ភ្នំពេញ៖ សម្រាប់សិល្បករ-សិល្បការិនី ស្ទើរតែទាំងអស់កាលណាមានកេរ្តិ៍ឈ្មោះល្បីល្បាញ និងទ្រព្យធនច្រើនហើយនោះ រមែងស្រវាទិញលំនៅឋានជាវីឡាតូច ឬធំតាមធនធានខ្លួន មានទីតាំងនៅក្នុងទីក្រុងភ្នំពេញ។ ចម្លែកអីតារាចម្រៀងស្រីរាងស្លីម សាច់ខ្ចីដូចបណ្តូលចេកកញ្ញា អ៊ីវ៉ា ហាក់មិនបាននឹកនាសង្វាតទិញផ្ទះសំបែងដូចគេនោះឡើយ គឺនាងសុខចិត្តធ្វើដំណើរវិលចុះឡើងទៅសម្រាកផ្ទះខ្លួននៅស្រុកកំណើតក្នុងខេត្តកំពង់ស្ពឺវិញ។
តារាចម្រៀងស្រីជ្រកនៅទ្រនំសាន់ដេមានឈ្មោះពិតកញ្ញា ឃីន ស្រីនាថ ហៅកញ្ញា អ៊ីវ៉ា ចំណាយពេលជិះរថយន្តពីផ្ទះនាងនៅខេត្តកំពង់ស្ពឺ មកច្រៀងនៅភ្នំពេញ តាមបណ្ដាស្ថានីយទូរទស្សន៍មួយចំនួន ដោយត្រូវប្រើពេលដល់ជាង ១ ម៉ោងឯណោះ ដែលខុសពីអ្នកសិល្បៈរួមអាជីពមួយចំនួនភាគច្រើនបានទិញផ្ទះនៅទីក្រុងភ្នំពេញ ឬក៏អាចជួលបន្ទប់ខុនដូ នៅជិតៗក្រុង ដើម្បីស្នាក់នៅ។
ក៏ប៉ុន្ដែតារាចម្រៀងស្រីសំឡេងស្រួយ ស្រទន់ និងមុត កញ្ញា អ៊ីវ៉ា វិញគឺសុខចិត្តចុះឡើងទៅមកៗ ពីខេត្តមកភ្នំពេញ ដោយគ្មានគម្រោងទិញផ្ទះវីឡាថ្មីដូចគេឯងឡើយ ខណៈដែលផ្ទះវីឡាដ៏ស្កឹមស្កៃរបស់នាងនៅខេត្តកំពង់ស្ពឺ នោះគឺថាមិនចាញ់ទ្រនំដ៏ធំប្រណីតរបស់តារាចម្រៀងប្រុសលោក ខេម ប៊ុនថៃ ហៅលោក ខេមរៈ សិរីមន្ដ ដែលពីមុនរួមទ្រនំសាន់ដេនឹងនាង ខណៈបច្ចុប្បន្ននៅហង្សមាសឡើយ។
នារយៈពេល ២ ឆ្នាំចុងក្រោយនេះ តារាចម្រៀងស្រី រាងស្លីម សម្រស់កាន់តែផូរផង់ កញ្ញា អ៊ីវ៉ា ក៏មានលេចឮដែរថា ត្រូវបានផលិតកម្មចម្រៀងធំហង្សមាស ចែចូវយកទៅជួបជុំតារាចម្រៀងប្រុស ខេមរៈ សិរីមន្ត ផងដែរ តែចុងក្រោយនេះកញ្ញាសម្រេចចិត្តនៅទ្រនំចាស់ដដែលរហូតដល់បច្ចុប្បន្ននេះ។
ចំពោះរឿងហេតុផលដែលតារាចម្រៀងស្រីប្រឡូកនៅក្នុងវិថីសិល្បៈច្រៀងជាង ១០ ឆ្នាំ កញ្ញា អ៊ីវ៉ា ក៏ធ្លាប់បង្ហើបប្រាប់ថា៖ «ដោយសារតែទម្លាប់ ទើបបានជាធ្វើឲ្យនាងខ្ញុំមិនចង់គេងនៅទីណា ក្រៅពីផ្ទះរបស់ខ្ញុំនៅខេត្តកំពង់ស្ពឺ នោះ។ នាងខ្ញុំពិតជា សុខចិត្តធ្វើដំណើរទាំងយប់ពីភ្នំពេញ ទៅគេងនៅផ្ទះឯខេត្តកំពង់ស្ពឺ មែន!។ គ្មានគម្រោងទិញផ្ទះថ្មីនៅភ្នំពេញទេព្រោះចិត្តចង់តែទៅគេងផ្ទះកំណើត ម្យ៉ាងទៀតងាយស្រួលមើលហាងសម្លៀកបំពាក់នៅក្បែរផ្ទះផង»។
គួរបញ្ជាក់ថា តារាចម្រៀងស្រី នៅពុំទាន់ឃើញលេចឮថា មានកំណាន់ចិត្ត ឬគូស្នេហ៍យល់ចិត្តនៅឡើយ កញ្ញា អ៊ីវ៉ា តែងតែមានលោកឪពុកដែលជាទីស្រឡាញ់ឈ្មោះថា អ៊ូ វ៉ាវ គឺជាអ្នកបើកឡានជូនកូនស្រីគ្រប់ពេលនៃដំណើរចូលរួមក្នុងកម្មវិធីប្រគំតន្រ្តីឡើងចុះខេត្ត និងក្រុងភ្នំពេញ ត្រឡប់ទៅផ្ទះនៅកំពង់ស្ពឺជាង ១០ ឆ្នាំហើយ៕