ភ្នំពេញៈ ក្រោយពី​ក្លាយជា​អ្នកតំណាង​ផលិតផល​រក្សា​សម្ផស្ស ក្រែម​លាប​មុខ​ម៉ាក ហ្វែរ អែន ឡោហ្វលី នៅ​ក្រុមហ៊ុន​យូនីលីវើ ប្រកាស​តែង​តាំង​កាល​ពី​ថ្ងៃ​ទី ១៩ ខែ​មករា ឆ្នាំ ២០១៨ នៅ​ឯ​សណ្ឋាគារ​ណាហ្គាវើលដ៍​មក ស្រាប់​តែ​ថ្មីៗ​នេះ តារា​ចម្រៀង​ស្រី​សំឡេង​ស្រួយ សាច់​សខ្ចី​កញ្ញា សុខ ពិសី លេច​វត្តមាន​ទៅ​ពញ្ញាក់​អារម្មណ៍​មហាជន​ដែល​ប្រើ​ផលិតផល​នេះ​ដល់​កន្លែង​ស្នាក់​នៅ​ដោយ​សេចក្តី​សប្បាយ​រីករាយ។

មើលទៅ​សកម្ម​ភាពចុះ​ជួប​បងប្អូនស្រីៗ​ទៅ​ដល់​ផ្ទះសំបែង ឬ​កន្លែង​ស្នាក់​នៅ​នៃ​តំបន់​នានា​ក្នុង​ពេល​ថ្មីៗ​នេះ មិន​ត្រឹម​តែ​បង្កការ​ភ្ញាក់ផ្អើល​ពី​សំណាក់​អ្នកគាំទ្រ​នោះទេ ថែម​ទាំង​សង្កេត​ឃើញ​ថា តារា​ចម្រៀង​ស្រី​ផលិតកម្ម​សាន់ដេ សំឡេង​ស្រួយ​ដូច​សារិកា សុខ ពិសី មាន​ភាព​ពេញ​ចិត្ត​ពេញ​ថ្លើម​នឹង​ការងារ​នេះ​ទៀត​ផង។

ថ្លែង​ទាំង​មាន​ភាព​រំភើបចិត្ត​ទៅនឹង​សកម្មភាព​ថ្មី​នៃ​ការងារ​ជា​អ្នកតំណាង​ឲ្យ​ផលិតផល​រក្សា​សម្ផស្ស ក្រែម​លាប​មុខ​ម៉ាក ហ្វែរ អែន ឡោហ្វលី នេះ​កញ្ញា សុខ ពិសី ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា៖ «នេះ​គឺជា​យុទ្ធសាស្ត្រ​ថ្មី​មួយ​ដែល​ក្រុមហ៊ុន​បាន​ដាក់​ជា​គោលដៅ​សាកល្បង​ចង់​ដឹង​ថា តើ​ផលិតផល​នេះ​មាន​បង​ប្អូន​ខ្មែរ​យើង​ប្រើប្រាស់​ច្រើន​ដែរ​ឬ​ទេ? និង​មាន​ចំណាប់​អារម្មណ៍​យ៉ាងណា​ដែរ​បន្ទាប់​ពី​ប្រើ​ប្រាស់​មក​នោះ»។

