ភ្នំពេញៈ ខណៈ​តារាចម្រៀង​ប្រុស​រាង​ខ្ពស់ស្រឡះ ដែល​ចេះ​និពន្ធ​ទាំង​ទំនុក​ច្រៀង និង​ទំនុក​ភ្លេង​លោក ងួន ចាន់​ដេវីត ហៅ G-Devith បាន​ប្រកាស​លា​ឈប់​ពី​ទ្រនំ​ហង្សមាស នៅ​មិន​ទាន់​អស់​ចម្ងល់​មហាជន​ផង​នោះ ក៏​ស្រាប់​តែ​លេច​ឮ​រហៀងៗ​ថា ដៃគូ​ចម្រៀង​ស្រី​ពូកែ​ខាង​ចាក់​ក្បាច់​រាំ​គឺ​កញ្ញា ទេព បូព្រឹក្ស ក៏​ទំនង​ជា​លា​ឈប់​ពី​ទ្រនំ​ហង្សមាស​ម្នាក់​ទៀត​ដែរ។

នេះ​បើតាម​សារ​មួយ​ឃ្លា​ដែល​តារាចម្រៀង​ស្រី​ជ្រក​ក្រោម​ទ្រនំ​ហង្ស​មាស កញ្ញា ទេព បូ​ព្រឹក្ស បង្ហើរ​ថា៖ «ហើយ​ពួក​យើង ក៏​នឹង​មាន​អ្វី​ថ្មី​ប្លែក​ឆាប់ៗ​នេះ! okay let go my red boy» បាន​បង្ក​ការ​ភ្ញាក់ផ្អើល​មួយ​រឿង​ទៀត ដែល​នេះ​ក៏​ទំនង​ជា​ត្រូវ​បាត់​មុខ​តារា​ចម្រៀង​ជើង​ខ្លាំង ២ រូប​បន្ថែម​របស់​ផលិតកម្ម​ហង្សមាស​ផង​ដែរ។

តែ​យ៉ាងណា​ពុំទាន់​ច្បាស់​នៅឡើយ​ទេ​ចំពោះ​រឿង​តារាចម្រៀង​ស្រី ដែល​មហាជន​កត់សម្គាល់​ថ្មីៗ​នេះ​ថា នាង​កំពុង​តែ​បំប្លែង​រាងកាយ​ឲ្យ​ស្រស់​ឆើត​ឆាយ និង​សិច​ស៊ី​ខុស​ប្លែក​ជាង​មុន​ខ្លាំង​ជាមួយ​នឹង​ការ​កែ​សម្ផស្ស ដ្បិត​តែ​នាង​នៅ​មាន​វត្តមាន​ជា​តារា​ចម្រៀង​សម្រាប់​ការ​ប្រគំ​តន្ត្រី​របស់​ហង្សមាស នៅ​ឡើយ​ដែរ គឺ​កម្មវិធី Vivo Music Run Glow Concert កាល​ពី​ចុង​សប្តាហ៍​កន្លង​មក​នេះ។

លើសពីនេះ ភ្នំពេញ​ប៉ុស្តិ៍​ក៏​ពុំ​ទទួលបានការ​បកស្រាយ​ច្បាស់លាស់​ពី​រឿង​លាឈប់​ពី​ទ្រនំ​ហង្សមាស​ទៅ​តាម​លោក ងួន ចាន់​ដេវីត ដែរ ឬ​នៅ​បន្ត​នោះ​ទេ គឺ មិន​ត្រូវ​បាន​កញ្ញា ទេព បូព្រឹក្ស បំភ្លឺ​ឡើយ ដោយ​ប្រព័ន្ធ​ទូរស័ព្ទ​របស់​នាង​មិន​អាច​ទំនាក់​ទំនង​បាន ក្រោយ​ពី​នាង​បាន​លើក​មួយ​ភ្លែត ហើយ​ក៏បាន​ឆ្លើយ​ទាំង​សម្តី​បែប​នៅ​ងងុយ​ដេក កាល​ពី​ពេល​ថ្ងៃ​ត្រង់​ម៉ោង ១២ ថា៖ «សុំទោស​ផង​បង!​ចាំ​ម៉ោង ២ ចាំ​ទូរស័ព្ទ​មក​ម្តង​ទៀត​បាន​ទេ​ព្រោះ​ថា ពេល​នេះ នាង​សុំ​ពេល​គេង​សិន» ក្រោយ​ពី​ឮ​ពាក្យ​សួរនាំ​រឿង​ដែល​ល្បី​ថា​នាង​ក៏ត្រូវ​លា​ឈប់​ពី​ហង្សមាស​ដែរ​មក​នោះ។

គួរ​បញ្ជាក់ថា តារាចម្រៀង ១ គូ​ដែលជា​សំណព្វចិត្ត​យុវវ័យ​សម័យ​ក្រោយ ទើបតែ​បាន​ចាប់​ដៃគូ​ចម្រៀង​ជាមួយ​នឹង​គ្នា​ប្រមាណ​ជិត ២ ឆ្នាំ​តែ​ប៉ុណ្ណោះ ហើយ​ប្រិយមិត្ត​គាំទ្រ​អ្នក​ទាំង ២ ក៏បាន​ប្រដូច​ពួកគេ​ទៅ​នឹង​តារា​ចម្រៀង​គូ​របស់​កូរ៉េខាងត្បូង​ដែរ គឺ​កញ្ញា CL និង​លោក G-Dragon ខណៈ​នាង ទេព បូព្រឹក្ស ត្រូវ​មហាជន​ខ្មែរ​ហៅថា នាង CL ខ្មែរ ហើយ​លោក G-Devith ហៅ G-Dragon ខ្មែរ នោះ​ឯង។

ថ្មីៗនេះ​ក៏បង្ក​ការភ្ញាក់ផ្អើល​សាជាថ្មី​ផងដែរ​ពី​សម្ព័ន្ធភាព​ពួកគេ​ទាំង ២ ក្រោយពី​លោក ងួន ចាន់​ដេវីត បាន​ប្រកាស​លា​ឈប់​ពី​ផលិតកម្ម​ហង្សមាស នោះ ក៏​ឃើញ​កញ្ញា ទេព បូព្រឹក្ស សរសេរ​ផ្អែម​ល្ហែម​អម​ដោយ​រូប​ថត​កៀក​កើយ​ដូច​គូស្នេហ៍​នឹង​គ្នា​មាន​ច្រើន​សន្លឹក​នោះ​ថា៖ « ២ ឆ្នាំ ហើយ​ក៏​រហូត​ទៅ​ដែរ! ២ ឆ្នាំ​នេះ​គឺ​បុរស​ម្នាក់​នេះ​មាន​តែ​ការ​អត់​ឱន អត់​ធ្មត់ និង​ការ​គោរព​ក្រុម​គ្រួសារ​ខ្ញុំ លើក​ទឹក​ចិត្ត កម្លាំង​ចិត្ត ទោះបី​ជាផ្លូវ​ដែល​ដើរ​នេះ​វា​ពិបាក​យ៉ាង​ណា​ក៏ដោយ ក៏​គាត់​ថា​មិន​លំបាក​ទេ យើង​ត្រូវ​រឹងមាំ​កាន់​ដៃ​គ្នា​ឲ្យ​ជាប់​កុំ​លែង មិន​មែន ១ ថ្ងៃ ២ ថ្ងៃ ឬ ៣ ថ្ងៃ​ទេ​គឺ​រហូត ដែល​ពួក​យើង​ត្រូវ​ដើរ​ជាមួយ​គ្នា G-Devith!» ៕