ភ្នំពេញៈ ថ្មីៗ​នេះ​តារាចម្រៀង​ស្រី​កាន់​តែ​មាន​សម្រស់​ស្អាត មាឌ​ល្អិត​សំនៀង​ពីរោះ និង​អតីត​ជា​បេក្ខនារី​ចូល​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​កម្មវិធី​ចម្រៀង Cambodian Idol រដូវកាល​ទី​ ១ កញ្ញា សុវត្ថិឌី ធារិកា ត្រូវ​មហាជន​លួច​សរសើរ​អំពី​សុជីវធម៌​ក្នុង​សង្គម​ហាក់​ដូច​ផ្ទុយគ្នា​ស្រឡះ​កាល​ប៉ុន្មាន​ឆ្នាំ​មុន ដែល​ត្រូវ​គេ​រិះគន់​ទៅ​លើ​រូប​សម្រស់ និង​ទឹកដម​សំនៀង​ថា​ច្រៀង​មិន​ពីរោះ សម្រស់​ក៏​មិន​ស្អាត​នោះ​។ ភាព​ខុសប្លែក​គ្នា​ពី​ចំណាប់អារម្មណ៍​លើ សុវត្ថិឌី ធារិកា ដែល​មាន​រាង​ស្វែលត៍ និង​កំពុងតែ​ស្រូប​ប្រជាប្រិយភាព​ពី​មហាជន​តាមរយៈ​ការច្រៀង​ឡើងវិញ​នូវ​មរតក​ចម្រៀង និង​បទ​ថ្មីៗ​ខ្លួន​នៅក្នុង​ផលិតកម្ម​មកុដមេឌា ទទួល​បាន​ការកោតសរសើរ​ពី​មហាជន​ ខណៈ​ពេល​កញ្ញា​ចូលរួម​សម្តែង​កម្មវិធី​មួយ ហើយ​សម្តែង​ក្តី​គារវៈ​យ៉ាង​គួរសម​ជាមួយ​នឹង​ព្រះនាង​តូច​ព្រះនាម នរោត្តម ជេនណា កាលពី​ចុង​សប្តាហ៍​កន្លង​មក​។

សុជីវធម៌​របស់​កញ្ញា សុវត្ថិឌី ធារិកា សម្តែង​ចេញ​ពី​ចិត្ត​ដោយ​ក្តី​គោរព​ឋានៈ​របស់​សែស្រឡាយ​រាជវង្ស​ព្រះនាង​តូច នរោត្តម ជេនណា ក៏​លេចចេញ​ពាក្យ​សរសើរ​ពី​មហាជន​ថា​៖ «​គុំរូ​ល្អ​មែន សុវត្ថិឌី ធារិកា ទោះបី​ព្រះនាង ឬ​អ្នក​អង្គម្ចាស់​នៅ​មាន​វ័យក្មេង​កុមារភាព​ក៏​ពិតមែន​តែ​ឲ្យ​ទ្រង់​ជា​សែរាជវង្ស យើង​ទាំងអស់​គ្នា​ជា​រាស្ត្រសាមញ្ញ គប្បី​គោរព​មាន​កិរិយា​បែប​នេះ​ទើប​ត្រឹមត្រូវ ហើយ​សម្តែង​ពី​ការឲ្យ​តម្លៃ និង​គោរព​ស្រឡាញ់​សែរាជវង្ស​របស់​ជាតិ​ខ្មែរ​យើង​ទាំង​មូល ខ្ញុំ​ចង់​ឲ្យ​មិត្តៗ​ទាំងអស់​គ្នា​ជួយ​ស៊ែរ​ម្នាក់ ១ ផង​ដើម្បី​ចែករំលែក​ឲ្យ​គ្រប់​គ្នា​បាន​ស្គាល់ និង​ធ្វើតាម​គុំរូ​ល្អៗ​បែប​នេះ​»​។

បន្ថែម​ពី​រូបភាព​សម្តែង​គារវៈ​ចំពោះ​ព្រះនាង​តូច ជេនណា នោះ សុវត្ថិឌី ធារិកា ក៏​បញ្ជាក់​ដោយ​ការពារ​ក្រែងលោ​មាន​យល់ច្រឡំ​ថា នាង​ចង់​ល្បី​ដោយសារ​រឿង​នេះ ខណៈ​រូបនាង​ផ្ទាល់​គ្មាន​ចេតនា​ចង់​បាន​ការទាក់ទាញ​ចំណាប់​អារម្មណ៍​មហាជន​ដើម្បី​ឲ្យ​ល្បី​បែប​នោះទេ​។

តារាចម្រៀង​ស្រី​មាន​សាច់ឈាម​ស្រស់ស្អាត និង​មុខមាត់​សមសួន​ជាង​មុន​វ័យ ២១ ​ឆ្នាំ​ដែល​ជា​និស្សិត​ឆ្នាំ​ទី​ ៤ ផ្នែក​ពាណិជ្ជកម្ម​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច សុវត្ថិឌី ធារិកា បាន​បង្ហើប​ថា​៖ «​ខ្ញុំ​ពិតជា​ស្មាន​មិន​ដល់​ដែរ​ថា​បង្ហាញ​ពី​ការគោរព​ចំពោះ​សែស្រឡាយ​រាជវង្ស​នោះ ធ្វើឲ្យ​មហាជន​ចាប់អារម្មណ៍​នោះ​ទេ​។ តែ​និយាយ​ឲ្យ​ពិត​ត្រង់​ទៅ ខ្ញុំ​ស្គាល់​ព្រះនាង​តូច​យូរ​ក្រែល​ដែរ ហើយ​ក៏​ចូលចិត្ត​ទ្រង់​។ ​នាង​ខ្ញុំ ក៏​អត់​មាន​ចេតនា​ចង់​បាន​ភាពល្បី​ដោយសារ​តែ​រឿង​នេះ​ទេ​»៕