ភ្នំពេញ៖ ចម្រៀងស្ត្រីកម្ពុជា គឺជាគម្រោងមួយដែលអភិរក្សចម្រៀងខ្មែរមានតាំងពីទសវត្សរ៍ទី ៦០ រហូតដល់បច្ចុប្បន្ន ដោយការផលិតបទចម្រៀង និងការងារសំខាន់ដូចជាតន្ត្រី សៀវភៅ ខ្សែភាពយន្ត ការសម្តែងផ្ទាល់របស់ក្រុមសិល្បការិនីចម្រៀង និងក្រុមតន្រ្តីករ គ្រោងធ្វើឆ្នាំ ២០២០ នេះ នៅរាជធានីភ្នំពេញ ចំថ្ងៃទិវាប្រារព្ធសិទ្ធិនារី។
គម្រោងនេះ គឺជាការផ្លាស់ប្តូរតន្ត្រីរួមមានការបញ្ចូលគ្នារវាងអ្នកចម្រៀង និងតន្រ្តីករ លក្ខណពិសេសក្នុងគម្រោងអវកាសកម្ពុជា (Cambodian Space Project) ដែលជាក្រុមតន្រ្តីផ្ទះគាំទ្រ ដល់ជម្រើសពិសេសរបស់តារាចម្រៀងស្រ្តីកម្ពុជា ដែលមានភាពចម្រុះគ្នា នៅក្នុងបទពិសោធ និងប្រវត្តិរួមគ្នា ដើម្បីសម្តែងបទចម្រៀងប្រវត្តិសាស្ត្រដ៏អស្ចារ្យ។
លោក ជូលៀន ប៉ូលសុន តន្រ្តីករអូស្រ្តាលី និងសា្ថបនិកនៃក្រុម Cambodian Space Project បានបង្ហើបឲ្យដឹងថា៖ «តាមពិតទៅកម្មវិធីចម្រៀងស្រ្តីកម្ពុជាបានចាប់ផ្តើមតាំងពីឆ្នាំ ២០១០ មក ដែលយើងបានផ្តោតលើការអភិរក្សបទចម្រៀងរបស់តារាចម្រៀងស្រីខ្មែរតាំងសម័យក្រោយពីកម្ពុជាទទួលបានឯករាជ្យ។ នៅឆ្នាំ ២០២០ នេះ យើងមានគម្រោងរៀបចំកម្មវិធីនៅភ្នំពេញ នាថ្ងៃប្រារព្ធទិវាបុណ្យសិទ្ធិនារី មុនពេលយើងរៀបចំកម្មវិធីទេសចរណ៍តន្រ្តីទៅអូស្រ្តាលី នៅចន្លោះខែកញ្ញា និងខែតុលាខាងមុខនេះ ដោយមានតារាចម្រៀងស្រីខ្មែរ យើងមានអ្នកនាង សម ដារ៉ា។ ម្យ៉ាងវិញទៀតនេះ គឺជាការវិវឌ្ឍដ៏គួរឲ្យរំភើបមួយក្នុងកម្មវិធីចម្រៀងស្រ្តីកម្ពុជា ហើយក៏ទន្ទឹងរង់ចាំចែករំលែកព័ត៌មានរឿងរ៉ាវ និងតន្ត្រី បន្ថែមនាពេលឆាប់ៗ»។
លោក ជូលៀន បានបន្តថា៖ «គម្រោងនេះ ត្រូវបានចាប់កំណើតដំបូងបង្អស់ ដែលជាអំណោយមួយរបស់លោកស្រី កាក់ ចាន់ធី បានបង្ហាញពីជីវិត និងកេរដំណែលតន្រ្តីរបស់នាងក្នុងការប្រគំតន្រ្តីនៅឯវិទ្យាស្ថានបារាំង នៅក្នុងរាជធានីភ្នំពេញ។
ដូច្នេះយើងនឹងស្វែងរកអ្នកស្ម័គ្រចិត្ត និងអ្នកចូលរួមឲ្យចូលរួមក្នុងដំណើរការដូចជាអ្នកផលិតខ្សែភាពយន្តអ្នកកែសម្រួលបច្ចេកវិទ្យាសំឡេងអ្នកចម្រៀង អ្នកនិពន្ធ សិល្បករ កម្មករសិល្បៈ ដៃគូ កន្លែងអ្នកឧបត្ថម្ភ និងដល់មជ្ឈមណ្ឌល និងវិទ្យាស្ថានសប្បុរសធម៌នានាមានអារម្មណ៍ថា កំពុងតែមានសេរីភាពនៅក្នុងទំនាក់ទំនងនៅក្រុមចម្រៀងនារីខ្មែរ គឺជាការផ្តល់កិត្តិយសដល់អ្នកបានលះបង់ក្នុងវិស័យនេះ»។
លោក ជូលៀន ប៉ូលសុន ជាតន្រ្តីករជំនាញលេងហ្គីតា បានរៀនជំនាញខាងផលិតកុននៅទីក្រុងមែលប៊ន នៃប្រទេស អូស្រ្តាលី ហើយស្នាដៃផលិតកុនខ្លីឈ្មោះថា Super-8 ស្តីពីតារាចម្រៀងស្រ្តីខ្មែរម្នាក់ឈ្មោះ ពៅ វណ្ណរី ដែលជាកុនដំបូងលោកត្រូវបានចាក់បញ្ចាំងនៅឯទីក្រុងកែនន៍ នៃប្រទេស បារាំង កាលពីឆ្នាំ ២០១៨ កន្លងមក។
ក្រៅពីកម្មវិធី Cambodian Women of Song លោក ជូលៀន មានគម្រោងជាច្រើនដូចជា កម្មវិធីសិល្បៈវប្បធម៌ និពន្ធ និងអាន (Readers & Writers Festival) កម្មវិធី Folk Art Blues Festival និងកម្មវិថីថតវីដេអូឯកសារ Echoes Across the Mountains ដែលនេះក៏ជាការសហការរួមគ្នាមួយរវាងក្រុមសិល្បករ តន្រ្តីខ្មែរ ជាមួយនឹងបរទេសតាមជំនាញសិល្បៈផ្សេងៗគ្នា៕