ភ្នំពេញៈ ស្រីស្រស់ លីវ ជីលី ដែលជា​កញ្ញាឯករង​ទី​ ២ (2nd Runner-up) នៃ​កញ្ញាឯក​ដ៏អស្ចារ្យ Miss Grand Cambodia 2020 ត្រូវបាន​ក្រុម​ផ្ទេរតំណែង​ឱ្យបាន​ក្លាយជា​កញ្ញាឯក​តំណាងឱ្យ​កម្ពុជា ដើម្បី​ចូលរួម​ក្នុង​ការប្រកួត​អន្តរជាតិ Miss Grand International 2020 ដែល​រៀបចំ​ទីក្រុង​បាងកក ប្រទេស​ថៃ នៅ​ខែ​មីនា ឆ្នាំ​ ២០២១ ខាងមុខ​។

ការផ្ទេរ​តំណែង​នេះ​ដោយសារ​អតីត​កញ្ញាឯក​ដ៏អស្ចារ្យ Miss Grand Cambodia 2020 កញ្ញា សេង រដ្ឋា មានរឿង​ចម្រូងចម្រាស​នឹង​ក្រុមហ៊ុន​រៀបចំ​ការប្រកួត​កាលពី​ខែ​មុន​រហូត​បាន​ជួប​ដោះស្រាយ​បញ្ចប់​បញ្ហា​តាមរយៈ​ក្រុម​មេធាវី​នៃ​ភាគី​ទាំងសងខាង​។

បើតាម​គេហទំព័រ​ផ្លូវការ Miss Grand Cambodia បានឱ្យដឹងថា កម្មវិធី​ផ្ទេរតំណែង និង​គ្រង​មកុដ​សាជាថ្មី កញ្ញាឯក​ដ៏អស្ចារ្យ​នៃ​កម្ពុជា​ឆ្នាំ​ ២០២០ នា​រសៀល​ថ្ងៃ​ចន្ទ ទី​ ១ ខែកុម្ភៈ​ឆ្នាំ​ ២០២១ ដែល​បានរៀបចំ​ធ្វើ​សន្និសីទ​សារព័ត៌មាន​នៅ​ទីតាំង​ភោជនីយដ្ឋាន R&S Restaurant​។

ថ្លែង​ចំពោះមុខ​មហាជន និង​អ្នក​សារព័ត៌មាន​ក្នុង​នាម​ជា​កញ្ញាឯក​ដ៏អស្ចារ្យ​ឆ្នាំ​ ២០២០ ដែល​បាន​ស្នង​តំណែង​ពី​ម្ចាស់​មកុដ​មុន​គឺកញ្ញា សេង រដ្ឋា នោះ​កញ្ញា លីវ ជីលី បង្ហាញ​ពី​អារម្មណ៍ និង​ការតាំង​ចិត្ត​សម្រាប់​ការប្រកួត​អន្តរជាតិ​នៅសល់​ពេល​តែ ១ ខែ ទៀត​នោះ​ថា​៖ «​នាង​រំភើប​ចិត្តខ្លាំង ដោយសារ​មិន​នឹកស្មានថា ខ្លួន​អាច​មាន​ថ្ងៃនេះ​។ ទោះបីជា​នៅសល់​ពេល​ខ្លី​តែ ១ ​ខែ​សម្រាប់​តួនាទី​ជា​តំណាង​ឱ្យ​ប្រទេស​កម្ពុជា​ដែល​ដើមឡើយ​មិនមែន​ជា​មកុដ​របស់​ខ្ញុំ​នោះ​ក្តី​តែ​នាង​ខ្ញុំ​សន្យា និង​តាំងចិត្ត​ធ្វើ​កិច្ចការ​មួយ​នេះ​ឱ្យបាន​ល្អ​តាម​សមត្ថភាព​ដែល​ខ្លួន​មាន និង​អាច​ធ្វើបាន​ដើម្បី​បង្ហាញ​លើ​ឆាក​អន្តរជាតិ​។ ជាពិសេស​ខ្ញុំ នឹង​ខិតខំ​បង្ហាញ​ពីអ្វី​ដែល​ជា​វប្បធម៌​ជាតិខ្មែរ​យើង​ទៅឱ្យ​ភ្ញៀវ​អន្តរជាតិ​បាន​ស្គាល់​ពី​ខ្មែរ​»​។

គួរបញ្ជាក់​ផងដែរ​ថា តំណែង​ម្ចាស់​មកុដ​នៃ​កញ្ញាឯក​ដ៏អស្ចារ្យ​ឆ្នាំ​ ២០២០ ​នេះ នឹងត្រូវ​បាន​ទៅលើ​កញ្ញា លឹម សុធាវី ​ដែលជា​កញ្ញាឯករង​ទី​ ១ (1st Runner-up) ​នៃ​កញ្ញាឯក​ដ៏អស្ចារ្យ Miss Grand Cambodia 2020 នោះទេ តែដោយសារ​កញ្ញា សុធាវី បាន​បដិសេធ​ចំពោះ​ការផ្ទេរ​នេះ ​ក្រោយពី​ខាង​ក្រុមហ៊ុន​រៀបចំ​ការប្រកួត​បានស្នើសុំ​នោះ ទើប​ឱកាសល្អ​បាន​លើ​កញ្ញា លីវ ជីលី ដែល​ជា​ស្រីស្រស់​មកពី​ខេត្ត​បន្ទាយមានជ័យ​៕