ភ្នំពេញៈ ​ថ្មីៗ​នេះ​ក៏​បង្ក​ឲ្យ​ភ្ញាក់ផ្អើល​ពី​ប្រិយមិត្ត​អ្នកគាំទ្រ និង​អ្នកលេង​បណ្តាញ​សង្គម​ម្តង​ទៀត​ ខណៈ​ដែល​តារាសម្តែង​ស្រី ម៉ូដែល និង​ពិធីការិនី វ័យ ២៣ ​ឆ្នាំ​ រូបឆោម​ស្រស់ សាច់​សខ្ចី កូនកាត់​ជាតិ​សាសន៍​អាស៊ី-អឺរ៉ុប កញ្ញា ម៉ៃយ៉ា បាន​បង្ហោះ​រូប​នែបនិត្យ ផ្អែមល្ហែម នឹង​បុរស​រូប​សង្ហា ខុសពី​ធម្មតា មិនមែន​ជា​រូបថត​សម្តែង​កុន​។

គេ​នៅ​ចាំ​ថា តារាសម្តែង​ស្រី​កូនកាត់​ខ្មែរ-អាល្លឺម៉ង់​វ័យ ២៣ ​ឆ្នាំ​កាន់តែ​មាន​រូបឆោម​ស្រស់​កញ្ញា ម៉ៃយ៉ា បានប្រកាស​ស្វែងរក​គូគាប់​មក​ធ្វើ​ជា​ម្ចាស់​បេះដូង ដោយ​បាន​បង្ហើរ​សារ​យ៉ាង​ខ្លី​ថា​៖ «​រង់ចាំ​ពាក្យ​ថា​ស្នេហ៍​!​ឆ្នាំ​ថ្មី​ហើយ តើ​នរណា​ជា​គូ​អូន​? បង​នៅ​ទី​ណា​?» កាលពី​មុន​ចូល​ឆ្នាំ​ខ្មែរ​នោះ​។

ឥឡូវនេះ​កាល​ដែល​កញ្ញា ម៉ៃយ៉ា ឧស្សាហ៍​បង្ហោះ​រូបថត​ស្និទ្ធស្នាល​ជាមួយ​នឹង​បុរស​សង្ហា​មាន​ត្រេ​មុខ​ជា​កូនចៅ​កាត់​ចិន​នោះ​ក៏​បង្កប់​សារ​ខ្លី​ដែរ​ថា​៖ «You are my everything!»​។

មួយ​រំពេច​នោះ​គេ​ក៏​ឃើញ​មាន​អ្នក​ចូល​ទៅ​ចុច Like និង Comment ជា​ហូរហែ ដោយ​ឃើញ​មាន​អ្នក​ចូល​សរសេរ​បែប​ដូចជា​ចំអន់​លេង​ថា​៖ «​អីយ៉ាស​! ទំនង​ជា​កញ្ញា​បាន​ជួបនឹង​ម្ចាស់​ចិត្ត​ដែល​ធ្លាប់​ប្រកាស​រក​កាល​ប៉ុន្មាន​ខែ​នោះ​ហើយ​មើល​ទៅ​ហ្ន​? ឬ​មួយ​គ្រាន់​រូបភាព​បំភ័ន្ត​ភ្នែក​មហាជន​ទេ​ដឹង ព្រោះ​ថា​រូបនេះ​អាច​ជា​រូបថត​នឹង​តារាប្រុស​ថ្មី​នៅក្នុង​ការថតកុន​ថ្មី​របស់​កញ្ញា​ក៏​អាច​ថា​បាន​!»​។

ស្រីស្រស់​ជា​កូនកាត់ ម្តាយ​ខ្មែរ-ប៉ា​អាល្លឺម៉ង់ កញ្ញា ម៉ៃយ៉ា ដែល​ល្បី​ថា​សម្បូរ​ក្រុម​កន្លង់​ចោមរោម​តាម​សុំ​ស្នេហ៍​មិន​តិច​ចាប់ពី​លំដាប់​ពី​អ្នក​មាន​ទ្រព្យ​ស្តុកស្តម្ភ​រហូត​ទៅ​ដល់​ឋានៈ​ឧកញ៉ា​នោះ​ក៏​បាន​បញ្ជាក់ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​៖ «​នេះ​ជា​រឿង​ពិត​!​មិនមែន​ជា​ការនិយាយ Drama លេង​ទេ​បង​គឺ​ខ្ញុំ​និយាយ​ពិតមែន​! បុរស​ដែល​នាង​ខ្ញុំ​ឧស្សាហ៍​ថតរូប​បង្ហោះ​មួយរយៈ​ចុងក្រោយ​នោះ​គឺ​ពិតជា​អ្នក​ដែល​នាង​ខ្ញុំ​ពេញចិត្ត និង​ទើប​តែ​ចាប់ផ្តើម​មើល​ចិត្ត​ថ្លើម​គ្នា​បណ្តើរៗ​ហើយ​»​។

កញ្ញា ខាហ្គឺម៉ៃយ៉ា សូរ៉ៃយ៉ាម៉ាថា ហៅ ម៉ៃយ៉ា តារា​ស្រី​ដែល​កំពុង​មាន​រាសី​ឡើង​ក្រឺតៗ បន្ទាប់ពី​ក្តាប់​បាន​តំណែង​ជា​តួឯក​ស្រី​ក្នុង​កុន​ភាគ​រឿង «​ហង្ស​បាក់ស្លាប​» ក្រោយមក​តំណែង​ជា​តួឯក​ស្រី​កុន​ដុំ​ថ្មី​រឿង «​ទាយាទ​អាគម​» និង​កុន​ភាគ​រឿង «​កញ្ញា​អម្ពិលផ្អែម​» និង​ការថត​ស្ប៉ត​ពាណិជ្ជកម្ម និង​សម្អាងការ​ផង​ដែរ​នោះ​នាង​បាន​បកស្រាយ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​បន្ត​ទៀត​ថា​៖ «​ពេល​នេះ​ពួកយើង​កំពុងតែ​ស្ថិត​ក្នុង​ដំណាក់កាល​មួយ​ត្រូវ​មើល​ចិត្ត​ថ្លើម​គ្នា​នៅ​ឡើយ ហើយ​គាត់​ឈ្មោះ ពេជ្រ មាន​មុខរបរ​ជា​ពាណិជ្ជករ​ម្នាក់​ដោយសារ​គាត់​មកពី​គ្រួសារ​មាន​អាជីព​ប្រកប​អាជីវកម្ម​រកស៊ី​មិនមែន​ជា​អ្នកសិល្បៈ​ដូច​រូបនាង​ខ្ញុំ​ទេ​»៕