ភ្នំពេញ៖ នាពេលថ្មីៗនេះ ស្រីស្អាត ស៊ុយ ប៊ូណាវីន ធ្លាប់ជាបេក្ខនារីជាប់ត្រឹមវគ្គជម្រើស ១០ នាក់ចុងក្រោយនៃការប្រកួតបវរកញ្ញាចក្កវាឡកម្ពុជាឆ្នាំ ២០១៩ កន្លងមកនោះ ទទួលបានការជ្រើសជាបេក្ខភាពឲ្យចូលរួមក្នុងកម្មវិធីប្រកួតអន្តរជាតិមានឈ្មោះថា Miss Cosmo World 2019 ដែលនឹងរៀបចំនៅឯប្រទេស ម៉ាឡេស៊ី ក្នុងពេលឆាប់ៗនេះ។
ជាមួយនឹងរូបឆោមស្អាត ដោយមានទម្រង់មុខជាកូនកាត់ផងនោះ កញ្ញា ស៊ុយ ប៊ូណាវីន មានកម្ពស់ ១,៦៦ ម៉ែត្រ វ័យ ២៤ ឆ្នាំ ទម្ងន់ ៥១ គីឡូក្រាម និងមានស្រុកកំណើតនៅក្នុងរាជធានីភ្នំពេញ និងធ្លាប់មានបទពិសោធប្រឡូកក្នុងវិស័យម៉ូដែល និងសម្តែងតាំងពីឆ្នាំ ២០១៣ មក នឹងត្រៀមខ្លួនសម្រាប់ឱកាសដ៏ពិសេសតំណាងឲ្យប្រទេសជាតិខ្លួនផងដែរ។
កញ្ញា ស៊ុយ ប៊ូណាវីន បង្ហើបប្រាប់ពីប្រវត្តិខ្លួនថា៖ «នាងខ្ញុំជាតារាសម្តែង និងតារាម៉ូដែល ដែលចាប់ផ្តើមសិល្បៈនេះតាំងពីឆ្នាំ ២០១៣ មក ហើយនៅក្នុងឆ្នាំ ២០១៩ នេះ ខ្ញុំក៏បានដាក់ពាក្យចូលរួមកម្មវិធីប្រកួតបវរកញ្ញាចក្កវាឡកម្ពុជាឆ្នាំ ២០១៩ ហើយក៏បានជាប់នៅក្នុងវគ្គជាបេក្ខនារីកំពូលទាំង ១០ ចុងក្រោយនៃការប្រកួតកាលពីថ្ងៃទី ២៥ ខែ កុម្ភៈ ឆ្នាំ ២០១៩ កន្លងមក ដែលនៅក្នុងចំណោមបេក្ខនារីប្រកួតទាំងអស់ដាក់ពាក្យចូលរួមចំនួន ៥០ រូប និងបានជាប់ទៅវគ្គបន្ត ២៥ នាក់ចុងក្រោយ សម្រាប់ប្រកួតនៅវគ្គផ្តាច់ព្រ័ត្រផងដែរ កាលពីថ្ងៃទី ២៦ ខែ កុម្ភៈ ឆ្នាំ ២០១៩ កន្លងមក។
នាងខ្ញុំ ស៊ុយ ប៊ូណាវីន មានអាយុ ២៤ ឆ្នាំ ជាបេក្ខនារីពាក់ស្លាកលេខ ៥ ហើយខ្ញុំមានមោទនភាពចំពោះខ្លួនឯងខ្លាំងណាស់ ព្រោះថាពេលនោះនាងខ្ញុំក៏បានទទួលជយលាភីអ្នករាំស្អាតជាងគេ ឬ Best In Product Number បន្ទាប់មកក៏មានវត្តមាននាងខ្ញុំនៅក្នុង Top 10 វាពិតជាអស្ចារ្យខ្លាំងណាស់សម្រាប់រូបនាងខ្ញុំ»។

