ភ្នំពេញៈ ក្រៅពី​ឧស្សាហ៍​ឃើញ​ហោះហើរ​ចុះ​ឡើង​ប្រទេស​ថៃ​ញឹកញាប់​នោះ​ក៏​ស្រាប់តែ​ថ្មីៗ​នេះ តារា​សម្តែង​ស្រី​ស្រស់ស្អាត និង​អតីត​ជា Freshie Girl លេខ ១ ប្រចាំ​ឆ្នាំ​ ២០១៤ កញ្ញា ស៊ីន យូប៊ីន ត្រូវ​បាន​ផលិតករ​ថៃ​ជ្រើស​ជា​តួឯក​ស្រី​ក្នុង​កុន​ខ្នាត​ធំ​ថៃ​រឿង «The Protect» បង្ក​ការភ្ញាក់ផ្អើល​មហាជន​ខ្មែរ​។

តារា​រលក​ក្រោយ​កំពុង​ល្បី​មាន​រាសី​ឡើង​ក្រឺតៗ​កញ្ញា ស៊ីន យូប៊ីន ដែល​បាន​ឈ្នះ​ពានរង្វាន់​តារាសម្តែង​ស្រី​ឆ្នើម​ប្រចាំ​កម្មវិធី​មហោស្រព​ភាពយន្ត​ជាតិ​លើក​ទី ៥ កាល​ឆ្នាំ ២០១៧ និង​ឆ្នាំ​ ២០១៨ នាង​ត្រូវ​ផលិតកម្ម ៤ ក្នុង​ស្រុក​បាន​កក់​ទុក​ឲ្យ​ថតកុន​ភាគ​ពេញ​ ១ ​ឆ្នាំ​។

ទោះបី​ទើប​ប្រឡូក​សិល្បៈ​មែន​ក្តី ស្រី​ស្រស់ ស៊ីន យូប៊ីន មាន​ប្រជាប្រិយភាព​យ៉ាងខ្លាំង​ដោយ​ទទួល​បាន​ការគាំទ្រ​ទាំង​ទស្សនិកជន​ក្នុង និង​ក្រៅ​ស្រុក តួយ៉ាង​ថ្មីៗ​នេះ​ដំណឹង​មួយ​អាច​និយាយ​បាន​ថា​ជា​មាន​មោទនភាព​ចំពោះ​អ្នកសិល្បៈ​ខ្មែរ​ដែល​នាង​ត្រូវ​ផលិតករ​ថៃ​ជ្រើស​ឲ្យ​សម្តែង​ជា​តួឯក​ក្នុង​ខ្សែ​ភាពយន្ត​ខ្នាត​ធំ​មួយ​មាន​ចំណងជើង​ថា «The Protect» ឬ «Bodyguard»​។

ពាក់ព័ន្ធ​នឹង​ដំណឹង​នេះ តារាស្រី​មាន​ស្រុក​កំណើត​នៅ​ខេត្ត​កណ្តាល​កញ្ញា ស៊ីន យូប៊ីន មិន​បាន​ឲ្យ​ដឹង​ពី​មូលហេតុ​អ្វី​ខ្លះ​ដែល​ផលិតករ​ថៃ​ជ្រើស​នាង​ជា​តួឯក​រឿង​នេះ​យ៉ាងណា​នោះ​ឡើយ​ដោយសារ​ប្រព័ន្ធ​ទូរស័ព្ទ​នាង​មិន​អាច​ទំនាក់​ទំនង​បាន​ទេ​។

ដោយឡែក​បើ​តាម​កញ្ញា លក្ខិណា ដែល​ជា​ជំនួយការ​ផ្ទាល់​របស់​កញ្ញា ស៊ីន យូប៊ីន ក៏​មិន​ដឹង​ច្បាស់​ដែរ ដោយ​នាង​គ្រាន់​តែ​បាន​បញ្ជាក់​ថា​៖ «​គាត់ [​យូប៊ីន​] ពិត​ជា​ត្រូវ​បាន​ផលិតករ​ថៃ​ជ្រើស​ធ្វើ​ជា​តួឯក​នៅក្នុង​រឿង​«The Protect» មែន​!​តែ​មូលហេតុ​ដែល​ជ្រើស​នោះ​ក៏​នាង​ខ្ញុំ​មិន​ទាន់​បាន​ជ្រាប​ច្បាស់​ដែរ ហើយ​ពេល​នេះ​គាត់​ក៏​កំពុង​តែ​មាន​វត្តមាន​នៅ​ឯ​ប្រទេស​ថៃ​នោះ​ដែរ​។ ចំពោះ​រឿង​នេះ នាង​ខ្ញុំ​នឹង​ព្យាយាម​ទាក់ទង​ទៅ​គាត់ ដើម្បី​សួរនាំ​ឲ្យ​ដឹង​ពី​មូលហេតុ ហើយ​ជម្រាប​ខាង​បង​ឲ្យ​បាន​ដឹង​ពេល​ក្រោយ​»​។

បើ​តាម​ប្រភព​ព័ត៌មាន​ថៃ​ដែល​ផ្សព្វផ្សាយ​នា​ថ្ងៃ​ក្រុង​ពាលី​ខ្សែភាពយន្ត​ខ្នាត​ធំ «The Protect» នោះ​មាន​ការ​បញ្ជាក់ថា​ខ្សែភាពយន្ត​ខ្នាត​ធំ​ខាង​លើ​ជា​ភាពយន្ត​មួយ​មាន​កម្រិត​អន្តរជាតិ ដោយ​មាន​តារា​ខ្មែរ ស៊ីន យូប៊ីន ទទួល​បាន​កិត្តិយស​សម្តែង​ជា​តួឯក​រួម​ជាមួយ​នឹង​តារា​ថៃ​គឺ​លោក Mum Jokmok និង លោក P''Dim Tatto Colour Petchtai Wongkamlao ព្រម​ទាំង​មាន​សិល្បករ-សិល្បការិនី​ថៃ ជាច្រើន​រូប​ទៀត​ផង​ដែរ​។

គួរ​រំឭក​ដែរ​ថា នេះ​មិនមែន​ជា​លើក​ទី​ ១ នោះ​ទេ​ដែល​សិល្បការិនី​ខ្មែរ កញ្ញា ស៊ីន យូប៊ីន ត្រូវ​បាន​ផលិតករ​ថៃ និង​ត្រូវ​ទស្សនិកជន​នៅ​ក្រៅ​ស្រុក​មាន​ការចាប់អារម្មណ៍ និង​ផ្តល់​កិត្តិយស​ឲ្យ​នាង​ចូលរួម​សម្តែង ខណៈ​កាលពី​លើក​មុន​នាង​ក៏​ធ្លាប់​ចូលរួម​សម្តែង​ភាពយន្ត​ក្រៅ​ស្រុក​ផង​ដែរ តែ​លើក​នេះ​មាន​លក្ខណៈ​អន្តរជាតិ​៕