ក្រុង​ថងជី៖ អាជីព​របស់​​លោក អ៊ុង ចម្លែក​ណាស់! តាំង​ពី​អាយុ ៩ ឆ្នាំ លោក​ត្រូវ​​ធាក់​ដោល​ដី ដៃ​ម្ខាង​តោង​ដែក និង​ម្ខាង​ទៀត​រុញ​កន្ត្រក​វិល​ គ្មាន​ម៉ាស៊ីន​ ដែល​ដំណើរការ​​កម្លាំង​មនុស្ស​សុទ្ធសាធ។

ផ្កា​ភ្លើង​កាំជ្រួច​ប្រសាច​លើ​អាកាស ដែល​មាន​វត្តមាន​បាឡុង​​ហោះ​​ក្បែរ​នោះ ជា​ទិដ្ឋភាព​​សប្បាយ​​បែប​ភ័យអរ​ ​ខណៈ​ដែល​​ហ្វូង​មនុស្ស​​កំពុង​រីករាយ​នឹង​ពិធី​បុណ្យ​ប្រចាំ​ឆ្នាំ​នៅ​ទីក្រុង​ថងជី នៃ​រដ្ឋ​សាន ប្រទេស ​​មីយ៉ាន់ម៉ា។

ខណៈ​ដែល​សូរ​តន្ត្រី​បន្លឺ​ឡើង​សឹង​បែក​ត្រចៀក យុវជន​ក្មេងៗ​​មួយ​ក្រុម​បាន​​ទាក់ទាញ​ចំណាប់​អារម្មណ៍​អ្នក​ដើរ​កាត់​​កន្ត្រក​វិល ដោយ​ពួក​គេ​កំពុង​​ប្រើ​កម្លាំង​កាយ​មនុស្ស​បង្វិល​កង​​យក្ស ស្វាគមន៍​ភ្ញៀវ​ឡើង​ជិះ​បំពេញ​កន្ត្រក​ម្ដង​មួយៗ។

យុវជន អ៊ុង ស៊ីនភ្យូ អាយុ​ ២០ ឆ្នាំ​ បាន​បន្លឺ​ស្នូរ​កញ្ចែ ជាសញ្ញា​ហៅ​គ្នី​គ្នា​​តោង​ឡើង​​កង​បង្វិល​កម្ពស់ ២០ ម៉ែត្រ។

ក្រោយពីផ្លុំ​កញ្ចែ​រួច ក្រុមការងារ​នាំគ្នាឡើង​កង​កន្ត្រក ហើយចាប់ផ្ដើមធ្វើការ​យ៉ាងស៊ីចង្វាក់គ្នា។ រូបថត AFP

ខណៈ​​​អ្នក​ជិះ​កន្ត្រក​រីករាយ​​នឹង​ពន្លឺ​ភ្លើង​ពណ៌​​ អ៊ុង និង​ក្រុម​ការងារ​ត្រូវ​តោង​ចម្រឹង​ដែក ហើយ​​បន្ត​រុញ​កន្ត្រក​នីមួយៗ បង្កើន​ចលនា​រង្វិល​ជុំ។

ខណៈ​ដែល​កង​​ចាប់​ផ្ដើម​វិល​ជក់ ពួក​គេ​ធ្វើ​កិច្ចការ​ជា​ក្រុម​យ៉ាង​ស៊ី​ចង្វាក់​គ្នា មុន​​នឹង​តោង​ចុះ​មក​ដី​វិញ នៅ​ពេល​​ភ្ញៀវ​បញ្ចប់​ម៉ោង​ជិះ​កន្ត្រក​។

ឆ្លៀត​ពេល​សម្រាក​ពី​ការងារ​ អ៊ុង បាន​និយាយ​ថា៖ «ខ្ញុំ​​ធ្វើ​ជា​អ្នក​បង្វិល​កង​កន្ត្រក​វិល តាំង​ពី​អាយុ ៩ ឆ្នាំ»។

លោក​បន្ត​ថា៖ «ឪពុក​ម្ដាយ​ខ្ញុំ​​មិន​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី​គ្រោះ​ថ្នាក់​អ៊ីចឹង​ទេ តែ​ខ្ញុំ​លួច​លាក់​ធ្វើ​កិច្ចការ​នេះ​រហូត​មក»។

អ៊ុង​ ស្ថិត​ក្នុង​ចំណោម​យុវជន​មីយ៉ាន់ម៉ា​រាប់​រយ​នាក់ ដែល​រក​កម្រៃ​ពី​ការ​​បញ្ចេញ​ពលកម្ម​រុញ​កង​កន្ត្រក​វិល​ នៅ​តាម​កម្មវិធី​បុណ្យ​នានា​ ទូទាំង​ប្រទេស។

អ្នក​បញ្ចេញ​​កម្លាំងបង្វិល​កន្ត្រក​​ អាច​​​ប្រឈម​នឹង​គ្រោះថ្នាក់​។ រូប AFP

ក្រុម​របស់ អ៊ុង មាន​សមាជិក ១៥ នាក់ ដែល​នាំ​គ្នា​ធ្វើ​ដំណើរ​គ្រប់​ច្រក​ល្ហក រយៈពេល ៩ ខែ ​ក្នុង​មួយ​ឆ្នាំ ដើម្បី​ប្រើ​កម្លាំង​ផ្ដល់​ការ​កម្សាន្ត​ដល់​អ្នក​និយម​ជិះ​កន្ត្រក​វិល។ ដោយ​មិន​មាន​ថ្ងៃ​ឈប់​សម្រាក​សោះ​ អ៊ុង អាច​រក​ប្រាក់​បាន​ចន្លោះ​ពី ៧០ ទៅ ១០០ ដុល្លារ ​ក្នុង​មួយ​ខែ មុន​ពេល​សម្រាក​ត្រឡប់​ទៅ​ផ្ទះ​នា​រដូវ​វស្សា។

អ៊ុង បាន​និយាយ​ថា៖ «យើង​មាន​ក្រុម​ការងារ​សាមគ្គី​គ្នា​ណាស់ ហើយ​ជួន​កាល​យើង​ញោះ​​ស្រីៗ​ ដែល​មក​ជិះ​កន្ត្រក​វិល ធ្វើ​ឲ្យ​ពួក​គេ​ស្រែក​ចាច។ តែ​យើង​ក៏​ជួយ​ពួក​នាង​ចុះ​ពី​កន្ត្រក​​​ទាំង​រីករាយ​ផង​ដែរ»។

អ៊ុង ​​គ្មាន​វិប្បដិសារី​នឹង​ការ​បោះបង់​ការ​សិក្សា ទៅ​ចាប់​យក​អាជីព​បង្វិល​កង​កន្ត្រក​នេះ​ទេ តែ​លោក​​សារភាពថា ពេល​ខ្លះ​នឹក​ក្រុម​គ្រួសារ​​នៅ​ឆ្ងាយ​ពី​ខ្លួន។

យ៉ាង​ណា​ក្ដី អ៊ុង បញ្ជាក់​ថា៖ «ខ្ញុំ​មាន​ជីវិត​ប្លែក​ខុស​គេ ហើយ​ខ្ញុំ​នឹង​បន្ត​ធ្វើ​ជា​អ្នក​រុញ​បង្វិល​កន្ត្រក​​យូរ​អង្វែង​ទៀត ព្រោះ​ខ្ញុំ​ចេះ​តែ​ប៉ុន​ហ្នឹង»៕ AFP