ភ្នំពេញ៖ ដើម្បី​អបអរសាទរ​ពិធីបុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណីជាតិ​ខ្មែរ​ខាង​មុខ​នេះ ក្រុមហ៊ុន ហ្វឺស យូណាយ ណេត​វើក អេនធើធេនម៉ិន បាន​រៀបចំ​នូវ​ព្រឹត្តិការណ៍​ជ្រើសរើស​ធីតា​ឯក​សង្ក្រាន្ត នា​រដូវ​កាល​ទី២ ប្រចាំ​ឆ្នាំ ២០២១ ដោយ​មាន​ការ​ចូលរួម​គាំទ្រ និង​សហការ​ពី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ក្រសួង​ព័ត៌មាន និង​អគ្គនាយកដ្ឋាន​ទូរទស្សន៍​ជាតិ​កម្ពុជា​នោះ គេ​ស្រាប់​តែ​ឃើញ​វត្តមាន​ស្រី​ស្រស់ រឿន ណាត ក៏​ជា​សមាជិក​ម្នាក់​នៃ​ក្រុម​គណៈកម្មការ ៣ រូប ផង​ដែរ។

កញ្ញា រឿន ណាត ដែល​អតីត​ជា​កញ្ញាឯក​ចក្កវាឡ​កម្ពុជា​​ឆ្នាំ ​២០១៨​​​។ រូបថត ហ្វេសប៊ុក

អតីត​កញ្ញាឯក​ចក្កវាឡ​កម្ពុជា​ឆ្នាំ ២០១៨ កញ្ញា រឿន ណាត ដែល​ស្រូប​ប្រជាប្រិយភាព​ខ្លាំង​ពី​មហាជន​កាល​ពេល​ជា​តំណាង​ឱ្យ​កម្ពុជា​ក្នុង​ការ​ប្រកួត​កញ្ញាឯកចក្កវាឡ​ពិភព​លោក​ឆ្នាំ ២០១៨ និង​នា​រយៈពេល ២-៣ ឆ្នាំ​ក្រោយ​មក​នេះ​ក៏​ផុសផុល​នឹង​ទីផ្សារ​ថតកុន ថត​ស្ប៉ត​នានា និង​ថត MV បទ​ចម្រៀង​ជា​ហូរហែ ដែល​ជា​ការ​បោះ​ជំហាន​ដ៏​ល្អ​ឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យ​លើ​វិថី​សិល្បៈ ខណៈ​រូប​សម្ផស្ស​វិញ ក៏​កាន់​តែ​ស្រស់​ផូរផង់ ជាទី​បេតី​នៃ​ក្រុម​កន្លង់​ចង់​ចោមរោម​មិន​តិច​នោះឡើយ ស្ម័គ្រ​ស្មោះ​សុំ​ឃុំ​គ្រង​ជា​ម្ចាស់​បេះដូង។

ស្រី​ស្រស់​វ័យ ២៥ ឆ្នាំ ដែល​ជា​បុប្ផា​ដុះ​នៅ​លើ​ទឹក​ដី​កំណើត​ខេត្ត​កំពង់ចាម កញ្ញា រឿន ណាត ក៏​បញ្ជាក់​ឱ្យ​ដឹង​ពី​អារម្មណ៍​ផ្ទាល់​ខ្លួន ខណៈ​ត្រូវ​បាន​ខាង​ក្រុមហ៊ុន​ជ្រើសរើស​ខ្លួន​ជា​សមាជិក​នៃ​ក្រុម​គណៈកម្មការ​ប្រកួត​ធីតា​ឯក​នៃ​សង្ក្រាន្ត​ឆ្នាំ ២០២១ ជាមួយ​តារា​សម្តែង​ប្រុស​ជើង​ចាស់​លោក ទេព រិនដារ៉ូ ផង​ដែរ​នោះ​ថា៖ «នាង​ខ្ញុំ ពិតជា​សប្បាយ​ចិត្ត​ខ្លាំង​ណាស់​នឹង​បច្ចុប្បន្នភាព​នៃ​ទីផ្សារ​ការងារ​លើ​វិស័យ​សិល្បៈ​នានា ដែល​នាង​ខ្ញុំ​កំពុង​តែ​មាន​នៅ​ពេល​នេះ ហើយ​ខ្ញុំ​ក៏​អរគុណ​ដែរ សម្រាប់​ការ​គាំទ្រ​ពី​សំណាក់​ក្រុមហ៊ុន​ក៏​ដូចជា​ខាង​ទូរទស្សន៍​ជាតិ​កម្ពុជា ដែល​បាន​ផ្តល់​ឱកាស​នេះ​ដល់​រូប​នាង​ខ្ញុំ»។

ខណៈ​តារា​ប្រុស-ស្រី​ស្ទើរ​គ្រប់​រូប​ហាក់​រអ៊ូ​អំពី​កិច្ច​ការងារ​សិល្បៈ​ធ្លាក់​ចុះ​នៅ​ក្នុង​ពេល​ជួប​នឹង​វិបត្តិ​ជំងឺ​កូវីដ ១៩ នោះ ស្រាប់​តែ​ស្រី​ស្អាត រឿន ណាត បែរ​ជា​កំពុង​ផុសផុល​ខ្លាំង​នឹង​ការ​សម្រុក​ថតកុន​សម្អាងការ រក​ពេល​សម្រាក​សឹង​តែ​គ្មាន​ទៅ​វិញ។ កញ្ញា រឿន ណាត ក៏​បង្ហើប​អារម្មណ៍​បែប​ឆ្ងល់​ខ្លួន​ឯង​ថា៖ «នាង​ខ្ញុំ​ក៏​ឆ្ងល់​ដែរ ថា​ហេតុអ្វី​ពេល​នេះ ខ្ញុំ​បែរ​ជា​សម្បូរ​គេ​ទាក់ទង​ការងារ​សិល្បៈ សឹង​គ្មាន​ពេល​សម្រាក​ទៅ​វិញ។ តែ​យ៉ាងណា​ក៏​នាង​ខ្ញុំ​សូម​ថ្លែង​អំណរគុណ សម្រាប់​ការ​គាំទ្រ​ពី​សំណាក់​បងប្អូន​មហាជន ក្រុមហ៊ុន និង​ផលិតកម្ម​នានា​ផង​ដែរ ចំពោះ​ការ​ផ្តល់​ភាព​ជឿជាក់​លើ​សមត្ថភាព​នាង​ខ្ញុំ​តាំង​ពី​ដើម​រហូត​មក»៕