ភ្នំពេញ៖ កម្មវិធី​តាំង​ពិព័រណ៍ និង​​ដាក់​ដេញ​ថ្លៃ​ស្នាដៃ​សិល្បៈ​សហសម័យ​ខ្នាត​ធំ​ពុំ​ធ្លាប់​មាន​ ដែល​​មាន​ក្រុម​សិល្បករ និង​ក្រុម​សិល្បការិនី ទាំង​​​ជនជាតិ​ខ្មែរ និង​បរទេស​ សរុប​ចំនួន​​ប្រមាណ​​ជាង ៨០ រូប ត្រូវ​បាន​បើក​​សម្ពោធ​ ដើម្បី​​ប្រមូល​ថវិកា​​សម្រាប់​ទ្រទ្រង់​កម្មវិធី​​របស់​​​​គម្រោង​សិល្បៈ​ស-ស នៅ​​​ឯ​វិចិត្រ​សាល​ Factory Phnom Penh កាល​ពី​រសៀល​ថ្ងៃទី ​១៤ ខែ​វិច្ឆិកា និង​បន្ត​រហូត​ដល់​​ថ្ងៃទី ​៤ ខែ ​ធ្នូ ឆ្នាំ ​២០២០។

បើ​យោង​ទៅ​តាម​សេចក្តី​ប្រកាស​​ព័ត៌មាន​​បាន​ឲ្យ​ដឹង​ពី​ការ​​​​រៀបចំ​​កម្មវិធី​នេះ​​ថា៖ «កម្មវិធី​​​ពិព័រណ៍ ​និង​ដាក់​ដេញ​ថ្លៃ​ស្នាដៃ​​សិល្បៈ​សហសម័យ​​នេះ ​ត្រូវ​​បាន​ចូលរួម​​ជា​សប្បុរស​ពី​សំណាក់​សិល្បករ និង​វិចិត្រសាល​​របស់​គេ ទាំង​នៅ​កម្ពុជា និង​​ក្រៅ​ប្រទេស។ ​ស្នាដៃ​​​ដោយ​សិល្បករ​ខ្មែរ​ និង​សិល្បករ​មក​ពី​​តំបន់​អាស៊ី​អាគ្នេយ៍​ល្បី​ឈ្មោះ​​​ចំនួន​​ជាង ៤០ ស្នាដៃ នឹង​មាន​សម្រាប់​ការ​ដាក់​ដេញ​ថ្លៃ​តាម​​អនឡាញ។ នៅ​​ក្នុង​នោះ​មាន​ស្នាដៃ​របស់​សិល្បករ​ខ្មែរ​សំខាន់ៗ​ដូចជា ​ពេជ្រ សុភាព, លាង ស៊ីកន, ខ្វៃ សំណាង​, ទិត្យ កន្និដ្ឋា, នាក់​ សុផល, ថន សុខ​​​ និង​​សិល្បករ​អាស៊ី​ល្បីៗ​ ដូចជា ភីណារី សានពិតាក់ (ថៃ) មីត ចៃអ៊ីន (ថៃ) អ៊ូដាម ចាន់​ងូ-​យិន​ (វៀតណាម) ង៉ា ឡេ (មីយ៉ាន់ម៉ា) ក្រុម​បាគូដាប៉ាន់​ (ឥណ្ឌូនេស៊ី) និង ​ហ៊្សូ ចាវៃ (តែវ៉ាន់)​។ ​លើស​ពី​នេះ ​ក៏​មាន​ស្នាដៃ​​ដោយ​ក្រុម​សិល្បករ​នៅ​កម្ពុជា​ចំនួន​ជាង​ ៣០ ស្នាដៃ​ទៀត​​ដែល​អាច​ជាវ​បាន​ដោយ​ផ្ទាល់​នៅ​កន្លែង​តាំង​ពិព័រណ៍​។​ គម្រោង​​​សិល្បៈស-ស​ ​សូម​ថ្លែង​​​​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ទឹក​ចិត្ត​សប្បុរស​​របស់​ក្រុម​សិល្បករ​ និង​វិចិត្រករ​​​ដែល​​បាន​ចូលរួម​ទាំង​អស់។ យើង​​​ក៏​សូម​​ថ្លែង​អំណរគុណ​​ដល់​វិចិត្រសាល​​ Factory Phnom Penh ដែល​បាន​ផ្តល់​ទីតាំង​​សម្រាប់​ពិធី​តាំង​​ពិព័រណ៍​នេះ​ ហើយ​​ក៏​​​​ថ្លែង​អំណរគុណ​​​ជាពិសេស​​ដល់​លោក ម៉ុក រដ្ឋា ដែល​​បាន​ឧបត្ថម្ភ​ដល់​កម្មវិធី​នេះ​ផង​ដែរ»​។​

ភ្ញៀវ​ផ្ចង់មើល​ស្នាដៃ​របស់​សិល្បករថ្ងៃបើកសម្ពោធពិព័រណ៍នៅ Factory Phnom Penh។ហ៊ាន រង្សី

