ភ្នំពេញៈ ថ្មីៗនេះលេចឮថា តារាចម្រៀងស្រីសំឡេងផ្អែមកញ្ញា បាន មុន្នីល័ក្ខ បានបញ្ចប់កុងត្រាពីទ្រនំចាស់ផលិតកម្ម We Production ជាបុត្រសម្ព័ន្ធនៃផលិតកម្មហង្សមាសហើយ និងល្បីថានាងត្រូវបានផលិតកម្មសាន់ដេកំពុងចែចូវដេញថ្លៃផងដែរ។
អ្វីជាដើមចមនៃការសង្ស័យពីភាពរយាលចេញបទចម្រៀងថ្មីៗនៅក្នុងផលិតកម្មហង្សមាសរបស់កញ្ញា បាន មុន្នីល័ក្ខ ត្រូវបានមហាជនកត់សម្គាល់ នាមួយរយៈចុងក្រោយនេះតាមរយៈភាពផុសផុលខ្លាំងជាមួយនឹងការច្រៀង Cover បទចម្រៀងមរតកដើមនានា ហើយក៏បង្ហោះតាមបណ្តាញយូធូបយ៉ាងគគ្រឹកគគ្រេង និងស្រូបបានអ្នកគាំទ្រក៏ច្រើនដែរ។
ពាក់ព័ន្ធនឹងដំណឹងខាងលើកញ្ញា បាន មុន្នីល័ក្ខ តារាស្រីវ័យ ២៤ ឆ្នាំប្រាប់មកភ្នំពេញប៉ុស្តិ៍ថា៖ «ចាស!ខ្ញុំពិតជាបានចប់កុងត្រាជាមួយផលិតកម្ម We Production ពិតមែន! ពេលនេះខ្ញុំមិនទាន់បានចូលផលិតកម្មណាមួយនោះទេ។ ឯរឿងថាខ្ញុំចូលទៅក្នុងផលិតកម្មសាន់ដេនោះគឺមិនពិតឡើយ ហើយនាងខ្ញុំសុំបដិសេធចំពោះដំណឹងនេះ»។
តារាចម្រៀងដែលស្រស់សោភាកញ្ញា បាន មុន្នីល័ក្ខ បានបន្តបន្ថែមទៀតដែរថា៖ «ក្រោយពីខ្ញុំបានបញ្ចប់កុងត្រាផលិតកម្មហង្សមាសមក ខ្ញុំចង់សម្ងំធ្វើបទចម្រៀងខ្លួនឯងមួយរយៈសិនគឺមិនទាន់ចង់ចូលផលិតកម្មណាមួយនោះទេ ហើយក៏ប្រហែលជាយូរបន្តិចទៀតដែរ ទើបខ្ញុំសម្រេចចិត្តចុះកុងត្រាជាមួយផលិតកម្មផ្សេង តែក៏មិនច្បាស់ដែរថានឹងចូលផលិតកម្មណានោះ ព្រោះថាមានគេទាក់ទងមកក៏ច្រើនគួរសមដែរ»។
ដោយឡែកតារាស្រីដែលកាន់តែមានរូបសម្រស់ស្រស់ស្អាតក្រោយពេលវះកាត់ធ្វើខ្ទង់ច្រមុះហើយបានបញ្ជាក់ដែរថា មានផលិតកម្មភាពយន្តទាក់ទងថតកុន តែក៏ត្រូវបាននាងបដិសេធ ដោយសារតែការអះអាងដដែលៗថា កំពុងតែមមាញឹកនៅក្នុងការថតបទចម្រៀងថ្មី និងបទមរតកដើមជាច្រើនទៀត។
អតីតបេក្ខភាពបរាជ័យប្រឡងកម្មវិធី The Voice Cambodia រដូវកាលទី ១ របស់ហង្សមាស កញ្ញា បាន មុន្នីល័ក្ខ ក៏បានបរិយាយពីបទចម្រៀងដែលគ្រោងនឹងចេញក្នុងពេលឆាប់ៗនេះដែរថា៖ «ចំពោះបទចម្រៀងដែលខ្ញុំគ្រោងចេញនោះមានច្រើនបទគឺមានទាំងបទម្នាក់ឯង និងមានចាប់ដៃគូផងដែរ។ ប៉ុន្តែសុំមិនទាន់ប្រាប់ពីដៃគូខ្ញុំថាជាអ្នកណានោះទេ។ ហើយខ្ញុំក៏នៅមានធ្វើបទមរតកដើមដែលជាចំណូលចិត្តរបស់នាងខ្ញុំជាច្រើនបទទៀតផង»។
ស្រីស្រស់សាច់សខ្ចីមានសំនៀងផ្អែមកញ្ញា បាន មុន្នីល័ក្ខ នៅតែអះអាង ក្រោយពីបានចាកចេញពីផលិតកម្មចាស់ We Production ដដែលៗថានាងក៏មានភាពមមាញឹកខ្លាំងទៅនឹងកម្មវិធីប្រគំតន្ត្រីនានាមិនសូវមានពេលសម្រាប់ការថតកុនឲ្យផលិតកម្មភាពយន្តនានា ដែលបានទាក់ទងមកនោះទេ។ ខណៈកញ្ញា បាន មុន្នីល័ក្ខ តារាចម្រៀងស្រីដែលមិនសូវទទួលបានភាពលេចធ្លោក្នុងផលិតកម្មដែលផុតកុងត្រាដូចជាតារារួមជំនាន់មែនក្តី តែប្រជាប្រិយភាពតារាស្រីរូបនេះងាកមកល្បីមិនចាញ់តារារួមផលិតកម្មដែរ តាមរយៈការច្រៀងបទមរតកដើមបានយ៉ាងពីរោះរណ្តំក្នុងបណ្តាញសង្គមយូធូបនោះដោយរំពឹងថា៖ «នៅពេលក្រោយខ្ញុំនឹងអាចមានពេល សម្រាប់ការប្រឡូកក្នុងការសម្តែងភាពយន្តជាមិនខានទេ»៕