តារាចម្រៀង​ដែល​កាក់កប​នឹង​ការងារ​ក្រៅ​សិល្បៈ​គឺ​ថត​ស្ប៉ត​ពាណិជ្ជកម្ម​ធំ​ឲ្យ​សាបៀរ Ganzberg កាល​ពី​ឆ្នាំ​ចាស់ ហើយ​ឆ្នាំ​ថ្មី​នេះ ក៏បាន​ក្លាយជា​អ្នក​តំណាង​ផលិតផល​រក្សា​សម្ផស្ស​ក្រែម​លាប​មុខ​ម៉ាក ហ្វែរ អែន ឡោហ្វលី រយៈពេល ១ ឆ្នាំ ខណៈ​ខ្លួន​ជា​តារា​ចម្រៀង​ទ្រនំ​ផលិតកម្ម​សាន់ដេ កញ្ញា សុខ ពិសី បន្ត​ថា៖ «មក​ទល់​ពេល​នេះ ក្រុមហ៊ុន​ដាក់​គោលដៅ​ដើម្បី​ឲ្យ​នាង​ខ្ញុំ ជា​តំណាង​ផលិតផល​ចុះ​ទៅ Surprised បងប្អូន​ខ្មែរ​យើង​នៅ​តាម​កន្លែង​ស្នាក់​នៅ​នោះ​មាន​ចំនួន ៤ កន្លែង។ ការ​ចុះ​លើក​ដំបូង​ឃើញ​ថា បងប្អូន​ខ្មែរ​យើង​មាន​ប្រើ​ប្រាស់​ច្រើន ហើយ​ក៏​សប្បាយចិត្ត​ទាំង​មាន​ការ​ភ្ញាក់​ផ្អើល​ផងដែរ​ពេល​ឃើញ​នាង​ខ្ញុំ​បាន​ទៅ​ដល់​ផ្ទះ។ ហើយ​បាន​ប្រាប់​ថា ផលិតផល​រក្សា​សម្ផស្ស ក្រែម​លាប​មុខ​ម៉ាក ហ្វែរអែន ឡោហ្វលី នេះ​ទទួល​បាន​ផល​ល្អ​ច្រើន។ ដោយ​ឡែក​នា​ថ្ងៃ​ស្អែក​នេះ [ថ្ងៃទី ២៤] នាង​ខ្ញុំ នឹង​ត្រូវ​ធ្វើ​ដំណើរ​ចេញ​ទៅ​ជួប​បងប្អូន​នៅឯ​តំបន់​ផ្សារ​បុស​ខ្នុរ​នៃ ស្រុក​ចំការ​លើ ខេត្ត​កំពង់ចាម ជា​ទិស​ដៅ​ទី ២ ក្នុង​ចំណោម​ទិសដៅ​ទាំង ៤ របស់​ក្រុមហ៊ុន»។

តារាចម្រៀង​ស្រី​មាន​រាសី​ឡើង​ខ្លាំង​ទាំង​ចម្រៀង និង​ការថត​ស្ប៉ត​ពាណិជ្ជកម្ម ដែល​ហាក់​ដូចជា​មិន​បាន​ធីប​ចោល​បញ្ហា​ស្នេហា​នោះ​គឺ​ថា នាង​ក៏បាន​ទុក​ពេល​ខ្លះ ដើម្បី​សម្លឹង​មើល​អំពី​គុណសម្បត្តិ នៃ​បុរស​ជា​អនាគត​គូស្នេហ៍​ដ៏​សម​សួន​ខ្លួន​ជា​បណ្តើរៗ​ផង​នោះ ក៏បាន​ផ្តាំផ្ញើ​ជា​សារ​ដល់​ប្រិយមិត្ត​អ្នក​គាំទ្រ​នាង​ផងដែរ​តាមរយៈ​ជា​តារា​តំណាង​ថា៖ «ខ្ញុំ​ចង់​ឲ្យ​បងប្អូន​នារី​យើង​ឈប់​ខ្វល់​ទៀត​ទៅ Fair & Lovely នេះ​មាន​គុណភាព​ល្អ ហើយ​តម្លៃ​វិញ​ត្រឹម​តែ ១០០០ រៀល ប៉ុណ្ណោះ ក៏​អាច​ស្អាត​បាន​ដែរ។ ផលិតផល​ម៉ាក នេះ​មិន​ត្រឹម​តែ​មាន​គុណភាព​ល្អ​ទេ រីឯ​តម្លៃ​វិញ​ក៏​សមរម្យ​បំផុត ខណៈ​នាង​ខ្ញុំ​ក៏បាន​ប្រើ​ប្រាស់​វា​យូរ​មក​ហើយ​ផង​ដែរ»៕