ភ្នំពេញ៖ ខណៈជិតដល់ពេលត្រូវទៅប្រកួតប្រជែងលក្ខណៈអន្តរជាតិ Miss Grand International 2020 នៅទីក្រុងបាងកក ប្រទេសថៃ នាចុងខែមីនា ឆ្នាំ ២០២១ ស្រាប់តែមានរឿងផ្ទុះឡើងនូវមតិខ្វែងគ្នារវាងបេក្ខនារីកញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជាឆ្នាំ ២០២០ (Miss Grand Cambodia 2020) សេង រដ្ឋា និងក្រុមហ៊ុនរៀបចំការប្រកួតដែលតំណាងឱ្យប្រទេសកម្ពុជា កាលពីថ្ងៃទី ១៩ ខែ មករា ឆ្នាំ ២០២១។
ដំណឹងបែកធ្លាយកញ្ញា សេង រដ្ឋា របូតតំណែងខានជាបេក្ខនារីតំណាងឱ្យកម្ពុជាក្នុងព្រឹត្តិការណ៍ប្រកួតអន្តរជាតិប្រចាំឆ្នាំ ២០២០ ដែលពន្យារពេលមកធ្វើនៅថ្ងៃទី ២៧ ខែ មីនា ឆ្នាំ ២០២១ វិញ ព្រោះបញ្ហាកូវីដ ១៩ បានផុសចេញនូវលិខិតអញ្ជើញមួយ ដែលមានតំណាងពីផលិតកម្មមហាហង្ស និងអ្នកគ្រប់គ្រងបេក្ខនារីកញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជា ចុះកាលបរិច្ឆេទនៅថ្ងៃទី ១៨ ខែ មករា ឆ្នាំ ២០២១ ជូនចំពោះកញ្ញា សេង រដ្ឋា នៅថ្ងៃទី ១៩ ខែ មករា ឆ្នាំ ២០២១ បង្ហោះសារតាមគេហទំព័រ Miss Grand Cambodia។
សារនោះសរសេរថា៖ «ដើម្បីសម្របសម្រួលភាគីទាំង ២ ដោយសារមានការផ្ដល់យោបល់ពីខាងមេធាវីក្រុមហ៊ុន ដូច្នេះក្រុមហ៊ុនក៏បានចេញលិខិតអញ្ជើញកញ្ញា សេង រដ្ឋា មកចូលរួមដោះស្រាយបញ្ហាដែលកើតឡើងកន្លងមកតាមសន្តិវិធីនៅការិយាល័យផលិតកម្មមហាហង្ស ថ្ងៃអង្គារ ទី ១៩ ខែ មករា ឆ្នាំ ២០២១ វេលាម៉ោង ៣ រសៀលនេះ។ ប្រសិនបើកញ្ញា សេង រដ្ឋា មិនចូលខ្លួនមកដោះស្រាយតាមសន្តិវិធីទៅតាមលិខិតអញ្ជើញរបស់ក្រុមហ៊ុនទេ នោះជំហានទី២ មេធាវីខាងក្រុមហ៊ុននឹងចេញលិខិតកោះហៅកញ្ញា សេង រដ្ឋា ដើម្បីចូលខ្លួនមកដោះស្រាយជាលើកទី២ ប៉ុន្តែបើកញ្ញា សេង រដ្ឋា នៅតែមិនចូលខ្លួនដោះស្រាយ ទេខាងក្រុមហ៊ុននឹងធ្វើការតាមផ្លូវច្បាប់សម្រេច ដកហូតតំណែងរបស់កញ្ញាដោយស្វ័យប្រវត្តិ ខាងក្រុមហ៊ុននឹងធ្វើសន្និសីទសារព័ត៌មានតាមក្រោយប្រសិនបើមានការប្រែប្រួលអ្វីមួយរវាងភាគីទាំង ២»។
ក្រោយមកបន្តិច នៅថ្ងៃដដែលកញ្ញា សេង រដ្ឋា ក៏បានតបសារវិញភ្លាមថា៖ «សុំទោសផង fan beauty pageant និងអ្នកគាំទ្រដ៏សែនល្អរបស់ខ្ញុំ សេង រដ្ឋា ខ្ញុំពិតជាមិនអាចទទួលយកបាននូវអ្វីដែលអ្នកគ្រប់គ្រងកម្មវិធីបានបរិហារកេរ្តិ៍ឈ្មោះរបស់ខ្ញុំនៅលើបណ្តាញសង្គមរហូតដល់មានការចុះផ្សាយព័ត័មានជាសាធារណៈបែបនេះ ខ្ញុំនឹងធ្វើតាមអ្វីដែលអ្នកគ្រប់គ្រងកម្មវិធីបានប្រកាសជាសាធារណៈកន្លងមក (ដកតំណែង) ហើយអ្វីដែលខ្ញុំធ្វើបាននៅពេលនេះ គឺចូលខ្លួនបង្ហាញវត្តមាននៅថ្ងៃសន្និសីទកាសែតតែមួយគត់ដែលនឹងប្រព្រឹត្តឡើងដោយមានកាលបរិច្ឆេទពេលវេលាច្បាស់លាស់ណាមួយតែប៉ុណ្ណោះ ដើម្បីដកតំណែងនាងខ្ញុំដូចអ្វីដែលអ្នកគ្រប់គ្រងកម្មវិធីបានប្រកាសជាសាធារណៈកន្លងមកខ្ញុំពិតជាស្រឡាញ់វិស័យមួយនេះណាស់ទម្រាំមានថ្ងៃនេះទោះខ្ញុំលំបាកយ៉ាងណាក៏ខ្ញុំនៅតែញញឹម ដើម្បីអ្នកទាំងអស់គ្នា love u my Fan I like simple life»៕