The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - កម្មវិធី​ចាប់ត្រី​អាយុកាល ៥០០ ​ឆ្នាំ​​នៅ​ស្រុក​មេមត់ រំពឹង​ស្ទួយ​វិស័យ​​ទេសចរណ៍ រមណីយដ្ឋាន​បឹងក្រម

កម្មវិធី​ចាប់ត្រី​អាយុកាល ៥០០ ​ឆ្នាំ​​នៅ​ស្រុក​មេមត់ រំពឹង​ស្ទួយ​វិស័យ​​ទេសចរណ៍ រមណីយដ្ឋាន​បឹងក្រម

Content image - Phnom Penh Post

កម្មវិធី​ចាប់ត្រី​អាយុកាល ៥០០ ​ឆ្នាំ​​នៅ​ស្រុក​មេមត់ រំពឹង​ស្ទួយ​វិស័យ​​ទេសចរណ៍ រមណីយដ្ឋាន​បឹងក្រម

ត្បួងឃ្មុំៈ រមណីយដ្ឋាន​បឹងក្រម​ស្ថិត​នៅក្នុង​ភូមិ​សាទុំ ឃុំ​ជាំក្រវៀន ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​កាលពី​ថ្ងៃ​អាទិត្យ​មាន​ការរៀបចំ​កម្មវិធី​ចាប់​ត្រី​តាម​ទំនៀមទម្លាប់​ប្រពៃណី​ដូនតា​ខ្មែរ​ដោយ​អ្នកចូលរួម​ជាង ២ ​ម៉ឺន​នាក់​នាំ​គ្នា​ញាប់ដៃ ញាប់ជើង​ចាប់​ត្រី​ប្រើ​ឧបករណ៍​នេសាទ​លក្ខណៈ​គ្រួសារ​។

មេភូមិ​សាទុំ លោក ធាន សាន់ បាន​ប្រាប់​ឲ្យ ភ្នំពេញ ប៉ុស្តិ៍ ដឹង​ថា​៖ «​កម្មវីធី​នេះ​ធ្វើឡើង​តំណ​ពី​ចាស់ទុំ ១ ​ឆ្នាំ​ម្តង​កាលពី​នៅ​តូច ខ្ញុំ​មក​លេង​តាម​ម្តាយ​ឪពុក មក​ជាមួយ​គូកន​ក្មេងៗ​អ៊ីចឹង​គឺ​ពួកគាត់​មាន​អង្រុត​មាន​ឈ្នាង​ចុះ​ចាប់​ត្រី​អ៊ីចឹង យើង​ក៏​មាន​ធ្វើ​តាម​គាត់​អ៊ីចឹង​រហូត​មក​ហើយ​ឥឡូវ​គ្មាន​អី​ប្រែប្រួល​ទេ ទេសភាព​បឹង ដើមឈើ​អី​នៅ​ដដែល​»​។

កម្មវិធី​អាយុកាល​ប្រមាណ ៥០០ ​ឆ្នាំ​នេះ​ត្រូវ​បាន​លោក​មេភូមិ​បញ្ជាក់​ថា​៖ «​ការចាប់​ត្រី​នេះ​មិនមែន​ជា​ពិធីបុណ្យ​អី​នោះ​ទេ​គឺជា​កម្មវិធី​កម្សាន្ត​សប្បាយ​ជួបជុំ​បងប្អូន​គ្រួសារ​ខ្មែរ សម្រាកលម្ហែ​ក្រោយពី​ប្រមូល​ផលដំណាំ​មក​ចាប់​ត្រី​យក​ទៅ​ហូប​លេង និង​រាំ​កម្សាន្ត​លេង​»​។

Content image - Phnom Penh Post
ទិដ្ឋភាព​ដ៏អ៊ូអរ​នៅ​រមណីយដ្ឋាន​បឹងក្រម​ដែល​មាន​អ្នកចូលរួម​ចុះ​ចាប់​ត្រី​យ៉ាង​ច្រើន​សន្ធឹក​។ រូបថត Leap Tepitou

មេភូមិ​វ័យ ៤៥ ឆ្នាំ​រូប​នេះ​បាន​ថ្លែង​ថា​ដំណើរការ​នៃ​ការរៀបចំ​កម្មវិធី​ចាប់​ត្រី​បែប​ប្រពៃណី​នេះ​ធ្វើ​ឡើង​ដោយ​ចំណាយ​រយៈពេល ៣ ​ខែ​ហើយ​គណៈកម្មការ​រៀបចំ​កម្មវិធី​បាន​ដាក់​ប្រជាការពារ​ភូមិ​ឲ្យ​ចុះ​ត្រួតពិនិត្យ និង​ការពារ​តំបន់​បឹង​ក្រម​នេះ​ចៀសវាង​ពី​ការនេសាទ​ពី​ប្រជាពលរដ្ឋ ខណៈ​កន្លង​មក​មាន​ប្រជាជន​ខ្លះ​បាន​ប្រើប្រាស់​ឧបករណ៍​ឆក់​ត្រី​ធ្វើឲ្យ​អាជ្ញាធរ​បារម្ភ​ខ្លាច​បាត់បង់​ត្រី និង​ធ្វើឲ្យ​វប្បធម៌​ដូនតា​មួយ​នេះ​បាត់បង់​ផងដែរ​។

