ភ្នំពេញ៖ ដោយសារឧស្សាហ៍ឃើញបណ្តើរសង្សារអាមេរិករូបសង្ហា ចូវ៉ានី អេនតូនីញ៉ូ ទៅចូលរួមក្នុងកម្មវិធីផ្លូវការ ឬកម្មវិធីសង្គមនានា ដោយបើកចំហ និងមានរយៈពេលយូរក្រែលនោះ ទើបនាពេលថ្មីៗនេះ ស្រាប់តែតារាសម្តែងស្រី និងម៉ូដែលរូបស្រស់ រាងស្ល៊ីម កញ្ញា ទឹម រដ្ឋា ហាក់សម្តែងនូវភាពជម្រេញខ្លាំនឹងសំណួរជជីកសួរនាំពីរឿងសម្ព័ន្ធស្នេហ៍នាង ជាមួយបុរសជាតិអាមេរិក ដែលនៅមិនទាន់កំណត់វេលាចូលរោងការនៅឡើយ។
ប្រហែលទ្រាំលែងបានហើយមើលទៅ ទើបតារាសម្តែងសិចស៊ី ឬស៊ីវិល័យកញ្ញា ទឹម រដ្ឋា បន្លឺជាសារតបវិញភ្លាមៗ ទៅនឹងអ្នកតាមសួរនាំរឿងនាងដូច្នេះថា៖ «មានសំណួរជាច្រើន ហើយក៏ជាសំណួរដដែលៗ ដែលសួរមកកាន់ពួកយើងទាំង ២។ ចម្លើយគឺសូមរង់ចាំទស្សនាភាគបន្ត អរគុណសម្រាប់ការស្រឡាញ់ និងគាំទ្រ ខ្វល់ខ្វាយមកកាន់យើងទាំង ២ តាំងពីដើមរហូតដល់ឥឡូវ»។
ទោះជាយ៉ាងណាក្តី បើតាមការតាមដានពីសម្ព័ន្ធស្នេហ៍ តារាសម្តែងស្រីមានរាងស្ល៊ីម ដែលមហាជនបានឲ្យរហស្សនាមនាងថាជាតារាស្រីស្វាក់ស្នេហ៍ ច្រើនតែជាកន្លង់បរទេសកញ្ញា ទឹម រដ្ឋា និងម្ចាស់ស្នេហ៍ថ្មី ជនជាតិអាមេរិក ដែលជាស្ថាបនិកនៃក្រុមហ៊ុនអចលនទ្រព្យមួយគឺលោក ចូវ៉ានី អេនតូនីញ៉ូ ពិតជាមានភាពស៊ីចង្វាក់គ្នា និងបង្កើតភាពផ្អែមល្ហែមមានរយៈពេលរាងយូរក្រែលជាងគេមែន បើប្រៀបធៀបនឹងចំណងស្នេហ៍រវាងនាង ជាមួយអតីតសង្សារជាជនជាតិប៉ាគីស្ថាន និងប្រេស៊ីល កន្លងមកនោះ។
ជាក់ស្តែងតាមរយៈរូបថត ១ សន្លឹកដឹកដៃគ្នាយ៉ាងសប្បាយចិត្តនាពេលដើរកម្សាន្តថ្មីៗ រវាងតារាសម្តែងស្រីរាងស្ល៊ីម មានរាសីឡើងកូដខ្លាំងចុងឆ្នាំនេះ ក្នុងការចាប់បានឱកាសថតកុន កញ្ញា ទឹម រដ្ឋា និងសង្សារជាជនជាតិអាមេរិកល្បី ក្នុងវិស័យអចលនទ្រព្យនោះ គ្រាន់តែបានបង្ហោះ និងសរសេរថា៖ «សាកធ្វើទៅកាន់ដៃមនុស្សដែលអ្នកស្រឡាញ់ក្នុងពេលមានអាកាសធាតុត្រជាក់បែបនេះ ស្រមៃមើល៍ទៅថា អូននឹងមានអារម្មណ៍យ៉ាងម៉េចដែរ?»។ ភ្លាមក៏បង្កការភ្ញាក់ផ្អើលពីសំណាក់អ្នកគាំទ្រនាងភ្លែតតែម្តង។ រំពេចនោះក៏ឃើញមានប្រិយមិត្ត ដែលនិយមគាំទ្រស្រឡាញ់ បានបង្ហើរសារតបវិញថា៖ «ដូចជាមានអារម្មណ៍ថា កក់ក្តៅ និងមានក្តីសុខបំផុត ពិតជាចង់ឃើញបងស្រី រៀបការជាមួយគ្នាឆាប់ៗនេះខ្លាំងណាស់»។
ដោយឡែករឿងពេលវេលារៀបការ នៅពេលណានោះ កញ្ញា ទឹម រដ្ឋា ក៏ធ្លាប់បង្ហើបប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ដែរថា៖ «សម្រាប់រឿងរៀបការ នាងខ្ញុំមិនទាន់បរិយាយយ៉ាងណានោះទេ តែសុំទុកពេលវេលាមួយរយៈទៀតសិន ដើម្បីស្វែងយល់ចិត្តគ្នា។ នាងខ្ញុំក៏សុំមិនទាន់កំណត់ថា នៅពេលណា នឹងត្រូវដល់ពេលត្រូវចាត់ចែងរឿងនោះ ព្រោះថា ពេលវេលាទៅថ្ងៃខាងមុខនោះ យើងពិតជាមើលមិនឃើញដែរ»៕