ភ្នំពេញៈ សូម្បីតែ​ខ្លួនឯង​ផ្ទាល់​នោះ ក៏​ងឿងឆ្ងល់ និង​ស្តាយ​រូប​រាង​កាយ ដែល​ស្រឡូន​ស្អាត តូច​ច្រឡឹង​គួរ​ឲ្យ​ស្រឡាញ់ ខណៈ​ឥឡូវ​នេះ​មាន​ការ​ខុសគ្នា​ស្ទើរ​ទាំង​ស្រុង ទើប​បង្ហោះ​នូវ​សារ​ឡើង​ថា៖ «អូន​ធម្មជាតិ​ពី​មុន​បាត់​ទៅ​ណា​ហើយ!» ផ្អើល​នៅ​តាម​បណ្តាញ​អ៊ីនស្តាក្រាម។

រំពេច​នោះដែរ​ក៏​ស្រាប់តែ​មានការ​លើកឡើង​ថា៖ «ទំនង​ជា​កញ្ញា សាសា ចង់​រំ​ឮ​ក​រូប​កាល​ពី​នៅ​ពេល​ចូល​សិល្បៈ​ដំបូង ឬក៏​ចង់​ប្រាប់​ថា​នាង​ជិត​វិល​មក​ប្រឡូក​សិល្បៈ​ដូច​ដើម​វិញ​ទេ​ដឹង!»។

មួយរយៈ​មុននេះ​បន្តិច​កញ្ញា សា​សា ដែល​បាន​ជ្រកកោន​នៅលើ​ទ្រនំ​ផលិតកម្ម​ថោន យូរ​ក្រែល​ក្តី តែ​ឆ្នាំ​ថ្មី​នេះ កញ្ញា សាសា គ្មាន​បទ​ចម្រៀង​ថ្មី​ដើម្បី​ចេញ​បំពេ​អារម្មណ៍​ប្រិយមិត្ត​នោះ​ឡើយ ខណៈ​គេ​នៅ​មាន​ភាព​ស្រពេច​ស្រពិល​នៅ​ឡើយ​ថា តើ​នាង​បាន​លា​ឈប់​ពី​ថោន​ព្រោះ​ផុត​កុងត្រា ឬក៏​ជាប់​រវល់​ខ្លាំង​នឹង​ការងារ​រក​ស៊ី​ផ្ទាល់​ខ្លួន ដែល​ដក​ឃ្លា​ពុំ​រូច​នោះ។

តែ​តារាចម្រៀង​ស្រី​មាន​ដើមទ្រូង​សិច​ស៊ី ដែល​ទស្សនិកជន​ធ្លាប់​លួច​កោត​សរសើរ មិន​ដែល​ដាច់​ពី​មាត់​ពី​ភាព​វៃឆ្លាត​ក្នុង​ការងារ​សិល្បៈ និង​ការងារ​រក​ស៊ី​គឺ​កញ្ញា សាសា ដែល​បាត់​មុខ​ពីស​ង្វៀន​សិល្បៈ​មួយ​អន្លើ​នោះ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា៖ «អត់​ទេ​បង!​មិន​ទាន់​ហ៊ាន​សន្យា​ថា នាង​ខ្ញុំ​នឹង​ត្រូវ​វិល​ចូល​សិល្បៈ​វិញ​នៅ​ពេល​ណា​ឲ្យ​ច្បាស់​នៅ​ឡើយ​នោះ​ទេ​ព្រោះ​ថា​ នា​ពេល​នេះ នាង​ខ្ញុំ​កំពុង​តែ​ជាប់​រវល់​នឹង​ការងារ​រកស៊ី​ថ្មី ២ គឺ​លក់​ផលិតផល​អាហារ​សុខភាព ItsColl ដែល​សហការ​នាំ​មក​ពី​ប្រទេស​ម៉ាឡេស៊ី និង​ការ​បើក​មុខរបរ​មួយ​ទៀត​គឺ​ហាង​ម៉ាស្សា ដែល​មាន​អាសយដ្ឋាន​ស្ថិត​នៅ​ផ្ទះ​នាង​ខ្ញុំ​ផ្ទាល់ នៅ​ឯ​បុរី​ពិភពថ្មី​ចម្ការ​ដូង»។

កញ្ញា សា​សា ក៏បាន​បន្តថា៖ «ចំពោះ​របរ​រកស៊ី​ជាមួយ​ម៉ាឡេស៊ី​នេះ នាង​ខ្ញុំ​កំពុង​តែ​ចចារ​ការងារ​ដែល​ខាង​គេ​ចង់​ឲ្យ​នាង​ខ្ញុំ​សហការ​តាម​ការ​ដាក់​កំណត់​គោល​ដៅ​លក់​ផលិតផល​ឲ្យ​ច្បាស់​លាស់​ជា​មុន​សិន​ដែរ ខណៈ​ការងារ​មួយ​ទៀត​រឿង​បើក​ហាង​ម៉ាស្សា​នោះ គឺ​នាង​ខ្ញុំ​ក៏​កំពុង​តែ​រត់​ការ​ជា​បណ្តើរៗ​ហើយ​ដែរ»។

