ភ្នំពេញៈ ដោយសារ​តែមាន​ដើមទុន​សិល្បៈ​សម្តែង​ចាប់​តាំងពី​ខ្លួន​មាន​វ័យ ១៣ ​ឆ្នាំ​ដែល​បាន​ថត​ស្ប៉ត​រឿង​អប់រំ​ខ្លី​ឲ្យ​មជ្ឈមណ្ឌល​ព័ត៌មាន​ស្ត្រី​កម្ពុជា​នោះ ទើប​តារា​សម្តែង​ស្រី​ពន្លក​ថ្មី​ដែល​ទើប​តែ​ល្បី​ប្រមាណ ៣ ឆ្នាំ​ចុង​ក្រោយ​នេះ​កញ្ញា សិទ្ធី នីកា ហាក់​ដូចជា​មិន​សូវ​ជាមាន​ការលំបាក​ឡើយ​នៅ​ក្នុង​ការសម្តែង​ភាពយន្ត​នោះ ហើយ​មាន​មហិច្ឆតា​ចង់​ដើរ​តាម​គន្លង​សិល្បៈ​ម្តាយមីង​ខ្លួន ដែល​ជា​តារា​សម្តែង​ស្រី​ជើងចាស់​អ្នកនាង ព្រំ រដ្ឋា ទៀត​ផង​។

ព្រោះ​តែ​មាន​ម្តាយមីង​ជា​​អ្នកសិល្បៈ​គឺ​អ្នកនាង ព្រំ រដ្ឋា ដែល​បច្ចុប្បន្ន​ជា​ម្ចាស់​ផលិតកម្ម PR Production ក៏​ជាហេតុ​នាំឲ្យ​កញ្ញា សិទ្ធី នីកា ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​តាំងពី​វ័យ ១៣ ឆ្នាំ​មក​ម្ល៉េះ​ដោយ​ដំបូង​ឡើយ កញ្ញា​សម្តែង​ក្នុង​ខ្សែភាពយន្ត​ភាគ​រឿង «​ពូជ​មួយ​ត្រួយ​ពីរ​» កាលពី​ឆ្នាំ​ ២០១៨ ហើយ​ក៏​ត្រូវ​បាន​គេ​ស្គាល់​ពី​ខ្សែភាពយន្ត​អប់រំ​ខ្នាត​ខ្លី​រឿង «​ឪពុក​ខ្ញុំ​» និង រឿង “​វេរា​ស្នេហ៍​ឆ្លង​ភព​»​។

តារាស្រី​ទើប​មាន​វ័យ ២០ ឆ្នាំ​ដែល​កំពុង​តែ​មាន​ភាព​មមាញឹក​នឹង​ការថត​ទាំង​កុន ថត MV ចម្រៀង​ឲ្យ​ផលិតកម្ម​នានា​ដូចជា​ថោន និង​សាន់ដេ ជាដើម និង​ថត​ស្ប៉ត​ពាណិជ្ជកម្ម​នានា​នោះ​ក៏​បង្ហើប​អំពី​ចំណាប់​អារម្មណ៍​ទៅ​ថ្ងៃ​មុខ​ដើរ​នៅលើ​វិថី​សិល្បៈ​សម្តែង​នេះ​ផង​ដែរ​ថា​៖ «​ចំពោះ​សិល្បៈ​សម្តែង​នេះ​គឺ​នាង​ខ្ញុំ​នៅ​តែ​ចាប់​អាជីព​នេះ​ដដែល​គឺ​មិន​ចង់​បោះបង់​នោះ​ឡើយ​។ ហើយ​ក៏​ចង់​មាន​ភាព​ជោគជ័យ​នៅលើ​វិថី​នេះ​ទៅ​ពេល​អនាគត​ផង​ដែរ​»​។