ពលរដ្ឋ​មួយ​រូប​រស់នៅ​ក្នុង​ឃុំ​ក្រវៀន លោក ឈ្មោះ សំ ភឿន បាន​រៀបរាប់​ថា​៖ «​ខ្ញុំ​ដឹង​ក្តី​មក ឃើញ​ចាស់ៗ​ធ្វើ​កម្មវិធី​នេះ​រាល់​ឆ្នាំ គេ​ធ្វើ​វា​ឡើង ដើម្បី​កេរដំណែល​ពី​បរមបុរាណ​មក​។ ខ្ញុំ​មក​ចូលរួម​កម្មវិធី​នេះ​រាល់​ឆ្នាំ មក​មួយ​គ្រួសារ និយាយ​ពី​សប្បាយ​ណាស់ ព្រោះ​ខ្ញុំ​មក​ទាំង​គ្រួសារ​អ៊ីចឹង មក​ចាប់​ត្រី​ផង មក​លេង​ផង​។ ឆ្នាំ​នេះ​រក​បាន​ត្រី​តិច​ដែរ បាន​ប្រហែល​ប្រាំ​គីឡូ ព្រោះ​ថា​ឆ្នាំ​នេះ​ទឹក​ធ្លាយ​ចុង​ខែ អត់​សូវ​ត្រូវ​ត្រី​ទេ ខុស​ពី​ឆ្នាំ​មុនៗ​ហើយ​មនុស្ស​មក​លេង​ច្រើន​ឆ្នាំ​នេះ​»​។

ចំណែក​ពលរដ្ឋ​មកពី​ខេត្ត​កំពង់ធំ​លោក វ៉ែន អាយុ ២៥ ឆ្នាំ​បាន​ប្រាប់​ថា​៖ «​ខ្ញុំ​ចាប់​ត្រី​នៅ​ទី​នេះ​មក​ ២ ​នាក់​បងប្រុស​មកពី​ខេត្ត​កំពង់ធំ តែ​ប្រពន្ធ​ខ្ញុំ​រស់នៅ​ហ្នឹង ខ្ញុំ​មក​ចាប់​ត្រី​នេះ​បាន​ក្រែល​ដែល​។ បើ​និយាយ​ពី​អារម្មណ៍​សប្បាយ ព្រោះ​អត់​ដែល​បាន​ជួប​អ៊ីចឹង​ពី​មុន​មក​ អត់​ដែល​ឃើញ​មនុស្ស​ចាប់​ត្រី​ច្រើន​អ៊ីចឹង​ទេ ខុស​ពី​ខេត្ត​យើង​»​។

ទឹក​បឹង​ក្រម​នេះ​មាន​ប្រភព​មកពី​បណ្តា​បឹង​នានា​ដែល​ហូរ​ចាក់​ចូល​មក​នា​រដូវទឹក​ឡើង​ដោយ​បាន​នាំ​មក​នូវ​ត្រី​ជាច្រើន​ប្រភេទ​តម្កល់​ទុក​នៅក្នុង​បឹង​ក្រឡា​ផ្ទៃ​ជាង ១ ​ម៉ឺន​មែត្រ​ការ៉េ​។

កម្មវិធី​ចាប់​ត្រី​នេះ​បាន​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ​រួម​ទាំង​បណ្ដាញ​សង្គម ដែល​បាន​ធ្វើឲ្យ​កម្មវិធី​នេះ​កាន់តែ​អ៊ូអរ​ពី​ ១ ​ឆ្នាំ​ទៅ​ ១ ​ឆ្នាំ​។

ទន្ទឹម​នឹង​ការចូលរួម​សប្បាយ​ពី​ប្រជាពលរដ្ឋ​លោក​មេភូមិ ធាន សាន់ ក៏​បាន​សំណូមពរ​ឲ្យ​ចូលរួម​អនុវត្ត​នូវ​ចំណុច​សំខាន់​ចំនួន ៣ គឺ​៖ រក្សា​ព្រៃឈើ ចូលរួម​រក្សា​បរិស្ថាន មិន​បោះចោល​សំរាម និង​រក្សា​ទំនាក់ទំនង​ផ្សព្វផ្សាយ​ព័ត៌មាន​ដល់​ប្រជាពលរដ្ឋ​បាន​យល់ដឹង​កាន់តែ​ច្បាស់​។

នា​ថ្ងៃ​អនាគត មេភូមិ​ក៏​មាន​គម្រោង​អភិវឌ្ឍ​តំបន់​បឹង​ក្រម​នេះ​ឲ្យ​ក្លាយ​ជា​តំបន់​ទាក់ទាញ​ភ្ញៀវទេសចរ​ព្រម​ទាំង​បង្កើត​រូបសំណាក និង​កសាង​កន្លែង​ផ្សេងៗ ដើម្បី​អភិរក្ស​តំបន់​នេះ​ទុក​ឲ្យ​កូនចៅ​ជំនាន់​ក្រោយ​ផង​ដែរ​៕

Content image - Phnom Penh Post
ក្មេងៗ​ប្រើ​កញ្ច្រែង​ដួស​ត្រី​យ៉ាង​ក្អាកក្អាយ​។ រូបថត Yousos Apdoulrashim

Content image - Phnom Penh Post
ប្រជាពលរដ្ឋ​ប្រើ​ឧបករណ៍​នេសាទ​បុរាណ​រកត្រី​។ រូបថត Yousos Apdoulrashim

វីដេអូ៖

អត្ថបទគួរចាប់អារម្មណ៍