ភ្នំពេញ៖​ ក្នុង​គោល​​បំណង​ថែរក្សា ​និង​លើក​ស្ទួយ​តម្លៃ​អក្សរ​សិល្ប៍​ជាតិ​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង​ និង​​​​ក្នុង​ន័យ​រឹត​ចំណង​​សាមគ្គីភាព ​មិត្តភាព​​ និង​​កិច្ច​សហប្រតិបត្តិការ​គ្នា​ ជាមួយ​ប្រទេស​តាម​ដង​ទន្លេ​មេគង្គ​មាន​កម្ពុជា ​ចិន​ ភូមា​ ថៃ​ ឡាវ និង​វៀតណាម​ ​នោះ​​ទើប​សមាគម​អ្នក​និពន្ធ​ខ្មែ​ររៀបចំ​ប្រកួត​​ជ្រើសរើស​ស្នាដៃ​ តែង​និពន្ធ​​ស្នាដៃ​រឿង​ខ្លី និង​កំណាព្យ ​ពាន​រង្វាន់​អក្សរ​សិល្ប៍​ទន្លេ​​មេគង្គ​លើក​ទី ១១ ​ឆ្នាំ ២០២០ (Mekong River Literature Award 2020) ខណៈ​​​​​​កម្ពុជា​​​គឺ​​​​ជា​ម្ចាស់​ផ្ទះ​​រៀបចំ​​ឆ្នាំ​នេះ​។

សម្រាប់​​ការ​ប្រឡង​ប្រជែង​​តែង​​​​និពន្ធ​រឿង​ខ្លី និង​កំណាព្យ ពាន​​រង្វាន់​អក្សរសិល្ប៍​ទន្លេ​មេគង្គ​នេះ នៅ​​រក្សា​​ប្រធានបទ​​ដដែល​​​​​​គឺ​ «​​ជីវិត និង​និរន្តរភាព​​ទន្លេ​​មេគង្គ​» ​ខណៈ​​ការ​​ប្រកួត​នៅ​​​ឆ្នាំ ​២០២០ នេះ ​ជា​​លើក​ទី​ ​១១ ធ្វើ​នៅ​ក្នុង​​ប្រទេស​កម្ពុជា​​ ​និង​​​កាល​ពី​ឆ្នាំ ​២០១៩​ ប្រទេស​​មីយ៉ាន់ម៉ា ​គឺ​ជា​ម្ចាស់​ផ្ទះ​​​ដោយ​​​ការ​​ប្រកួត​បើក​​ទូលាយ​​​​​ទៅ​ដល់​អ្នក​និពន្ធ ​សមាជិក ​សមាជិកា​នៃ​​​សមាគម​អ្នក​និពន្ធ​ខ្មែរ និង​សាធារណជន​អាច​​ចូល​រួម​​ដាក់​ពាក្យ​ប្រកួត​​បាន​។​

ការប្រកួតពាន​រង្វាន់អក្សរសិល្ប៍​ទន្លេមេគង្គ​​ឆ្នាំ ២០២០ នេះធ្វើនៅ​កម្ពុជា។ រូប ហ្វេសប៊ុក​

