The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - កម្ពុជា​ នឹង​គ្រង​ឈុត​ទេពធីតា​មហាសង្ក្រាន្ត​​ ក្នុង​ការប្រកួត​បវរកញ្ញា​ភព​ផែនដី​អន្តរជាតិ​ ២០១៩




កម្ពុជា​ នឹង​គ្រង​ឈុត​ទេពធីតា​មហាសង្ក្រាន្ត​​ ក្នុង​ការប្រកួត​បវរកញ្ញា​ភព​ផែនដី​អន្តរជាតិ​ ២០១៩

Content image - Phnom Penh Post
ឈុត​ទេពធីតា​មហាសង្ក្រាន្ត និង​កញ្ញាឯក​ភពផែនដី​កម្ពុជា រីចំណាន កល្យាណ​។ FB

កម្ពុជា​ នឹង​គ្រង​ឈុត​ទេពធីតា​មហាសង្ក្រាន្ត​​ ក្នុង​ការប្រកួត​បវរកញ្ញា​ភព​ផែនដី​អន្តរជាតិ​ ២០១៩

ភ្នំពេញៈ យុវតី​ស្រស់​សោភា​ដែល​ជា​កញ្ញាឯក​ភព​ផែនដី​កម្ពុជា​ដំបូង​ឆ្នាំ​ ២០១៩ កញ្ញា រីចំណាន កល្យាណ នឹង​គ្រង​នូវ​ឈុត​ប្រពៃណី «​ទេពធីតា​មហាសង្ក្រាន្ត​» ក្នុង​ការប្រកួត​បវរកញ្ញា​ភពផែនដី​អន្តរជាតិ​​ឆ្នាំ​ ២០១៩ ឬ Miss Planet International 2019 ដែល​នឹង​ចាប់ផ្តើម​ធ្វើ​នៅ​ថ្ងៃទី​​ ២១ ខែ​កុម្ភៈ ឆ្នាំ​ ២០១៩ ដោយ​ប្រទេស​កម្ពុជា​គឺជា​ម្ចាស់​ផ្ទះ​នៃ​ការប្រកួត​។

ដោយសារ​តែ​ជា​ចំណង់​ចំណូលចិត្ត​តាំងពី​តូច និង​មាន​ការតាំង​ចិត្ត​ខ្ពស់​ចំពោះ​អ្វី​ដែល​ខ្លួន​ស្រឡាញ់​នោះ​ទើប​បាន​រុញច្រាន​ឲ្យ​បេក្ខនារី​មាន​ស្រុក​កំណើត​នៅ​រាជធានី​ភ្នំពេញ និង​អតីត​ជា​សិស្ស​វិទ្យាល័យ​បាក់ទូក​មាន​វ័យ​ ១៩ ​ឆ្នាំ កម្ពស់ ១,៧០ ​ម៉ែត្រ និង​ទម្ងន់​ ៥១ គីឡូ កញ្ញា រីចំណាន កល្យាណ មាន​ឱកាស​ក្លាយ​ជា​កញ្ញាឯក​ភពផែនដី​កម្ពុជា​ដំបូង​នា​ឆ្នាំ​ ២០១៩ ដែល​បាន​ពាក់​មកុដ​កាលពី​ខែ​មុន​នេះ​។

ទោះបី​ជា​ខ្លួន​មិន​ធ្លាប់​ប្រឡូក​វិស័យ​ដើរ​ម៉ូដ​កាលពី​មុន​មក​ក្តី ក្រោយពី​បាន​ដាក់​ពាក្យ​ចូលរួម​ប្រកួត​បវរកញ្ញា​ភពផែនដី​កម្ពុជា​ដែល​រៀបចំ​ជា​លើក​ដំបូង​ឆ្នាំ​ ២០១៩ ក៏​កញ្ញា រីចំណាន នៅ​តែ​អាច​ខិតខំ​យ៉ាង​ខ្លាំង​នា​រយៈពេល​ខ្លី​រហូត​អាច​មាន​ឱកាស​ទទួល​មកុដ​បវរកញ្ញា​ភពផែនដី​កម្ពុជា​ដំបូង​គេ​នៅ​ឆ្នាំ​ ២០១៩ ​នេះ​។