កញ្ញា ស៊ុយ ប៊ូណាវីន វ័យ ២៤ ឆ្នាំ មកពីរាជធានីភ្នំពេញ ដែលបានប្រឡូកចូលក្នុងវិស័យសិល្បៈតារាម៉ូដែល និងតារាសម្តែងតាំងពីឆ្នាំ ២០១៣ ក៏បង្ហើបឲ្យដឹងពីការទទួលបានការជ្រើសរើសសម្រាប់បេក្ខភាពមួយនៃការប្រកួតអន្តរជាតិមានឈ្មោះថា Miss Cosmo World 2019 ដែលនឹងរៀបចំនៅប្រទេស ម៉ាឡេស៊ី ដែរថា៖ «នាងខ្ញុំត្រូវបានគេជ្រើសរើស និងអនុញ្ញាតសម្រាប់ចូលរួមការប្រកួតនេះ ហើយនៅពាក់កណ្តាលខែតុលា នាងខ្ញុំនឹងចេញដំណើរពីប្រទេស កម្ពុជា ដើម្បីទៅចូលរួមការប្រកួត Miss Cosmo World 2019 នោះនៅឯប្រទេស ម៉ាឡេស៊ី ខណៈឯកាលបរិច្ឆេទប្រកួតជាក់លាក់នោះ នាងខ្ញុំនៅមិនទាន់បានដឹងនៅឡើយដែរទេអាចនឹងដឹងច្បាស់នៅខែតុលានេះហើយ»។
ស្រីស្រស់ ស៊ុយ ប៊ូណាវីន ឲ្យដឹងបន្តពីអារម្មណ៍ផ្ទាល់ខ្លួនសម្រាប់ការចាប់អាជីពជាអ្នកប្រជែងខាងបង្អួតសម្រស់នេះដែរថា៖ «អ្វីដែលនាងខ្ញុំបានទទួលបន្ទាប់ពីភាពជោគជ័យមួយនេះ គឺការចងចាំរបស់មនុស្សជុំវិញខ្លួននាងខ្ញុំ និងក្តីស្រឡាញ់យ៉ាងកក់ក្តៅពីមនុស្សជុំវិញខ្លួននាងខ្ញុំ។ ថ្ងៃណាមួយខ្ញុំនឹងបង្ហាញឲ្យមនុស្សនៅជុំវិញពិភពលោក បានស្គាល់នាងខ្ញុំកាន់តែច្បាស់ថា ខ្ញុំជាអ្នកណា។ ខ្ញុំនឹងចែករំលែកក្តីស្រឡាញ់របស់ខ្ញុំ ទៅកាន់មនុស្សគ្រប់គ្នា ដែលស្រឡាញ់ និងគោរពនាងខ្ញុំ»។
ចំពោះបេក្ខនារីជាម្ចាស់ជយលាភីពីការប្រកួតកញ្ញាឯកចក្កវាឡកម្ពុជាឆ្នាំ ២០១៩ (Miss Universe Cambodia 2019) ឬម្ចាស់មកុដនោះ គឺត្រូវបានធ្លាក់ទៅលើកញ្ញា សំណាង អេលីណា ដែលមានស្រុកកំណើតនៅរាជធានីភ្នំពេញ ហើយបច្ចុប្បន្នគឺជានិស្សិតឆ្នាំទី ១ ចាប់យកជំនាញរៀនផ្នែកទំនាក់ទំនងអន្តរជាតិនៅសាកលវិទ្យាល័យបញ្ញាសាស្ត្រ ដែលបានបន្តភារកិច្ចជាតំណាងឲ្យកម្ពុជាបន្តពីកញ្ញា រឿន ណាត ដែលអតីតជាកញ្ញាឯកចក្កវាឡឆ្នាំ ២០១៨ បានស្រូបប្រជាប្រិយភាពយ៉ាងខ្លាំង៕