The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - កម្មវិធី​កុម្ម៉ង់​ម្ហូប​ ដឹកជញ្ជូន​ដល់​មាត់ទ្វារ​ ដ៏​ប្លែក​ពី​គេ​នៅ​កម្ពុជា

កម្មវិធី​កុម្ម៉ង់​ម្ហូប​ ដឹកជញ្ជូន​ដល់​មាត់ទ្វារ​ ដ៏​ប្លែក​ពី​គេ​នៅ​កម្ពុជា

Content image - Phnom Penh Post
កម្មវិធី​កុម្ម៉ង់​ម្ហូប Muuve រាយ​នាម​អាហារ​ប្រាប់​ពី​នាទី និង​ទីតាំង​ជាក់លាក់​។ ស្រេង ម៉េងស្រ៊ុន

កម្មវិធី​កុម្ម៉ង់​ម្ហូប​ ដឹកជញ្ជូន​ដល់​មាត់ទ្វារ​ ដ៏​ប្លែក​ពី​គេ​នៅ​កម្ពុជា

ភ្នំពេញ : ដោយ​មើល​ឃើញ​ពី​តម្រូវការ​បុគ្គលិក​ការិយាល័យ​គ្មាន​ពេល​ចេញ​ទៅ​ញ៉ាំ​អាហារ អ្នករក​នឹក​មិន​ដឹង​ថា​ចង់​ញ៉ាំ​អ្វី និង​អ្នក​គ្មាន​ពេល​ចម្អិនម្ហូប សហស្ថាបនិក​កម្ពុជា​ ២ ​រូប​បាន​រួម​គំនិត​គ្នា​បង្កើត​នូវ​កម្មវិធី​ស្មាតហ្វូន Muuve Delivery ដែល​ជួយ​ណែនាំ​ម្ហូប និង​ដឹក​ជូន​ដល់​មាត់ទ្វារ​ដោយ​មិនបាច់​សន្ទនា​អ្វី​ច្រើន​។

ខុសប្លែក​ពី App កុម្ម៉ង់​អាហារ​ដទៃ​ទៀត ស្ថាបនិក លោក ប៉ាញ ផានិត្យ ជា​អតីត​និស្សិត​ព័ត៌មានវិទ្យា (IT) បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ពី​លក្ខណពិសេស​នៃ Muuve Delivery ថា​៖ «​កម្មវិធី​នេះ​គឺ​មិន​តម្រូវ​ឲ្យ​អតិថិជន​ធ្វើការ​ហៅ​ទូរស័ព្ទ​ទៅកាន់​ក្រុមហ៊ុន​ឡើយ​ដោយ​អ្នកប្រើប្រាស់​គ្រាន់តែ​ធ្វើការ​បើក App រួច​ជ្រើសរើស​ភោជនីយដ្ឋាន ឬ​ហាង និង​អាហារ​ដែល​ខ្លួន​ចង់​កុម្ម៉ង់​គឺជា​ការស្រេច​»​។

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា​៖ «​អតិថិជន​មិន​ចាំបាច់​ប្រាប់​ពី​ទីតាំង​ខ្លួន​ឡើយ ដោយ​ក្រោយ​ពេល​កុម្ម៉ង់​ កម្មវិធី​នឹង​ធ្វើការ​បញ្ជាក់​ទីតាំង​ដោយ​ស្វ័យប្រវត្តិ​ទៅកាន់​អ្នក​ដឹកជញ្ជូន​»​។

ស្រដៀង​នឹង​កម្មវិធី​ស្វែងរក​មធ្យោបាយ​ធ្វើ​ដំណើរ​ដែរនោះ អតិថិជន​អាច​ដឹង​ច្បាស់​ពី​ចំនួន​នាទី​ជាក់លាក់​ក្នុង​ការរង់ចាំ និង​ទីតាំង​អ្នក​ដឹកជញ្ជូន​ដោយ​មិនចាំបាច់​ចំណាយ​ពេល​ហៅ​ទូរស័ព្ទ​សួរនាំ​ទេ​។

Content image - Phnom Penh Post
ស្ថាបនិក​បង្កើត​កម្មវិធី​កុម្ម៉ង់ និង​ដឹកជញ្ជូន​ម្ហូប​។ ស្រេង ម៉េងស្រ៊ុន

ស្ថាបនិក​មួយ​រូប​ទៀត​ដែល​សុំ​ប្រើ​ឈ្មោះ​ហៅ​ក្រៅ​ថា និក បាន​ឲ្យ​ដឹង​ថា កម្មវិធី​ក៏​បាន​រួមចំណែក​ផ្ដល់​ការងារ​ក្រៅ​ម៉ោង​ដល់​សិស្ស​និស្សិត​ក្រោយ​ទំនេរ​ពី​ការសិក្សា​អាច​ឆ្លៀត​ដឹក​ម្ហូប​រក​ចំណូល​បន្ថែម​ផង​ដែរ​។

