ភ្នំពេញ៖ ចំណូល​ចិត្ត​សិល្បៈ​គំនូរ និង​​ក្ដី​ស្រឡាញ់​សត្វ​​ចិញ្ចឹម ​បាន​ធ្វើ​ឲ្យ​សហគមន៍​អ្នក​​​ស្នេហា​សិល្បៈ​​អន្តរជាតិ​ Phnom Paint រៀបចំ​ការ​ដេញ​ថ្លៃ​ស្នាដៃ​សិល្បៈ​របស់​ខ្លួន ដើម្បី​ប្រមូល​ថវិកា​ជូន​អង្គការ Animal Rescue Cambodia នៅ​ល្ងាច​​ថ្ងៃ​សៅរ៍ ទី ១៤ ខែ ​ធ្នូ ឯមជ្ឈមណ្ឌល​វប្បធម៌​អាល្លឺម៉ង់​ផ្ទះ​មេត្តា។

អ្នក​រៀបចំ​កម្មវិធី​លោក Vitaly Smyshlyaev បាន​ប្រាប់ ភ្នំពេញ​ ប៉ុស្ដិ៍ ឲ្យ​ដឹង​ថា៖ «ពួក​យើង​​សុទ្ធ​តែ​ជា​អ្នក​ចិញ្ចឹម​ឆ្កែ​ឆ្មា ហើយ​យើង​ធ្លាប់​យក​ពួក​វា​ទៅ​ព្យាបាល​នៅ​គ្លីនិក​​សហការ​នឹង​​អង្គការ​មួយ​នេះ។ យើង​សម្គាល់​ឃើញ​ពី​កិច្ច​ខំ​ប្រឹងប្រែង​​របស់​អង្គការ ដូច្នេះ​ទើប​យើង​ចង់​​បំផុស​ការ​ចាប់​អារម្មណ៍​ពី​សកម្មភាព​សង្គ្រោះ​សត្វ»។

សហគមន៍ Phnom Paint បាន​រួម​ចំណែក​​លើក​កម្ពស់​សិល្បៈ​នៅ​កម្ពុជា​តាមរយៈ​ថ្នាក់​បង្រៀន​គូរ​គំនូរ​ដល់​កុមារ មនុស្ស​ធំ ក៏​ដូច​ជា​ការ​បង្រៀន​ផ្នែក​ច្នៃ​រចនា​ម៉ូដ និង​កម្មវិធី​សិល្បៈ​រាល់​​ចុង​សប្ដាហ៍​​។

ស្នាដៃ​គំនូរ​ដែល​​នឹង​ត្រូវ​ដាក់ដេញថ្លៃ​​សប្បុរសធម៌​។ រូបថត សហ​ការី

សហគមន៍​​នេះ​ជឿជាក់​ថា ការ​រៀបចំ​ពិព័រណ៍ និង​កម្មវិធី​សិល្បៈ​ដ៏​សម្បូរ​បែប ដើរ​តួនាទី​សំខាន់​ក្នុង​ការ​ធ្វើ​ឲ្យ​បរិយាកាស​ទីក្រុង​ស្រស់​បំព្រង។

លោក Smyshlyaev បាន​​ប្រាប់​ពី​គោល​បំណង​នៃ​ការ​ដេញ​ថ្លៃ​ស្នាដៃ​សិល្បៈ​ថា៖ «យើង​​ចង់​ធ្វើ​ឲ្យ​ជីវិត​សិល្បៈ​នៅ​រាជធានី​ភ្នំពេញ​មាន​ភាព​ស្រស់​ត្រកាល និង​រស់រវើក ហើយ​យើង​ក៏​ចង់​លើក​កម្ពស់​អង្គការ​​ដែល​ពុះពារ​ជួយ​សង្គ្រោះ​សត្វ​តាម​ចិញ្ចើម​ផ្លូវ​ផង​ដែរ​​»។

អ្នក​រៀបចំ​កម្មវិធី​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ការ​ដេញថ្លៃ​នឹង​មាន​ ៣០ ស្នាដៃ​ពី​សិស្ស​ផ្នែក​គំនូរ ដែល​ភាគ​ច្រើន​ជា​រូប​ផ្កា សត្វ​ចិញ្ចឹម និង​ទិដ្ឋភាព​ទីក្រុង​ដ៏​រ៉ូមេនទិក។ ស្នាដៃ​ទាំង​នេះ​ស័ក្ដិសម​សម្រាប់​ការ​ជាវ​យក​ទៅ​​ដាក់​តាំង​លម្អ​ផ្ទះ។

លោក​និយាយ​ថា៖ «យើង​បាន​ជ្រើសរើស​យក​ស្នាដៃ​ដែល​ល្អ និង​ស័ក្ដិសម​សម្រាប់​យក​ទៅ​តាំង​ព្យួរ​នៅ​បន្ទប់​ក្មេង នៅ​ផ្ទះបាយ និង​បន្ទប់​គេង​ជាដើម ហើយ​តម្លៃ​ផ្ដើម​ដេញ​ថ្លៃ​ ចាប់​ពី ២០ ទៅ ៣០ ដុល្លារ ខណៈ​ស្នាដៃ​ខ្លះ​ផ្ដើម​ពី​តម្លៃ ៥០ ដុល្លារ​ឡើង​ទៅ»។

ថវិកា​ពី​ការ​ដេញ​ថ្លៃ​ទាំង​អស់​នឹង​ត្រូវ​បាន​ជូន​ទៅ​អង្គការ​ Animal Rescue Cambodia។ ទន្ទឹម​នឹង​នោះ Phnom Paint ក៏​គ្រោង​នឹង​បន្ត​រៀបចំ​ការ​ដេញ​ថ្លៃ​ស្នាដៃ​សិល្បៈ ​ដើម្បី​​សប្បុរសធម៌​​បែប​​នេះ ​រៀង​រាល់ ​៣ ​ខែ​ម្ដង​ ដើម្បី​ផ្សារ​ភ្ជាប់​ទំនាក់ទំនង​សហគមន៍​សិល្បករ​ និង​អ្នក​ស្រឡាញ់​សត្វ។

កម្មវិធី​ដេញថ្លៃ​ស្នាដៃ​សិល្បៈ ​ដើម្បី​សប្បុរសធម៌ ​Phnom Paint Charity Art Auction នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​សៅរ៍​ចុង​សប្ដាហ៍​នេះ ​វេលា​ម៉ោង ៥ ល្ងាច នៅ​ផ្ទះមេត្តា ផ្ទះលេខ ៣៧ ផ្លូវ​លេខ ​១៧៨៕