ភ្នំពេញ: គ្រូបង្រៀនកម្ពុជាទីមួយត្រូវបានជ្រើសរើសក្នុងការប្រកួតអន្ដរជាតិ ចំណោមបញ្ជីបេក្ខភាពកំពូលទាំង៥០នាក់ មកពីជុំវិញពិភពលោកដើម្បីដណ្ដើមងារជាគ្រូបង្រៀនឆ្នើម និងជាម្ចាស់ទឹកប្រាក់១លានដុល្លារនូវកម្មវិធី the Global Teacher Prize។
អ្នកស្រី នាង ផល្លា ជាគ្រូបង្រៀន ជានាយិកាសាលានិងជាអ្នកសម្របសម្រួលកម្មវិធីអប់រំជនពិការនៅកម្ពុជាដែលមានបទពិសោធ២៤ឆ្នាំ។ អ្នកគ្រូបានចាប់ផ្ដើមបម្រើការងារជាមួយកុមារពិការភ្នែកក្នុងឆ្នាំ១៩៨៦ ជានាយិកាសាលាមួយរបស់អង្គការសហប្រជាជាតិក្នុងជំរំជនភៀសខ្លួននៅទឹកដីថៃ ហើយនៅពេលត្រឡប់មកកម្ពុជាវិញឆ្នាំ១៩៩៣ អ្នកគ្រូក្លាយជាគ្រូអក្សរស្ទាបលើកដំបូងក្នុងប្រវត្ដិសាស្ដ្រកម្ពុជា។
ឈ្មោះខ្មែរតែម្នាក់គត់មានក្នុងបញ្ជីសម្រាំងទាំង៥០នាក់មកពី២៦ប្រទេស ដែលគ្រូជន-ជាតិអាមេរិក១៦នាក់ ឥណ្ឌា៣នាក់ កាណាដា ៣នាក់ អង់គ្លេស ២នាក់ អូស្ដ្រាលី ២នាក់ ម៉ាឡេស៊ី ២នាក់ និងបណ្ដាប្រទេសមួយចំនួនទៀត។
ចំពោះការជ្រើសរើសបញ្ជីសម្រាំងត្រូវបានប្រកាសកាលពីថ្ងៃទី៨ ខែធ្នូ កន្លងទៅ បេក្ខជនរាប់ពាន់នាក់បានដាក់ស្នើតាមរយៈប្រវត្ដិរូប និងស្នាដៃបង្រៀន។ ការសម្រាំងវគ្គបន្ដដែលជ្រើសយកត្រឹមតែ១០នាក់ ត្រូវបានប្រកាសនៅពាក់កណ្ដាលខែកុម្ភៈ ឆ្នាំ២០១៥។ វគ្គចុងក្រោយ អ្នកទទួលជ័យលាភីនឹងត្រូវប្រកាសនៅក្នុងខែមីនាខាងមុខនេះ។ ការប្រកួតនេះបានដំណើរការដោយមូលនិធិ Varkey GEMS ជាអង្គការសប្បុរសធម៌នៃសម្ព័ន្ធសាលាឯកជន GEMS ដែលមានមូលដ្ឋាននៅទីក្រុងឌូបៃ។
អ្នកស្រី Sarah MUGNIER ជាមន្ដ្រីទំនាក់ទំនងសាធារណៈនៃអង្គការគ្រួសារថ្មីកម្ពុជា បានឲ្យដឹងថា គោលបំណងនៃការជ្រើសរើសគ្រូឆ្នើមប្រចាំឆ្នាំនេះ Global Teacher Prize គឺជាការផ្សព្វផ្សាយគុណតម្លៃរបស់គ្រូបង្រៀន។
គ្រូមានការយកចិត្ដទុកដាក់ និងគំនិតច្នៃប្រឌិតដែលផ្ដល់ការបង្រៀនប្រកបដោយប្រសិទ្ធភាពចំពោះសិស្ស និងសហគមន៍ នឹងត្រូវបានផ្ដល់ពានរង្វាន់ជាគ្រូឆ្នើមពេញមួយជីវិត។ អ្នកគ្រូ ផល្លា ថា៖ «ខ្ញុំមានមោទនភាពណាស់ដែលប្រទេសកម្ពុជាយើងបានជាប់ក្នុងបញ្ជីសម្រាំងគ្រូឆ្នើមនោះ ពីព្រោះយើងមានបេក្ខជនជុំវិញពិភពលោកយ៉ាងច្រើនដែលមិនបានជាប់»។
អ្នកស្រី Sarah MUGNIER បញ្ជាក់ថា៖ «អ្នកទទួលជ័យលាភីដែលជាម្ចាស់ទឹកប្រាក់១លានដុល្លារ នឹងត្រូវបានជ្រើសរើសដោយ Global Teacher Prize Academy មាន នាយកសាលា អ្នកជំនាញផ្នែកអប់រំ អ្នកអត្ថាធិប្បាយ អ្នកសារព័ត៌មាន មន្ដ្រីសាធារណៈ សហគ្រិនបច្ចេកទេស នាយកក្រុមហ៊ុន និងអ្នកវិទ្យាសាស្ដ្រសរុប៦៦នាក់»។
អ្នកគ្រូ ផល្លា រំឭកពីនីតិវិធីដាក់ពាក្យសុំប្រកួតថា៖ «យើងត្រូវផ្ញើពាក្យសុំចំនួន៥ទំព័រពាក់ព័ន្ធនឹងការបង្រៀន មូលហេតុដែលយើងសម្រេចចិត្ដធ្វើជាគ្រូបង្រៀន មូលហេតុដែលយើងជឿជាក់លើគុណភាពអប់រំ វិធីសាស្ដ្របង្រៀនប្រកបដោយភាពច្នៃប្រឌិត ការបង្រៀនកុមារឲ្យក្លាយជាយុវជនសកល និងការចូលរួមក្នុងសហគមន៍»។
អ្នកគ្រូបានបង្ហើបប្រាប់ពីក្ដីសង្ឃឹមចំពោះជ័យជម្នះខាងមុខថា៖ «ខ្ញុំសង្ឃឹមនឹងជាប់ក្នុងការប្រកួតគ្រូឆ្នើមនេះ ដោយសារខ្ញុំបានឃើញអ្នកជាប់៥០នាក់នោះសុទ្ធតែជាគ្រូបង្រៀនសិស្សធម្មតា។ ចំណែកខ្ញុំជាគ្រូបង្រៀនសិស្សពិការ»។
ស្ដ្រីមានបទពិសោធបង្រៀនចាស់វស្សារូបនេះ បន្ដថា៖ «បើខ្ញុំជាប់ ក្នុងនាមជាគ្រូបង្រៀនក្នុងអង្គការ និងគ្រូតំណាងឲ្យកម្ពុជា ខ្ញុំនឹងយកប្រាក់រង្វាន់នេះមកទ្រទ្រង់អង្គការគ្រួសារថ្មីដែលកំពុងតែជួបការលំបាកចំពោះមូលនិធិ»៕