តាម​ការចាក់ផ្សាយ​នៅលើ​កញ្ចក់​ទូរទស្សន៍ CTN ពី​បទសម្ភាស​នោះ​បន្ទាប់មក កញ្ញា សិទ្ធី នីកា ក៏​ត្រូវ​បាន​ផលិតករ​ផ្សេងៗ​ទាក់ទង​ហៅ​ថត​ខ្សែភាពយន្ត​របស់​ខ្លួន​បាន​ជា​បន្តបន្ទាប់​ដូចជា​រឿង «​វិថី​នារី​» ​ដែល​ចាក់ផ្សាយ​នៅ​ទូរទស្សន៍ MyTV​។ ខណៈ​មួយរយៈ​ចុងក្រោយ​នេះ​តារា​ស្រី​ដែល​មាន​ត្រេ​មុខ​មិន​សូវ​ចាញ់​តារា​ថៃ​កញ្ញា សិទ្ធី នីកា កំពុងតែ​មមាញឹក​ជាមួយ​ការថត​ខ្សែ​ភាពយន្ត​រឿង «​ផ្កា​រីក​ក្នុង​ចិត្ត​» ដែល​នាង​សម្តែង​តួឯក​ឈ្មោះ នាង បុប្ផា និង​រឿង « បំណុល​ស្នេហ៍​» របស់​ផលិតកម្ម PR Production ដែល​មាន​ម្តាយមីង​ខ្លួន​គឺ​អ្នកនាង ព្រំ រដ្ឋា ជា​ម្ចាស់​ផលិតកម្ម​នោះ​។

ចំពោះ​ការសម្តែង​ភាពយន្ត​វិញ​នោះ​ជាទូទៅ​សង្កេត​ឃើញ​តារាសម្តែង​រលក​ក្រោយ​រមែង​មាន​ការរអ៊ូ ឬ​ប្រាប់​ពី​ចំណុច​លំបាក​ជារឿយៗ និង​តែងតែ​ចង់​បាន​ការសម្តែង​ណា​ដែល​ត្រូវ​តាម​ចំណូលចិត្ត​ខ្លួន​ដូចជា​ដើរតួ​កាច ឬ​តួ​ស្លូត ជាដើម​។ តែ​សម្រាប់​ស្រី​ស្រស់​ជា​តារា​ពន្លក​ថ្មី កញ្ញា សិទ្ធី នីកា ហាក់ដូចជា​មិន​មាន​កើត​នូវ​ក្តីបារម្ភ​នោះ​ឡើយ​ដោយ​នាង​និយាយ​ថា​៖ «​សម្រាប់​នាង​ខ្ញុំ​នោះ ការសម្តែង​ដូចជា​មិន​បាន​ចោទ​ជា​បញ្ហា​អ្វី​នោះ​ឡើយ​គឺ​ខ្ញុំ​អាច​សម្តែង​បត់បែន​ទៅ​តាម​សាច់រឿង​បាន​។ ទោះបី​ជា​នាង​ខ្ញុំ​ត្រូវគេ​ឲ្យ​ដើរតួ​កាច ឬ​តួ​ស្លូត​ក្តី គឺ​នាង​ខ្ញុំ​អាច​សម្តែង​បាន​ទាំងអស់​និយាយ​រួម​ទៅ​គឺ​អាច​បត់បែន​តាម​ការចង់​បាន​ពី​ក្រុម​អ្នកដឹកនាំ​រឿង​»​។

តែ​យ៉ាងណា​ក៏​តារាសម្តែង​ស្រី​ទើប​មាន​វ័យ​ ២០ ឆ្នាំ​ដែល​កំពុង​តែ​មាន​រូប​សម្ផស្ស​កាន់តែ​ស្រស់ស្អាត ផូរផង់​រូបនេះ​ក៏​ហាក់​ដូចជា​ចង់​មាន​ជម្រើស​សម្រាប់​ការសម្តែង​មួយ​ផងដែរ ប្រសិន​បើ​មាន​ការ​ឲ្យ​ជ្រើសរើស​បាន​នោះ​។

កញ្ញា សិទ្ធី នីកា បាន​បង្ហើប​ប្រាប់​បន្ថែម​ថា​៖ «​រូបនាង​ខ្ញុំ​ប្រសិន​បើ​អាច​ជ្រើស​បាន​មែន​នោះ​គឺ​ចង់​សម្តែង​តួ​ណា​ដែល​មើល​ទៅ​ដូចជា​មិន​សូវ​កាច​ពេក ហើយ​ក៏​មិនមែន​ជា​តួ​ដែល​មាន​លក្ខណៈ​ស្លូតបូត​ពេក​នោះ​ដែរ​»៕