ភ្នំពេញៈ មួយរយៈចុងក្រោយនេះ ក្រៅពីសង្កេតឃើញថា តារាចម្រៀងស្រីជ្រកក្រោមទ្រនំហង្សមាសកញ្ញា ទេព បូព្រឹក្ស ពូកែខាងចាក់ក្បាច់រាំរស់រវើក និងតែងកាយប្លែកៗបត់បែនទៅតាមទម្រង់នៃសិល្បៈសម័យទំនើបថ្មីនោះ មហាជនក៏សម្គាល់ដែរថា នាងក៏កំពុងតែបំប្លែងរាងកាយឲ្យស្រស់ឆើតឆាយ និងសិចស៊ីខុសប្លែកពីមុនខ្លាំងតែម្តង ក្រោយពីបើកហាងលក់គ្រឿងរក្សាសម្រស់ឈ្មោះ DIT-WAY មកនោះ។
កាលមុននេះបន្តិច រឿងពិតនៃដើមចមដែលនាំឲ្យកញ្ញា ទេព បូព្រឹក្ស ខឹងសម្បាខ្លាំងរហូតចង់ប្តឹងផ្តល់ និងជាចុងក្រោយបានលើកលែងទោសឲ្យបុរសម្នាក់ដោយសារបានសុំទោសនាង និងមានសំណូមពរពីប្រិយមិត្ត ខណៈបុរសនេះបានចូលទៅ Comment តារាចម្រៀងស្រី ជ្រកក្រោមទ្រនំហង្សមាស កញ្ញា ទេព បូព្រឹក្ស ត្រូវបានបុរសម្នាក់សួរត្រង់ៗថា «លក់ខ្លួនមែនបង ថ្លៃអត់ហ្នឹង?» តាមរយៈរូបភាពពាក់អាវខ្សែតូចចំហក បង្ហាញភាពសិចស៊ីចំហល្វែងលើរបស់នាង។
លើកនេះ ក្រៅពីមានអ្នកចូលទៅចុច Like និងComment សរសើរពីរូបសម្ផស្សរបស់នាងថា ស្អាត និង Cute ក៏មានលេចចេញពាក្យសម្តីបែបឆ្ងល់ថា៖ «អីយ៉ា!ទេព បូព្រឹក្ស ឥឡូវនេះប្រែប្រួលខ្លាំងណាស់ មុខមាត់ខុសប្លែកពីមុនមើលសឹងតែមិនស្គាល់ តើ នាងកំពុងតែកែសម្ផស្សឬ?» និងមានអ្នកខ្លះទៀតថា៖ «រូបរាងកាយបច្ចុប្បន្នរបស់កញ្ញា ទេព បូព្រឹក្ស មើលទៅដូចជាតុក្កតាជ័រ អ៊ីចឹង គឺគួរឲ្យស្រឡាញ់ណាស់ ហើយមើលទៅកាន់តែដូចនាង CL របស់កូរ៉េហើយ!»។
យ៉ាងណាចំពោះស្ថានភាពប្រែប្រួលនៃរូបរាងកាយស្រស់ស្អាត ឆើតឆាយបែបធម្មជាតិ ឬក៏មានការកែសម្ផស្សមែន ភ្នំពេញប៉ុស្តិ៍មិនបានសួរតារាចម្រៀងស្រីជ្រកក្រោមទ្រនំហង្សមាស ដែលទទួលបានងារជាតំណាងទូតសុច្ឆន្ទៈរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងមេរោគអេដស៍ និងជំងឺអេដស៍ ជាមួយនឹងកំពូលតារាចម្រៀងប្រុសលោក ខេមរៈ សិរីមន្ត នោះឡើយ ដោយនាងបានលើកទូរស័ព្ទឆ្លើយយ៉ាងខ្លីពេលមានវត្តមាននៅប្រទេសថៃថា៖ «សុំទោសផងបង!ពេលនេះនាងខ្ញុំមិនអាចឆ្លើយរឿងអ្វីជាមួយបានទេ!ចាំ ២-៣ ថ្ងៃទៀតទើបអាចឆ្លើយបាន ពេលខ្ញុំទៅស្រុកខ្មែរវិញសិន ដោយសារពេលនេះខ្ញុំកំពុងនៅប្រទេសថៃ» ហើយក៏បិទទូរស័ព្ទភ្លាមតែម្តង។
ជម្រះមន្ទិលរឿងកែដើមទ្រូងកន្លងមកនោះកញ្ញា ទេព បូព្រឹក្ស ក៏ធ្លាប់ បានបញ្ជាក់ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ដែរពាក់ព័ន្ធនឹងចម្ងល់ដែលមាន ខាង បងប្អូនជាអ្នកគាំទ្រជជីកសួរនាងរឿងលួចទៅកែដើមទ្រូងមុននោះថា៖ «មិនបានកែទេ។ បើខ្ញុំរវល់នឹងការងារសិល្បៈច្រើនម្លឹងៗ មានពេលណាធ្វើរឿងនេះបង!»៕