ភ្នំពេញៈ ជាមួយ​បទពិសោធ​រស់នៅ​ក្នុង​សហគមន៍​ដែល​មាន​ប្រជាជន​ចូលចិត្ត​អាន​សៀវភៅ និង​ចែករំលែក​ចំណេះដឹង​ឲ្យ​គ្នា​ទៅវិញ​ទៅមក យុវជន​មួយក្រុម​បានរៀបចំ​កម្មវិធី​ជួបគ្នា​ដូរ​សៀវភៅ សម្រាប់​អ្នក​ចូលចិត្ត​អំណាន​ពី​គ្រប់ទិសទី អាច​ជួបជុំ​គ្នា​ចែករំលែក​បទពិសោធ និង​ចំណេះដឹង​នៅ​កម្មវិធី​នា​ថ្ងៃ​សៅរ៍ ទី​១៦ ខែ​កុម្ភៈ ឆ្នាំ​ ២០១៩ នៅ Workspace1, Factory Phnom Penh, តាម​បណ្តោយ​ផ្លូវជាតិ​លេខ​ ២ ទល់មុខ​វត្ត​ចាក់អង្រែលើ​រាជធានី​ភ្នំពេញ​។

អ្នករៀបចំ​កម្មវិធី​លោក ឃី កូបី បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ឲ្យ​ដឹង​ពី​គោលបំណង​នៃ​ការរៀបចំ​កម្មវិធី​នេះ​ឡើង​ថា​៖ «​ទី​ ១ ចង់​បង្កើន​វប្បធម៌​ក្នុង​ការអាន​សៀវភៅ​របស់​យុវជន​នៅក្នុង​ទីក្រុង​ភ្នំពេញ​សម្រាប់​អ្នក​ចូលចិត្ត​អាន​សៀវភៅ គាត់​អាច​មក​ជួបជុំ​គ្នា អាច​និយាយ​ថា​សៀវភៅ​គាត់​និយាយ​ពី​អ្វី គាត់​អាច​ដូរ​សៀវភៅ​គ្នា​បាន ដោយសារ​នៅ​ស្រុក​ខ្មែរ​យើង ពិបាក​ក្នុង​ការរក​ទិញ​សៀវភៅ ព្រោះ​សៀវភៅ​ថ្លៃ ហើយ​យើង​អត់​សូវ​មាន​អ្នក​ចែកចាយ​សៀវភៅ អ៊ីចឹង​អ្នក​ដែល​អាន​សៀវភៅ​ហើយ​គាត់​អាច​ចែករំលែក​សៀវភៅ​ឲ្យ​ទៅ​អ្នកដទៃ​អាន​បាន​»​។

ទាក់ទង​នឹង​ការអាន​សៀវភៅ​នេះ អតីត​និស្សិត​ព័ត៌មានវិទ្យា​ខាង​លើ​បាន​រំឭកថា កាលពី​លោក​សិក្សា​នៅ​អនុវិទ្យាល័យ​ក្នុង​ខេត្ត​កំពង់ស្ពឺ​លោក​ពុំ​មាន​សៀវភៅអាន​ច្រើន​នោះឡើយ​ដោយ​ហេតុ​ថា​សាលា​មិន​មាន​បណ្ណាល័យ​តម្កល់​សៀវភៅ​សម្រាប់​សិស្ស​។ សូម្បីតែ​របៀប​អាន​សៀវភៅ​ក៏​លោក​មិន​ចេះ​ផង​រហូត​ទាល់​តែ​លោក​បាន​បន្ត​ការសិក្សា​ផ្នែក IT នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ទើប​លោក​បាន​អាន​សៀវភៅ​ច្រើន​។

ម្យ៉ាងទៀត​អំឡុង​ពេល​សិក្សា គ្រូ​បន្ទុក​ថ្នាក់​ភាសា​អង់គ្លេស​បាន​ឲ្យ​សិស្ស​ទាំងអស់​អាន​មេរៀន និង​សង្ខេបន័យ​យក​មក​ប្រាប់​មិត្តភក្តិ​ពី​ម្នាក់​ទៅ​ម្នាក់​។ តាំងពី​នោះ​មក​ទើប​លោក​មាន​ទម្លាប់​អាន​សៀវភៅ និង​យល់​ពី​របៀប​នៃ​ការអាន​សៀវភៅ​។

ជាមួយ​បទពិសោធ​ដែល​នាំ​ឲ្យ​មាន​ការស្រឡាញ់​អំណាន​កម្មវិធី​របស់​លោក​ក៏​ស្វាគមន៍​ការចូលរួម​ដោយ​សេរី​ទាំង​អ្នក​មាន​សៀវភៅ និង​មិនមាន​សៀវភៅ​នាំ​មក​ជាមួយ​។

មក​ដល់​ពេល​នេះ Workspace1 មាន​សៀវភៅ​ជា​ភាសា​ខ្មែរ​ប្រមាណ​ជាង ២ កេស និង​មាន​សៀវភៅ​ជា​បរទេស​ប្រមាណ​ជាង ៤០០ ក្បាល​សម្រាប់​ធ្វើ​ការដោះដូរ​ជាមួយ​អ្នក​ចូលរួម ប៉ុន្តែ​សៀវភៅ​បរទេស​គឺ​អាច​ប្តូរ​តែ​ជាមួយ​សៀវភៅ​បរទេស​ប្រភេទ​ជា​រឿងនិទាន ឬ​ប្រលោមលោក​។

ទន្ទឹម​នឹង​នេះ​លោក ឃី កូបី ក៏​បាន​បង្ហាញ​ពី​ភាព​ខុសគ្នា​មុន​ពេល និង​ក្រោយពេល​ដែល​លោក​ចាប់ផ្តើម​អាន​សៀវភៅ​ថា​៖ «​ពេល​ដែល​យើង​អាន​សៀវភៅ​មាន​ន័យ​ថា​យើង​មាន​ពេលទំនេរ​សម្រាប់​ខ្លួនឯង ហើយ​ចាប់ផ្តើម​ចេះ​គិត​មាន​ន័យ​ថា​ដូចជា​កញ្ចក់​ឆ្លុះបញ្ចាំង​មក​ជីវិត​យើង​ផ្ទាល់ខ្លួន និង​សង្គម​។ អ៊ីចឹង​យើង​ចាប់ផ្តើម​មើល​ឃើញ​ថា​អ្វី​ខ្លះ​ជា​ផល​វិជ្ជមាន និង​អ្វី​ខ្លះ​ជា​ផល​អវិជ្ជមាន និង​អ្វី​ដែល​យើង​គួរតែ​យក​មក​អនុវត្ត​ក្នុង​ជីវិត​រស់នៅ​។ អ៊ីចឹង​ការអាន​ធ្វើ​ឲ្យ​មនុស្ស​ចេះ​គិត​»​។

អ្នក​ដែល​ចង់​ចូលរួម​ដូរ​សៀវភៅ​បង្កើត​មិត្ត​កម្មវិធី​នេះ​នឹង​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង ១០ ព្រឹក ដល់ ១២ ថ្ងៃត្រង់ នៅ WS1 by Factory Phnom Penh ដោយ​ចុះ​តាម​ Link នៅ​ហ្វេសប៊ុក «​ជួបគ្នា​ដូរ​សៀវភៅ Book Exchange Meet-Up»៕