បើ​តាម​សេចក្តី​ប្រកាស​ជូន​​ដំណឹង​ពី​​សមាគម​អ្នក​និពន្ធ​​ខ្មែរ​ ដោយ​មាន​រូប​​លោក​​បណ្ឌិត​​ ព្រឿង ប្រណីត គឺ​ជា​ប្រធាន​​​សមាគម​​​អ្នក​និពន្ធ​ខ្មែរ​ ​​បាន​​ឲ្យ​ដឹង​​អំពី​លក្ខខណ្ឌ​នៃ​ការ​ប្រកួត​​​ថា​៖ «ប្រធានបទ​​ ជីវិត និង​និរន្តរភាព​ទន្លេ​មេគង្គ ដែល​​​មាន​ខ្លឹម​រឿង​​ប្រកប​ទៅ​ដោយ​ទស្សនវិជ្ជា​ជីវិត និង​សោភណភាព។ រីឯ​ស្នា​​ដៃ​ត្រូវ​វាយ​ជា​​អត្ថបទ​កុំព្យូទ័រ​មិន​លើស​ចំនួន​ ២០ ទំព័រ​ ជា​​ក្រដាស A4​ (Margin 2.54 cm) និង​ចាប់​ទទួល​ពាក្យ​​ពី​ថ្ងៃ​ទី​ ១ ខែ​​កក្កដា រហូត​ដល់​​ថ្ងៃ​ទី ​៣១ ខែ ​សីហា ឆ្នាំ ​២០២០​។​ ការ​ប្រកួត​ប្រជែង​​នេះ​ នឹង​ជ្រើស​រើស​​​យក​​​​ជយលាភី​​​ចំនួន​ ២ ​រូប ផ្នែក​រឿង​​ខ្លី និង​​​កំណាព្យ​​។ ខណៈ​ម្ចាស់​ជយលាភី​នឹង​ទទួល​បាន​នូវ​ប្រកាស​​នីយបត្រ​ ថវិកា និង​ពាន​​រង្វាន់​»។

ដោយ​ឡែក​ទី​កន្លែង​ទទួល​ពាក្យ​​​ស្នាដៃ​នៅ​អគារ​សមាគម​អ្នក​និពន្ធ​ខ្មែរ ក្នុង​បរិវេណ​នៃ​វត្ត​បទុមវតី រាជធានី​ភ្នំពេញ ឬ​អាច​​​ផ្ញើ​តាម​​សារ​អេឡិចត្រូនិក​ khmerwriterkwa@gmail.com ​ឬ ​តាម​ប្រព័ន្ធ​តេឡេក្រាម​នៃ​​លេខទូរស័ព្ទ​ 078 78 89 91 /089 85 67 64​ / 092 78 89 90 ខណៈ​ការ​ប្រគល់​ពាន​រង្វាន់​ជយលាភី​នឹង​ប្រារព្ធ​ធ្វើ​នៅ​​ប្រទេស​កម្ពុជា ​ផង​ដែរ។

ការ​ប្រឡង​ប្រជែង​តែង​និពន្ធ​រឿង​​ខ្លី និង​កំណាព្យ​ពាន​រង្វាន់​អក្សរសិល្ប៍​ទន្លេ​មេគង្គ​​លើក​ទី​ ១០ ក្រោម​ប្រធាន​បទ «​ជីវិត និង​​​និរន្តរភាព​ទន្លេ​មេគង្គ​» ប្រចាំ​ឆ្នាំ ​២០១៩ ដែល​ធ្វើ​​នៅ​ក្នុង​​​ប្រទេស​​​មីយ៉ាន់ម៉ា នោះ​ខាង​ប្រទេស​​កម្ពុជា យើង​មាន​ម្ចាស់​​ជយលាភី​ ២​ រូប គឺ​​លោកស្រី​បណ្ឌិត ប៉ែន សេដ្ឋារិន ជា​ម្ចាស់​ជយលាភី​ផ្នែក​រឿង​ខ្លី​មាន​​ចំណង​ជើង​ថា «​គង្គា​ជីវិត​» និង​​លោក មឿន សំណាង ​គឺ​ជា​ម្ចាស់​​សំណេរ​នៃ​កំណាព្យ​មាន​ចំណង​ជើង​ថា «​ស្នេហ៍​លើ​ផ្ទៃ​ទន្លេ​» ដែល​អ្នក​ទាំង ​២ ​បាន​ទៅ​ចូលរួម​ទទួល​​ពាន​រង្វាន់​​កាល​ពី​​ថ្ងៃទី​ ១១-១៤ ខែ ​តុលា ឆ្នាំ​ ២០១៩ កន្លង​មក​​៕​