ភ្នំពេញ៖ អតីត​ជា​បេក្ខនារី​​​​ប្រកួត​​ឈាន​ដល់​វគ្គ Live Show សប្តាហ៍ទី​៧ ​​នៃ​កម្មវិធី​ X Factor Cambodia រដូវកាល​ទី​១ នៅ​​​ហង្សមាស កញ្ញា ថាន់ នឿថង​ នឹង​ក្លាយជា​​ដៃគូ​​​ច្រៀង​ឆ្លើយ​ឆ្លង​ជាមួយ​​​នឹង​តារា​ចម្រៀង​ប្រុស​ទើប​តែ​​​​លេច​​មុខ​សាជាថ្មី​លោក ប៊ុត សីហា នៅ​​រួម​ទ្រនំ​ផលិត​កម្ម​ Life Production។​​

កញ្ញា ថាន់ នឿថង​ នឹង​មាន​ទ្រនំ​ផលិតកម្ម​​ជ្រកកោន ​ដូចតារា​ចម្រៀង​ផ្សេងៗ​ សម្រាប់​លំនឹង​​​លើ​​វិថី​សិល្បៈ​ ខណៈ​កញ្ញា​ជា​តារា​ចម្រៀង​​​ស្រី​វ័យ​ក្មេង​ ដែល​​មហាជន​ចាប់​អារម្មណ៍​ និង​ទទួល​​ស្គាល់​អំពី​ទឹក​ដម​សំនៀង​រួច​មក​ហើយ​ ​នា​ពេល​​​​ប្រឡង​ចម្រៀង​លំដាប់​ពិភព​លោក ​គឺ​កម្មវិធី​ X Factor Cambodia រដូវ​កាល​ទី​១ កាល​​ពី​​ឆ្នាំ​ ​២០១៩ ​កន្លង​មក​។​​

ស្រីស្រស់​ទើប​មាន​វ័យ​ ១៨ ឆ្នាំ មាន​ស្រុក​កំណើត​ពី​ស្រុក​ភ្នំព្រឹក ខេត្ត​បាត់ដំបង​ កញ្ញា ថាន់ នឿថង បង្ហើប​​​ពី​អារម្មណ៍​​ផ្ទាល់​ខ្លួន​ ក្រោយ​​ពី​​បាន​ចូល​​ផលិតកម្ម​ Life Production រួម​ជាមួយ​នឹង​តារា​ចម្រៀង​រៀម​​ច្បង​លោក​ ប៊ុត សីហា នោះ​ថា៖ «សប្បាយ​ចិត្ត​ខ្លាំង ដោយ​ខ្លួន​អាច​​​មាន​ទ្រនំ​ច្បាស់លាស់​នឹង​គេ​ សម្រាប់​វិថី​សិល្បៈ​ ហើយ​នាង​ខ្ញុំ​បាន​ចុះ​កិច្ច​សន្យា​រយៈពេល ​១ ឆ្នាំ​ជាមួយ​ផលិតកម្ម​»។

គួរ​ឱ្យ​កត់​សម្គាល់​នោះ កញ្ញា ថាន់ នឿថង ក៏​ធ្លាប់​​ទទួល​បាន​នូវ​ការ​គាំទ្រ​ខ្លាំង​ នាពេល​បក​ស្រាយ​​​​​ចម្រៀង​មនោសញ្ចេតនា​យ៉ាង​ក្រអួនក្រអៅ​​មាន​ចំណង​ជើង​ថា «វិហារ​សួគ៌​ជ័យ» ​ក្នុង​កម្មវិធី​ចម្រៀង​គ្រួសារ​ខ្មែរ​កន្លង​មក​​​។

កញ្ញា ថាន់ នឿថង ក្លាយជា​តារា​ចម្រៀង​ស្រី​ផលិតកម្ម​ថ្មី Life Production។ រូ​បថត ហ្វេសប៊ុក

