ភ្នំពេញ៖ នៅ​ទី​​បំផុត​​បេក្ខនារី​រូប​​​ស្រស់​ កម្ពស់ ១,៧៣ ម៉ែត្រ វ័យ​ ២០ ឆ្នាំ កញ្ញា សេង រដ្ឋា តំណាង​មក​ពី​​ខេត្ត​កំពង់ធំ បាន​​គ្រង​​​មកុដ​ ​Miss Grand​ Cambodia 2020 ​នៃ​ការ​​ប្រកួត​​ផ្តាច់​ព្រ័ត្រ​ កាល​ពី​រាត្រី​ថ្ងៃទី ២៦ ខែ ​កញ្ញា ឆ្នាំ​ ២០២០ នៅ​ក្នុង​​ចំណោម​​បេក្ខនារី​​​​​​ចំនួន​ ២៨ ​រូប​នោះ។

ការ​​ប្រកួត​ប្រជែង​ដើម្បី​​​​រក​​​​ម្ចាស់​មកុដ​សម្រស់​​​នារី​​ខ្មែរ​នៃ​​ Miss Grand Cambodia​ ​ឆ្នាំ ​២០២០ បាន​ឈាន​មក​ដល់​វគ្គ​​ផ្តាច់​​ព្រ័ត្រ​​​កាល​​​រាត្រី​ថ្ងៃទី ​២៦ ខែ ​កញ្ញា ឆ្នាំ​ ២០២០ រៀបចំ​នៅ​​ដឺព្រីមៀ សេនធ័រ សែនសុខ​ដែល​​​រក​បាន​​បេក្ខនារី​​​ស័ក្តិសម​ជា​​​ម្ចាស់​ជយលាភី​ចំនួន ​៥ រូប​ (Top 5) ដោយ​ម្ចាស់​មកុដ​លេខ ​១ គឺ​បាន​ទៅ​លើ​​កញ្ញា សេង​ រដ្ឋា លេខ ២​ បាន​ទៅ​លើ​កញ្ញា ​លឹម សុធាវី តំណាង​ខេត្ត​ព្រះសីហនុ អាយុ​ ២៥ ឆ្នាំ មាន​កម្ពស់ ១,៦៨ ម៉ែត្រ​ លេខ ​៣ បាន​​ទៅ​លើ​កញ្ញា លីវ ជីលី ​តំណាង​ខេត្ត​បន្ទាយមានជ័យ អាយុ ២៤ ឆ្នាំ មាន​កម្ពស់​ ​១,៧០ ម៉ែត្រ លេខ ៤ បាន​ទៅ​លើ​​កញ្ញា​ វុធ ធីដាវិន​ តំណាង​​ខេត្ត​​បាត់ដំបង អាយុ ២៤ ឆ្នាំ កម្ពស់ ​១,៧៥ ម៉ែត្រ និង​​លេខ ៥ បាន​ទៅ​លើ​កញ្ញា​ សារុំ ចន្ថា​​​ តំណាង​ប្រជាជន​ខ្មែរ​រស់នៅ​​បារាំង​មាន​អាយុ ១៨ ឆ្នាំ កម្ពស់ ១,៧០ ម៉ែត្រ។

កញ្ញា​ លឹម សុធាវី មកពី​ខេត្តព្រះសីហនុ ជាប់លេខ ២។ រូបថត សហ​ការី

បេក្ខនារី​ដែល​គ្រង​តំណែង​មកុដ​ថ្មី​កញ្ញាឯក​ Miss Grand Cambodia 2020 ​ឆ្នាំ​នេះ​​រក​ឃើញ​​​​​​បេក្ខនារី​ដ៏​ស័ក្តិសម​បំផុត​ជា​​បេក្ខនារី​តំណាង​ខេត្ត​កំពង់ធំ មាន​​​​វ័យ​ ២០ ឆ្នាំ មាន​កម្ពស់​ ១,៧៣ ម៉ែត្រ ទម្ងន់ ៥៤ គីឡូ ដោយ​កញ្ញា សេង ​រដ្ខា​ គឺ​ជា​និស្សិត​​​ស្រី​រៀន​ជំនាញ​គណនេយ្យ​រៀន​នៅ​​វិទ្យាស្ថាន​វ៉ាន់ដា​ ខណៈ​​កញ្ញា​មាន​​រូប​​​សម្ផស្ស​​ស្រស់ស្អាត​​ និង​មាន​​​​ចំណេះដឹង​រូប​នេះ​ក៏​ធ្លាប់​ឈ្នះ​​​​ជយលាភី​​ចំណាត់​ថ្នាក់​លេខ ១ ដែរ​​ក្នុង​ការ​ប្រកួត​​បវរកញ្ញា​ Miss Yellow 2018​។​

អ្វី​​​​ដែល​ធ្វើ​ឱ្យ​មជ្ឈដ្ឋាន​អ្នក​ចូលរួម និង​គណៈកម្មការ​​ប្រកួត​​សម្តែង​​​​ភាព​ភ្ញាក់​ផ្អើល​ខ្លាំង​​ក្នុង​វគ្គ​​សំណួរ​ចម្លើយ​​ ដែល​​​​​បង្ហាញ​​ចំណាប់​​​អារម្មណ៍​​​ស្អប់​បំផុត​ក្នុង​​ជីវិត​នោះ កញ្ញា សេង រដ្ឋា បាន​ឆ្លើយ​ដោយ​ទំនុក​ចិត្ត​ និង​មាន​​ការ​ជឿ​ជាក់​ថា​៖ «​តាំង​ពី​​​​ដឹង​ក្តី​មក​​ ​នាង​ខ្ញុំ​​​ស្អប់​អំពើ​ហិង្សា​ទៅ​​លើ​កុមារ និង​ទៅ​លើ​ស្រ្តី​ជាង​គេ​​​ក្នុង​ជីវិត​របស់​ខ្ញុំ។ ម្យ៉ាង​​វិញ​ទៀត នាង​ខ្ញុំ​ក៏​ស្អប់​ភាព​​អសន្តិសុខ​នៅ​​​​​ក្នុង​​​សង្គម និង​សង្រ្គាម ​ដែល​បំផ្លាញ​គ្រប់​យ៉ាង​​នៅ​ក្នុង​សង្គម​មាន​ដូចជា​ ការ​អភិវឌ្ឍ​ប្រទេស​​ជាដើម»។​

សម្រាប់​បេក្ខនារី​ម្ចាស់​មកុដ​ថ្មី​​ចំណាត់​ថ្នាក់​លេខ ១ ពី​​​កម្មវិធី Miss Grand Cambodia 2020 នេះ​ កញ្ញា សេង រដ្ឋា ​នឹង​​​​ត្រៀម​ខ្លួន​​ជា​តំណាង​ឱ្យ​កម្ពុជា​ ទៅ​ចូល​រួម​​ប្រកួត​បន្ត​ក្នុង​​​កម្មវិធី​អន្តរជាតិ​​ Miss Grand International 2020 ​នៅ​ប្រទេស​វេណេស៊ុយអេឡា ពេល​ខាង​មុខ​​​​៕​