គួររំឭកថា ការ​ឧស្សាហ៍​កែខៃ​សម្ផស្ស​របស់​កញ្ញា សាសា ក៏​ជា​ចំណែក​មួយ​ធ្វើ​ឲ្យ​មានការ​ចាប់​អារម្មណ៍​ស្គាល់​រូប​នាង​នៅ​លើ​វិថី​សិល្បៈ​ផង​ដែរ ខណៈ​ការ​បញ្ចប់​ការកែ​សម្ផស្ស​របស់​នាង​ក៏ត្រូវ​បាន​បញ្ចប់​នៅ​ត្រឹម​ពេល​លើក​ទី ៨ ដែល​គ្រូពេទ្យ​កែ​សម្ផស្ស​នៅ​ប្រទេស​ថៃ ធ្លាប់​បាន​ព្រមាន​ឲ្យ​ឈប់​កែខៃ​ព្រោះ​សភាព​នៃ​រូប​កាយ​នាង​មើល​ទៅ​ដូចជា​កូន​ក្រមុំ​ជ័រ​ទៅ​ហើយ​នោះ។

យ៉ាងណា​សាមីខ្លួន​ក៏​ហាក់ដូចជា​ទទួលស្គាល់​ពី​ភាព​ប្លែក​ខ្លាំង​នូវ​រូប​សម្ផស្ស​ខ្លួន​រួច​ពី​មុន និង​បច្ចុប្បន្ន​ទៅ​ហើយ​ដែរ ជាមួយ​សារ​ខាង​លើ​ថា «អូន​ធម្មជាតិ អូន​ធម្មជាតិ​ពី​មុន​បាត់​ទៅ​ណា​ហើយ!» នោះ។

កញ្ញា សាសា ក៏បាន​រំឭក​ឲ្យ​ដឹង​ពី​ទម្រង់​រូប​ខ្លួន​កាល​ពី​ចូល​សិល្បៈ​ដំបូង ដែល​មាន​រូបរាង​ដ៏​តូច​ច្រឡឹង និង​ច្រមុះ​ស្រួច នៅ​មាន​គីឡូ​ស្រាល​ជាង​ឥឡូវ​នេះ​ដែរ​ថា៖ «កាល​នោះ នាង​ខ្ញុំ​ថត​ជាមួយ​អ៊ុំ​ស្រី​ម្នាក់ នាង​ខ្ញុំ​ភ្លេច​ហើយ​ថា​ឈ្មោះ​អ្វី ឬ​នៅ​ទីណា​នោះ តែ​មិន​មែន​ជាប់​សាច់​ញាតិ​ទេ ហើយ​រូប​ថត​នោះ​គឺ​កាល​ពី​ពេល​ចូល​សិល្បៈ​ដំបូង មាន​ទម្ងន់​ប្រហែល​ជាង ៤០ គីឡូ ហើយ​នៅ​ពេល​នេះ​គឺ​ជាង ៥០ គីឡូ។ ស្តាយ​រូប​រាង​កាយ​ខ្លួនឯង​កាល​ពេល​នោះ​ដែរ​ហ្នឹង​បង ព្រោះ​នៅ​មាន​រាង​ស្អាត ហើយ​ច្រមុះ​ក៏​ស្រួច​ទៀត ហើយ​សុខៗ​ក៏​ទៅ​កែ​ច្រមុះ​ខូច​អស់​រលីង​នៅ​ពេល​ឥឡូវ​នេះ»។

ចម្ងល់​មហាជន​នៅតែ​ពុំទាន់​រក​ចម្លើយ​ច្បាស់​នៅ​ដដែល​ចំពោះ​រឿង​នាង​វិល​ចូល​សិល្បៈ​វិញ​ពេល​ណា​នោះ ដោយសារ​តារា​ស្រី​រូបនេះ​ក៏បាន​បង្ហើប​ទាំង​ស្រពេច​ស្រពិល​ថា៖ «នាង​ខ្ញុំ​មិន​ទាន់​ហ៊ាន​សន្យា​ថា យ៉ាង​ម៉េច​ទេ ខណៈ​ចិត្ត​ក៏​ចង់​វិល​ទៅវិញ​ផងដែរ តែ​ដោយសារ​រវល់​នឹង​រឿង​ការងារ​រកស៊ី​ពេក ទើប​ខ្ញុំ​មិន​ហ៊ាន​ថា​នោះ»៕