កញ្ញា ថាន់ នឿថង ​បន្ត​ឱ្យ​ដឹង​ពី​សមត្ថភាព​ច្រៀង​របស់​ខ្លួន​ ចំពោះ​ការ​​ចូល​ក្នុង​​​វិស័យ​​សិល្បៈ​នេះ​​​​ថា​៖​ «​នាង​ខ្ញុំ​​អាច​បត់​បែន ​ទៅ​តាម​ប្រភេទ​នានា​បាន​ ពោល​គឺ​អាច​ច្រៀង​បាន​ទាំង​បែប​បទ​មនោសញ្ចេតនា​ផង និង​ទាំង​​​បទ​បែប​​ញាក់​កន្ត្រាក់​​​អារម្មណ៍​ក៏​បាន​​ដែរ»​​។ ​

បើ​តាម​លោក ឈួន ​សុខលីម ជា​នាយក​​​​គ្រប់គ្រង​​​​ផលិតកម្ម​ Life​ Production ​ក៏​បាន​​បង្ហើប​ឱ្យ​​ដឹង​អំពី​​​លក្ខណ​សម្បត្តិ​​​របស់​តារា​​​​ចម្រៀង​​ស្រី​រលក​​ក្រោយ តែ​មាន​ទេពកោសល្យ​ខ្ពស់​នោះ​ផង​ដែរ​​​ថា​៖ «​​​ផលិតកម្ម​យើង​បាន​​​​សម្រេច​​ចិត្ត​​​ជ្រើសរើស​កញ្ញា​ នឿថង មក​ច្រៀង​ជាមួយ​នឹង​ការ​ចុះ​​កុងត្រា​​រយៈពេល ​១ ឆ្នាំ ដោយសារ​យើង​មើល​ឃើញ​នូវ​​​​ចំណុច​​ពិសេស​​​​របស់​​​គាត់​​​មួយ​​​ចំនួន​។ កញ្ញា ថាន់ នឿ​ថង គាត់​មាន​ទឹក​ដម​សំនៀង​ល្អ ដែល​កម្រ​រក​​បាន​​ ជា​ពិសេស​​នោះ សំឡេង​របស់​គាត់​គឺ​​អាច​ចាប់​ដៃគូ​​ជាមួយ​នឹង​លោក​ ប៊ុត សីហា ​បាន​​យ៉ាង​សមសួន។ លើស​ពី​នេះ គាត់​គឺ​ជា​តារា​​​ចម្រៀង​ដែល​​មិន​បាន​​ជាប់​ពាក់ព័ន្ធ​នឹង​​ផលិតកម្ម​ផ្សេងៗ​ផង​ដែរ​»។​​

គួរ​បញ្ជាក់​ផង​ដែរ​ថា Life Production​ គឺ​ជា​ផលិតកម្ម​មួយ ដែល​តែងតែ​ទទួល​យក​ក្រុម​​តារា​ចម្រៀង​ប្រុស​ស្រី​រលក​ក្រោយ​ដែល​មាន​ទេពកោសល្យ​សិល្បៈ និង​មិន​ទាន់​មាន​ជម្រក​​ជ្រកកោន​នៅ​ឡើយ ហើយ​អ្វី​ដែល​កាន់​តែ​ពិសេស​​នោះ​គឺ ផលិតកម្ម​រមែង​​ប្រមើល​មើល​ចាំ​​ត្រង​យក​​តារា​ចម្រៀង​​ ដែល​ប្រឡង​​​ធ្លាក់​កម្មវិធី​ប្រកួត​ប្រជែង​នានា ខណៈ​តួយ៉ាង​កម្មវិធី​ប្រឡង​ប្រជែង​​នៅ​ឯ​ទូរទស្សន៍​ហង្សមាស​នា​ពេល​កន្លង​មក ​មាន​ដូច​ជា​​​​កម្មវិធី ​The Voice Cambodia កម្មវិធី ​Cambodian Idol និង​កម្មវិធី X-Factor Cambodia ​ជា​​ដើម​៕