​នៃ​​ដំណឹង​រៀប​មង្គល​​ការ​ប្រពៃណី​​នៅ​ដើម​ឆ្នាំ ​២០២០ ​នេះ​។

កញ្ញា តូតា និង​ម្ចាស់​ចិត្ត​ត្រៀមចូល​រោង​កា​រ​​នៅ​ដើម​ឆ្នាំ​ ២០២០​​​។ រូបថត ហ្វេសប៊ក​

កញ្ញា តូតា គ្រាន់​តែ​​បង្ហើប​ត្រួសៗ​​ពេល​​សួរ​បញ្ជាក់​ពី​​រឿង​រៀបចំ​​​ថ្ងៃ​​ណា និង​​ផ្តល់​ជម្រើស​​​ ​២ ​គឺ​ The Premier Center Sen Sok ឬ​សណ្ឋាគារ​សុខា​ភ្នំពេញ​ ដែល​ជា​​ទីកន្លែង​សម្រាប់​រៀបចំ​ទទួល​​ភ្ញៀវ​​​នោះ​​​​ថា៖ «ចំពោះ​រូបថត​ Pre-Wedding ទាំង​​​នោះ​ ​គឺ​ជា​ការ​ពិត​​​មែន ខណៈ​​​​ដំណឹង​រៀបការ​របស់​ពួក​​​យើង​ក៏​ពិត​ដែរ​​ ដើម​ឆ្នាំ ​២០២០ ​នេះ តែ​​សុំ​លាក់​ទាំង​ថ្ងៃ​​ និង​ទីកន្លែង​​នោះ​សិន ដោយ​​ចង់​ឲ្យ​បង​​ប្អូន​​បន្ត​​ភ្ញាក់​ផ្អើល​​​បន្តិច​​ទៀត​​សិន​»។

គេ​ឃើញ​តារា​ស្រី​ល្បីៗ​ដូច​ជា​អ្នកនាង​​ ឱក សុគន្ធកញ្ញា និង​អ្នកនាង​ សួស វីសា បាន​អញ្ជើញ​ភ្ញៀវ​ចូលរួម​ពិធី​មង្គលការ​មាន​​​ច្រើន​រាប់​រយ​តុ​​នោះ តែ​​គម្រោង​អញ្ជើញ​ភ្ញៀវ​ថ្ងៃ​មង្គលការ​កញ្ញា តូតា វិញ​នាង​បាន​ព្រលយ​ឲ្យ​ដឹង​​​ថា៖ «ចំណែក​រឿង​ចំនួន​ភ្ញៀវ​វិញ​ ប្រហែល​ជា​ត្រូវ​រៀប​ត្រឹម​​ ៧០ តុ​តែ​ប៉ុណ្ណោះ ដោយ​អញ្ជើញ​ទាំង​ភ្ញៀវ​ជា​មិត្ត​អ្នក​សិល្បៈ និង​ក្រៅ​សិល្បៈ​។​​ ​ខ្ញុំ​​​មិន​​បាន​កំណត់​ថា ត្រូវ​អញ្ជើញ​អ្នក​សិល្បៈ​ប៉ុន្មាន និង​មិត្ត​ក្រៅ​ប៉ុន្មាន​នោះ​ឡើយ​​ គឺ​អញ្ជើញ​សរុប​​តែ​ម្តង​​​​»។​

គួរ​​រំឭក​ដែរ​ថា តារា​សម្តែង​ស្រី​​​មាន​បបូរ​មាត់​សិចស៊ី ម៉ាក់ សែនសូនីតា ហៅ​កញ្ញា​​ តូតា ក្រោយ​ពី​បាន​បង្កាត់​ភ្លើង​ស្នេហ៍​ជាមួយ​នឹង​លោក ប៉ុល វិបូ ជា​​ថៅកែ​ផលិតកម្ម​អង្គរភិចឈ័រ​ និង​បាន​ដាក់​ទុន​រក​ស៊ី​​រួមគ្នា​ដំបូង​លើ​មុខ​របរ​​​នៃ​អាជីវកម្ម​ក្រោម​​​យីហោមួយ​ថា​ «​ផែសមុទ្រ​»​ ដែល​​​ពង្រីក​​សាខា​​បន្តបន្ទាប់​ លក្ខណៈ​លក់ franchise មិន​​ទាន់​អស់​ចំហាយ​​ល្បី​ផង ក៏​ស្រាប់​តែ​​តារា​ស្រី​រូប​នេះ ​បន្ត​មក​ផុលផុស​នឹង​រឿង​​​បើក​រីសត​​ទៀត​​ មាន​ទីតាំង​ស្ថិត​នៅ​​​ភូមិ​តាដិប សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត ខេត្ត​កំពត។​

លោក ប៉ុល វិបូ​​ ក៏​ធ្លាប់​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ឲ្យ​ដឹង​​នា​ពេល​កន្លង​មក​ដែរ​​ថា​៖ «​តាម​ពិត​ទៅ ​ទី​នេះ​គឺ​​គ្រាន់​តែ​ជា​​ការ​ចាប់​ផ្តើម​បើក​នូវ​ការដ្ឋាន​រៀបចំ​ប្រែក្លាយ​ឲ្យ​ទៅ​ជា​រីសត​តែ​ប៉ុណ្ណោះ យើង​មិន​ទាន់​បាន​រួចរាល់​មួយ​រយភាគ​រយ​នោះ​ទេ​។ ផ្ទៃ​ដី​នៃ​តំបន់​រីសត​នេះ ​មាន​ទំហំ​ចំនួន ៤ ហិកតា ដោយសារ​វា​មាន​ទីតាំង​ល្អ​ ស្ថិត​នៅ​​ភូមិ​តាដិប​ សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត ជាប់​ដង​ព្រែក​ ហើយ​ក៏​អាច​ជា​ទីកន្លែង​សម្រាប់​បោះតង់​លេង​កម្សាន្ត​​​នានា​​បាន​។​ ហើយ​នេះ​ ក៏​ជា​ការ​ដាក់​ភាគ​ហ៊ុន​​រួម​គ្នា​រវាង​ខ្ញុំ​បាទ និង​កញ្ញា តូតា ​បន្ថែម​​ផង​ដែរ​»​៕​