ភ្នំពេញ៖ គ្រាន់តែដូរទ្រនំថ្មីភ្លាម នៅដើមឆ្នាំ ២០២០ តារាចម្រៀងស្រីរាងល្អិត សំឡេងធ្ងន់ កញ្ញា បាន មុន្នីល័ក្ខ ក្តាប់ឱកាសបន្ថែមនៅលើវិថីសិល្បៈ ខណៈថ្មីៗនេះ ផលិតកម្មថោន បានជ្រើសជាតួឯកស្រីនៅក្នុងកុនភាគរឿង «ព្រហ្មលិខិតដុះស្លាប» ខណៈតួប្រុស គឺតារាចម្រៀងលោក ម៉ៅ ហាជី។
ក្រៅពីវត្តមានតួឯកប្រុសស្រី ម៉ៅ ហាជី និងកញ្ញា បាន មុន្នីល័ក្ខ ក៏មានក្រុមតារាចម្រៀងប្រុសស្រីផ្សេងៗទៀត លេចវត្តមានក្នុងពិធីក្រុងពាលីកុនភាគថ្មីរឿង «ព្រហ្មលិខិតដុះស្លាប» កាលពីថ្ងៃទី ១៣ ខែ មករា ឆ្នាំ ២០២០ កន្លងមកផងដែរ។
គួររំឭកដែរថា កញ្ញា បាន មុន្នីល័ក្ខ បានចេញពីផលិតកម្ម WeProduction ដែលជាបុត្រសម្ព័ន្ធផលិតកម្មហង្សមាស មកចូលនៅទ្រនំថ្មីថោន មិនទាន់បានប៉ុន្មានខែផង ក៏ស្រូបប្រជាប្រិយភាពខ្លាំង និងទទួលឱកាសល្អក្លាយជាតួឯកស្រីក្នុងកុនភាគភ្លាមនៅដើមឆ្នាំថ្មីនេះ។
កញ្ញា បាន មុន្នីល័ក្ខ ប្រាប់ភ្នំពេញប៉ុស្តិ៍យ៉ាងខ្លីដោយសាររវល់ការចាប់ផ្តើមថតកុននោះថា៖ «នាងខ្ញុំពិតជា ទទួលបានដំណែងជាតួឯកមែន សម្រាប់កុនភាគរឿង «ព្រហ្មលិខិតដុះស្លាប» តែរឿងនេះ មិនមែនមានន័យថា នាងខ្ញុំទើបចាប់ផ្តើមថតកុន នាពេលនេះនោះទេ គឺថានាងខ្ញុំធ្លាប់ថតកុនភាគដំបូងកាលពីបួនប្រាំឆ្នាំមុន រួចមកហើយដែរ។ នាងខ្ញុំអធ្យាស្រ័យផងពេលនេះខ្ញុំរវល់ថត»។
តារាចម្រៀងប្រុសលោក ម៉ៅ ហាជី និងកញ្ញា បាន មុន្នីល័ក្ខ ដ្បិតតែអ្នកទាំង ២ ជាតារាចម្រៀងដែលមានកេរ្តិ៍ឈ្មោះល្បីជាយូរមកហើយក្ដី ប៉ុន្តែតារាចម្រៀងប្រុសស្រីទាំង ២ មិនដែលសម្ដែងភាពយន្តនោះទេ ទើបតែពេលនេះឈានចូលដើមឆ្នាំ ២០២០ ភ្លាម តារាចម្រៀង លោក ម៉ៅ ហាជី និងកញ្ញា បាន មុន្នីល័ក្ខ ឆក់បានឱកាសក្លាយជាតួឯករួមគ្នាលើកដំបូង ក្នុងរឿង «ព្រហ្មលិខិតដុះស្លាប» របស់ផលិតកម្មថោន និងប្រមូលផ្តុំដោយតារានៅក្នុងផលិតកម្មរួមគ្នា និងតារាសម្តែងល្បីៗផ្សេងទៀតមកជួបជុំគ្នាយ៉ាងច្រើន។
គួរកត់សម្គាល់ដែរថា កុនរឿង «ព្រហ្មលិខិតដុះស្លាប» មានការចូលរួមសម្ដែងដោយតារាចម្រៀង និងតារាសម្ដែងល្បីៗរូបដូចជា លោក ម៉ៅ ហាជី កញ្ញា បាន មុន្នីល័ក្ខ លោក សៅ ឧត្តម លោក សក្ដដា ហៅកញ្ញា រ៉ូលីន អ្នកនាង កាតុ កញ្ញា ញឹម ចាន់ថន អ្នកនាង កុល ដាវី ចេន សាយចៃ ម៉ា នីតា, ឆ័យលី ដាឡែន៕