ប្រភព​ខាង​លើ​​ បន្ត​ឲ្យ​ដឹង​​ទៀត​​ថា៖ «កម្មវិធី​តាំង​ពិព័រណ៍ និង​ដាក់​ដេញ​ថ្លៃ​ស្នាដៃ​សិល្បៈ​សហសម័យ​នេះ គឺ​ប្រារព្ធ​ធ្វើ​ឡើង​​ ដើម្បី​ប្រមែប្រមូល​ថវិកា​​​សម្រាប់​​ទ្រទ្រង់​កម្មវិធី​របស់​គម្រោង​សិល្បៈស-ស​។ ថវិកា​ដែល​​ប្រមូល​បាន​នឹង​យក​ទៅ​ផ្គត់ផ្គង់​គម្រោង​​សិល្បៈ​​ស-ស ​និង​​សិល្បករ​ដែល​ចូលរួម​។ ​ការ​ដេញ​ថ្លៃ​ និង​ការ​ជាវ​ស្នាដៃ​សិល្បៈ​ទាំង​នេះ​នឹង​ជួយ​ឱ្យ​​គម្រោង​​សិល្បៈ​ស-ស អាច​​បន្ត​​កម្មវិធី​របស់​ខ្លួន​នៅ​ក្នុង​ឆ្នាំ ២០២១ ​បាន​ក្នុង​នោះ​មាន​កម្មវិធី​សិក្សា​អប់រំ​សិល្បៈ ​កម្មវិធី​តាំង​​ពិព័រណ៍ ​និង​កម្មវិធី​សាធារណៈ​ ដែល​​ជា​ប្រយោជន៍​បាន​ទៅ​​ដល់​​ការ​រីក​ចម្រើន​នៃ​សហគមន៍​​សិល្បៈ​សហសម័យ​នៅ​កម្ពុជា»។

ស្នាដៃ​សិល្បការិនី នាក់ សុផល ឈ្មោះថា «Leaf»។ រូបថត សហ​ការី

ចំពោះ​​ការ​ដេញ​ថ្លៃ​ស្នាដៃ​សិល្បៈ​​អនឡាញ​នោះ អាច​​ចូល​​ givergy.us/sasa2020​​ ដែល​​មាន​កាល​បរិច្ឆេទ​​នៃ​ការ​ដាក់​ដេញ​ថ្លៃ​ គឺ​ចាប់​​​ថ្ងៃទី​ ១៤​ ខែ​​វិច្ឆិកា​ បន្ត​ដល់​ថ្ងៃទី ​៤ ខែ ​ធ្នូ ឆ្នាំ ​២០២០ ខណៈ​​ព័ត៌មាន​បន្ថែម​​ចូល​តាម​សារ​អេឡិចត្រូនិក​ lyna​@​sasaart​.​info​ ​ឬ sna@sasaart.info​​ ឬ​តាម​​ទូរស័ព្ទ​ ០៩២ ៩៦១​ ៩៧៤​/០១២ ៤២២ ០៦២​។ ចំណែក​​​ពិព័រណ៍​ស្នាដៃ​សិល្បៈ​​សហសម័យ​នៅ Factory Phnom Penh ​​ចាប់​ផ្តើម​ពី​ថ្ងៃទី ​១៤ ខែ​វិច្ឆិកា ​បន្ត​រហូត​ដល់​ថ្ងៃទី ២១ ​ខែ វិច្ឆិកា ឆ្នាំ ​២០២០។​

គួរ​បញ្ជាក់​ដែរ​ថា គម្រោង​សិល្បៈ​​ស-​ស ​គឺ​ជា​គម្រោង​មិន​មែន​​​ដើម្បី​ប្រាក់​ចំណេញ​ឡើយ​ ដែល​​បាន​ដំណើរការ​​ដោយ​ក្រុម​​​​​សិល្បករ​ខ្មែរ ​និង​ផ្តោត​លើ​​​ការងារ​ដក​ពិសោធន៍​នៅ​ក្នុង​​វិស័យ​​​សិល្បៈ​សហសម័យ។ គម្រោង​នេះ ​ផ្តួច​ផ្តើម​ឡើង​​នៅ​ឆ្នាំ ២០១០ ដោយ​​សិល្បករ​​មួយ​​ក្រុម​ឈ្មោះ​​ថា «ស្ទាវ​សិល្បៈ​»​។ បន្ទាប់​ពី​​​ចំណាយ​ពេល​អស់ ៧ ឆ្នាំ​​ ធ្វើ​ការ​ពី​អគារ​ស្នាក់​នៅ​​ជា​ប្រវត្តិសាស្ត្រ​​ហៅ​​ថា «​ប៊ុលឌិងស​» ​មក​ យើង​​បាន​ផ្លាស់​​​មក​នៅ​ទីតាំង​ថ្មី​​​​នៅ​​ក្នុង​ឆ្នាំ ២០១៧។ នៅ​ទីតាំង​ថ្មី​​​​​ គម្រោង​​សិល្បៈ​ស-​ស ​​បាន​បង្វែរ​​មក​ពង្រឹង​​ការងារ​​ជាមួយ​សិល្បករ​ក្មេងៗ​ និង​និស្សិត​ទើប​បញ្ចប់​ការ​សិក្សា ខណៈ​បន្ត​​កសាង​ទំនាក់ទំនង​កាន់​តែ​ជិត​ស្និទ្ធ​ជាមួយ​សិល្បករ​នៅ​អាស៊ី តាមរយៈ​កម្មវិធី​សិក្សា​អប់រំ​សិល្បៈ​ កម្មវិធី​ពិព័រណ៍ ​កម្មវិធី​សាធារណៈ កម្មវិធី​និវាសដ្ឋាន​សិល្បៈ​ពិសោធន៍​ និង​កម្មវិធី​​សហការ​ពិសេស​ៗ​ផ្សេងៗ​​ទៀត៕​​

សិល្បករ និងក្រុម​ការងារ​រៀបចំពិព័រណ៍​ស្នាដៃសហសម័យ​។ហ៊ាន រង្សី