ភ្នំពេញៈ កាលពី​ថ្ងៃ​ប្រារព្ធ​ខួបកំណើត​នាពេល​ថ្មីៗ​កន្លង​មក​នេះ ដែល​រំលេច​ដោយ​កាដូ​នំខេក និង​ចិញ្ចៀនពេជ្រ​ ១ ​វង់​ដែល​ស្រីស្រស់​តារា​ម៉ូដែល និង​សម្តែង​កញ្ញា រចនា រ៉ាវាឌី ទទួល​បាន​នោះ​ក៏​ត្រូវ​មហាជន​កើតក្តី​មន្ទិល​សង្ស័យថា​គឺជា​ចិញ្ចៀន​គេ​ជូន​ជា​កាដូ​បញ្ចាំចិត្ត​ស្នេហ៍​។

អ្វី​ដែល​ធ្វើ​មាន​ការសង្ស័យ​ខ្លាំង​គឺថា​នៅ​ថ្ងៃ​ខួបកំណើត​ក៏​ស្រាប់​តារាសម្តែង​ស្រី​រាង​ខ្ពស់​កំពុង​ទទួល​បាន​ផ្លែផ្កា​ល្អ​នៅក្នុង​អាជីព​សម្ដែង ជា​តារា​ម៉ូដែល និង​ជា​ពិធីការិនី​ទូរទស្សន៍​កញ្ញា រចនា រ៉ាវាឌី បាន​ទទួល​នូវ​កាដូ​ចិញ្ចៀនពេជ្រ ១ វង់ ដាក់​ក្នុង​ប្រអប់​មាស​ទើប​មហាជន​លើក​យក​មក​ជជែក​គ្នា​ពេញ​បណ្តាញ​សង្គម​ថា​៖ «​កាដូ​ចិញ្ចៀន​នោះ​ទំនង​ជា​វត្ថុ​របស់​កន្លង់​ណាមួយ​ជូន​នាង ដើម្បី​ទុកជា​គ្រឿង​បញ្ចាំ​ចិត្ក​ទុក​ភ្ជាប់​និស្ស័យ​នឹង​នាង​ហើយ​មើល​ទៅ​?»​។

ខណៈ​តារាសម្តែង​ស្រី​ដែល​បាន​អភិវឌ្ឍ​ខ្លួន​ពី​តារា​បង្ហាញម៉ូដ​នៅ​ចន្លោះ​ឆ្នាំ​ ២០១៥-២០១៦ និង​បាន​ប្រឡូក​ចូល​ការសម្តែង​កុន​ដំបូង​ជា​តួរង​ស្រី​ក្នុង​រឿង «​ភ្លើង​ស្នេហ៍​ភ្លើង​ឫស្យា​» នៃ​ផលិតកម្ម​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​ ៥ កញ្ញា រចនា រ៉ាវឌី បាន​ឆ្លើយ​បដិសេធ​នឹង​រឿង​កាដូ​ចិញ្ចៀន ដែល​ខាង​មហាជន​សង្ស័យថា ជា​របស់​បញ្ចាំចិត្ត​នោះ​ផង​ដែរ​។ កញ្ញា រចនា រ៉ាវឌី ថ្លែង​ប្រាប់​ថា​៖ «​អត់​ទេ​បង​!​គ្មាន​អ្នកណា​គេ​ជូន​កាដូ​ភ្ជាប់​និស្ស័យ​អ្វី​នោះទេ​។ កាដូ​ទាំងឡាយ​ដែល​ខ្ញុំ​ទទួល​បាន​នោះ​មួយ​ចំនួន​បាន​មកពី​មិត្តភក្តិ និង​ខ្លះទៀត​គឺជា​កាដូ​ពី​ម្តាយបង្កើត​របស់​នាង​ខ្ញុំ​គាត់​ជូន​ប៉ុណ្ណោះ គឺ​មិនមាន​អ្នកណា​គេ​ជូន​ដូចជា​ការលើក​ឡើង​ពី​បងប្អូន​នោះឡើយ​»​។

ដោយឡែក​ចំពោះ​ការងារ​សិល្បៈ​របស់​កញ្ញា រចនា រ៉ាវាឌី ដែល​ជា​កូនពៅ​ក្នុង​គ្រួសារ​ដោយ​មាន​បងប្អូន​បង្កើត​ ២ ​នាក់​ដែល​នាង​ទើប​តែ​មាន​វ័យ ២០ ​ឆ្នាំ​ជា​តារាស្រី​រលក​ក្រោយ តែ​ក្តោប​ឱកាស​ថតកុន​ភាគ​បាន​ច្រើន​គឺ​មាន ១០ រឿង​មក​ហើយ​នៅក្នុង​រយៈពេល​ត្រឹមតែ ៣-៤ ឆ្នាំ ចុងក្រោយ​តែ​ប៉ុណ្ណោះ ហើយ​មមាញឹក​ខ្លាំង​នឹង​ការដើរ​ម៉ូដ និង​ការថត​ស្ប៉ត​ពាណិជ្ជកម្ម​ផង​ដែរ ខណៈ​ពេល​ថ្មីៗ​នេះ​នាង​បាន​សម្រេចចិត្ត​ថា​ផ្អាក​ទទួល​ថតកុន​មួយ​អន្លើ​សិន​។

កញ្ញា រចនា រ៉ាវាឌី តួឯកស្រី​ក្នុង​រឿង «​មិត្ត​ឫស្យា​» រូបនេះ​បាន​បញ្ជាក់​ថា​៖ «​ឥឡូវនេះ ខ្ញុំ​ផ្អាក​ទទួល​ថតកុន​មួយរយៈ​សិន ក៏​ដោយសារ​តែ​មាន​ការមមាញឹក​រឿង​ផ្ទាល់ខ្លួន និង​ដោយសារ​តែ​កុន​ជាច្រើន​ដែល​ខ្ញុំ​បាន​ថត​មុនៗ​នោះ​នៅ​មិនទាន់​បាន​ចាក់​បញ្ចាំង​អស់​នៅ​ឡើយ​។ ដូច្នេះ​រឿង​សម្តែង​កុន ខ្ញុំ​សុំ​ផ្អាក​សិន ចាំ​បញ្ចាំង​រឿង​ចាស់ៗ​ដែល​ថត​ពី​មុន​អស់​សិន​ចាំ​ទទួល​បន្តទៀត​»​។

កញ្ញា រចនា រ៉ាវាឌី បាន​ប្រឡូក​ចូល​សិល្បៈ​តាំងពី​ឆ្នាំ ២០១៦ ក្នុង​នាម​ជា​តារាម៉ូដែល​នៃ​ក្រុម Pop Model និង បាន​អភិវឌ្ឍ​ខ្លួន​មក​ជា​តារាសម្ដែង​ដោយ​រឿង​ដំបូង​ដែល​នាង​សម្ដែង​មាន​ចំណងជើង​ថា «​ភ្លើង​ស្នេហ៍​ភ្លើង​ឫស្យា​» និង​រឿង​ជាច្រើន​មាន​ដូចជា​រឿង «​រនាតឯក​» រឿង «​ជញ្ជីង​ជីវិត​» រឿង «​ម្ចាស់​ចម្ការ​» រឿង «​ផ្កា​ព្រៃ​ស្រទាប់​មាស​» ជាដើម​៕