លោក និក បាន​បញ្ជាក់​ថា​៖ «Muuve ប្រគល់​ប្រាក់កម្រៃ​ការដឹកជញ្ជូន​ស្ទើរតែ ១០០% ទៅ​ឲ្យ​អ្នក​ដឹកជញ្ជូន​ដោយ​ក្រុម​អ្នក​ដឹកជញ្ជូន​គ្រាន់​តែ​បង់ប្រាក់​លើ​មុខម្ហូប​ពី​ភោជនីយដ្ឋាន ឬ​អាហារដ្ឋាន​រួច​ទៅ​ដឹក​ឲ្យ​អ្នក​ដែល​បាន​កុម្ម៉ង់ ពេល​ទៅ​ដល់​ទីកន្លែង​។ អ្នក​ដឹកជញ្ជូន​ទូទាត់​ប្រាក់​ជាមួយ​ភ្ញៀវ​ថ្លៃ​ដឹក​នេះ​គឺ​បាន​ទូទាត់​តាំងពី​ពេល​ដែល​ភ្ញៀវ​បាន​កុម្ម៉ង់​មក​ម្ល៉េះ ហើយ​បើ​អ្នក​ដឹកជញ្ជូន​របស់ Muuve ខ្វះខាត​ប្រាក់​សម្រាប់​បង់ថ្លៃ​ម្ហូប ក្រុមហ៊ុន​ក៏​មាន​ប្រាក់​ឲ្យ​ខ្ចី​ផង​ដែរ​»​។

ទើប​តែ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​បាន​រយៈពេល ៣ ​ខែ កម្មវិធី Muuve Delivery មាន​អ្នក​ចុះឈ្មោះ​ជិត ១ ​ម៉ឺន​នាក់ និង​មាន​ភោជនីយដ្ឋាន​ប្រមាណ​ជាង ១៥០ ​កន្លែង​ជាមួយ​នឹង​ម្ហូប​រាប់ពាន់​មុខ​។

លោក អ៊ូ ឧត្តម អាយុ ២៣ ឆ្នាំ​ដែល​បម្រើ​ការងារ​នៅ​ទីភ្នាក់ងារ​ទេសចរណ៍ World Friend Tour បាន​ប្រាប់​ពី​បទពិសោធ​ក្នុង​ការកុម្ម៉ង់​អាហារ​តាម App នេះ​ថា​៖ «​វា​ដូចជា Menu ឲ្យ​យោបល់​ខ្ញុំ​ថា​ញ៉ាំ​អី​។ ទី​ ២ ​វា​ជួយ​សន្សំ​ពេលវេលា​មិនបាច់​ទៅ​អង្គុយ​រង់ចាំ​ទេ​។ ទី​ ៣ ​វា​ក៏​អាច​ជួយ​ទិញ​អាហារ និង​ដឹក​ឲ្យ​មិត្តភក្ដិ ឬ​មិត្តស្រី​នៅ​កន្លែង​ផ្សេង​ទៀត​ដែរ​»​។

បុគ្គលិក​ភ្នាក់ងារ​ទេសចរណ៍​ឯកទេស​រៀប​ធួរ​ទៅ​ជប៉ុន​រូបនេះ​បាន​បញ្ជាក់​ដែរ​ថា​៖ «​ខ្ញុំ​ចុច​សាកល្បង Next, next... កន្លះ​ម៉ោង​ក្រោយ​ក៏​មាន​គេ​យក​មក​ឲ្យ ឃើញ​ថា​ម្យ៉ាង​ដែរ អ្នក​ដឹក​ខល​ម៉ាក្រឺង​ដែរ​ពេល​គេ​មក​ដល់​ក្រុមហ៊ុន​ខ្ញុំ​»​។

ស្ថាបនិក Muuve Delivery ក៏​បាន​ប្រាប់​ដែរ​ថា មាន​ភ្ញៀវ​ជាច្រើន​បាន​សរសើរ​សេវា​ដឹកជញ្ជូន​នេះ​ថា​ផ្ដល់​ភាព​ងាយស្រួល ជាពិសេស​គឺ​មាន​ការចុះ​ឈ្មោះ​ច្រើន ប៉ុន្តែ​ក៏​មាន​បញ្ហា​ប្រឈម​ដែរ​គឺ​កង្វះ​សមាជិក​ដឹកជញ្ជូន​គ្រប់គ្រាន់ និង​មាន​អតិថិជន​មួយ​ចំនួន​តូច​កុម្ម៉ង់​រួច​មិន​ទទួល​យក​ដែរ​៕

អត្ថបទគួរចាប់អារម្មណ៍