កញ្ញា រីចំណាន កល្យាណ បង្ហើប​ប្រាប់​ពី​ឆន្ទៈ​សម្រាប់​ការប្រកួត​ប្រជែង​ទៅនឹង​បេក្ខនារី​ផ្សេងៗ​នៃ​ពិភពលោក​មាន​ជាង ៦០ ប្រទេស​នឹង​ចូលរួម និង​អារម្មណ៍​ចំពោះ​ការប្រកួត​បវរកញ្ញា​ភពផែនដី​អន្តរជាតិ​ដែល​កម្ពុជា​គឺជា​ម្ចាស់ផ្ទះ​នៃ​ការរៀបចំ​កម្មវិធី​នេះ​ថា​៖ «​នាង​ខ្ញុំ​រំភើប​ចិត្ត​ខ្លាំង​នឹង​ការទទួល​បាន​លទ្ធផល​ពី​ការ​ខំប្រឹង និង​ជា​ចំណូលចិត្ត​ខ្លួន​ពេល​នេះ ហើយ​នាង​ខ្ញុំ​ក៏​នឹង​ខិតខំ​ប្រឹង​ធ្វើ​ទៅ​តាម​លទ្ធភាព និង​ទៅ​តាម​សមត្ថភាព​ខ្លួន​នៅក្នុង​ការប្រកួត​បវរកញ្ញា​ភពផែនដី​អន្តរជាតិ​ឆ្នាំ​ ២០១៩ ​នេះ​»​។

រីឯ​លទ្ធផល​នៃ​ការប្រកួត​ប្រជែង​ដើម្បី​យក​មកុដ​ពី​ការប្រកួត​បវរកញ្ញា​ភពផែនដី​អន្តរជាតិ​ឆ្នាំ​ ២០១៩ ឬ Miss Planet International 2019 បាន​ផល​យ៉ាងណា​នោះ កញ្ញា រីចំណាន កល្យាណ ក៏​បាន​បន្ត​ឲ្យ​ដឹងថា​៖ «​សម្រាប់​នាង​ខ្ញុំ​ក្នុង​នាម​ជា​តំណាង​ឲ្យ​កម្ពុជា​នៃ​ការប្រកួត​លើក​ដំបូង​នេះ ប្រសិន​បើ​ការខំប្រឹង​បាន​ផល​ល្អ​ជាប់​នោះ​ជា​រឿង​កាន់តែ​ប្រសើរ តែ​ប្រសិន​បើ​មិន​បាន​ជាប់​វិញ ក៏​ជា​រឿង​មួយ​ល្អ​ដែរ​គឺ​ទុកជា​បទពិសោធ ខ្លួនឯង និង​អាច​យក​ចែករំលែក​កញ្ញាឯក​ភពផែនដី​កម្ពុជា​ជំនាន់​ក្រោយៗ​ទៀត​»​។

គួរ​បញ្ជាក់​ដែរ​ថា​ការប្រកួត​បវរកញ្ញា​ភពផែនដី​អន្តរជាតិ​ឆ្នាំ​ ២០១៩ ឬ Miss Planet international 2019 នឹង​ត្រូវ​រៀបចំ​នៅក្នុង​ប្រទេស​កម្ពុជា ខណៈ​ចំពោះ​កម្មវិធី​ស្វាគមន៍​ទទួល​បេក្ខនារី​ជា​តំណាង​សមាជិក​ចូលរួម​ប្រកួត​នានា​ទូទាំង​ពិភពលោក​ដែល​មាន​ចំនួន​ប្រមាណ​ជាង ៦០ ​ប្រទេស​នោះ​គឺ​ចាប់ផ្តើម​ធ្វើ​នៅ​ថ្ងៃទី​ ២១ ខែ​កុម្ភៈ ឆ្នាំ​ ២០១៩ និង​ការប្រកួតប្រជែង​វគ្គ​ផ្តាច់ព្រ័ត្រ​វិញ​គឺ​នឹង​ធ្វើ​នៅ​ដើម​ខែ​មីនា ឆ្នាំ​ ២០១៩ នៅឯ​មហោស្រព​កោះពេជ្រ​៕

Content image - Phnom Penh Post

អត្ថបទគួរចាប់អារម្មណ៍