ក្រុង​កាន: ពី​បុរាណកាល មនុស្ស​ប្រើ​យុទ្ធសាស្ត្រ​ចែចង់​គ្នា ផ្ដើម​ពី​ការ​ស្គាល់​ឈ្មោះ និង​ឆ្លង​កាត់​ដំណាក់​កាល​ជា​ច្រើន​មុន​នឹង​ឡើង​គ្រែ។ ប៉ុន្ដែ​នៅ​រជ្ជកាល​ដ៏​ទំនើប ជាមួយ​កម្មវិធី​ទូរស័ព្ទ​រក​ដៃគូ​ដូចជា Tinder សូម្បី​តែ​កម្មវិធី​តាម​ទូរទស្សន៍​ក៏​ជ្រួល​ជ្រើម​រៀបចំ​ឱកាស​នេះ​ផង​ដែរ។

កម្មវិធី​ណាត់ជួប​ស្នេហ៍​ថ្មី​នេះ​ជួយ​មនុស្ស​សហស្ស​វត្សរ៍​ថ្មី​ដ៏​មមាញឹក​មិន​ឲ្យ​ខ្ជះខ្ជាយ​ពេល​វេលា​តាម​ស្វែង​រក​ស្នេហា​បាន​លឿន​បំផុត។ កម្មវិធី​ទូរទស្សន៍ «រួម​មេត្រី» ឬ «Making Love» ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នៅ MIPCOM ជាទី​ផ្សារ​ទូរទស្សន៍​ធំ​បំផុត​ក្នុង​លោក​នៅ​ទីក្រុង​កាន ប្រទេស​បារាំង បាន​អនុញ្ញាត​ឲ្យ​បេក្ខជន​បេក្ខនារី អាច​ឡើង​គ្រែ​ជាមួយ​គ្នា មុន​សម្រេច​ចិត្ដ​ថា​តើ​គួរ​ស្រឡាញ់ និង​យក​គ្នា​ជា​គូ​អនាគត​ឬក៏​អត់?

ក្រុម​អ្នក​ផលិត​ជនជាតិ​បារាំង WeMake បាន​ឲ្យ​ដឹងថា ខ្លួន​បាន​ពាំនាំ​ការផ្គូផ្គង​បែប​វិទ្យាសាស្ដ្រ ដើម្បី​បង្កើត​ជា​សំណួរ​ចាក់​ដោត​មួយ​ថា «តើ​ការ​រួម​ភេទ​អាច​ជំរុញ​រូប​អ្នក​ឲ្យ​ចេះ​ស្រឡាញ់​គ្នា​ឬទេ?»។

ពួកគេ​បង្កើត​កម្មវិធី ដែល​កំពុង​ត្រូវបាន​ដាក់លក់​នៅ MIPCOM ទន្ទឹមនឹង​ការពិសោធ​ជា​បឋម​ជុំវិញ​សេចក្ដី​ស្រឡាញ់​របស់​អ្នក​ចូល​រួម។

ក្រុម​អ្នក​ផលិត បាន​ឲ្យ​ដឹងថា៖ «នៅ​ពីក្រោយ​ទ្វារ​បន្ទប់​គេង កាមេរ៉ា​បាន​ផ្ដិត​យក​គ្រប់​សកម្មភាព និង​គ្រប់​កាយ​វិការ​ដ៏​រោល​រាល​ទាំង​អស់​របស់​ដៃគូ​រួម​គ្រែ​ថ្មី​ថ្មោង មុន​នឹង​កាត់​ប្លង់​ដល់​ប្រតិបត្តិការ​សិច​ចប់»។

រូបតំណាង: សកម្មភាព​ខ្លះ​នៅលើគ្រែ​ត្រូវបាន​ថត មុន​នឹង​លោត​ប្លង់ដល់​វគ្គ​ក្រោយ​រួមភេទ​​។ AFP

អ្នកចូលរួម​ខ្លះ​ប្រញាប់​រត់​ចូល​បន្ទប់ទឹក ដើម្បី​សាកសួរ​អ្នកទស្សនា​ពី​ទេពកោសល្យ និង​សមត្ថភាព​របស់​ដៃគូ។ វីដេអូ​ឃ្លីប​ខ្លីៗ​ពី​កម្មវិធី​បាន​បង្ហាញ​ថា៖ «យើង​នឹង​តាម​ដាន​គូ​ស្នេហ៍​ទាំង​នេះ​ប៉ុន្មាន​សប្ដាហ៍​ដើម្បី​ឲ្យ​ប្រាកដ​ថា តើ​ពួកគេ​នៅ​តែ​ជា​មិត្ដ​រួម​ដំណេក ឬ​ពួកគេ​សម្រេច​ស្វែង​យល់​ចិត្ដ​គ្នា និង​បណ្ដុះ​ពន្លក​មនោ​សញ្ចេតនា​ស្នេហា​ជា​ផ្លូវការ»។

ថ្វីដ្បិតតែ​ក្រុម​អ្នក​ផលិតកម្មវិធី​នេះ​ជា​ជនជាតិ​បារាំង​យ៉ាងណាក៏ដោយ ក៏​ក្រុម​អ្នក​ចូល​រួម​ថត​កម្មវិធី​ទូរទស្សន៍​ស្វែងរក​ដៃគូ​ស្នេហ៍​នេះ សុទ្ធ​តែ​ជា​ជន​ជាតិ​អង់គ្លេស។

ទម្រង់ស្រដៀងៗនឹង​កម្មវិធី​ស្វែងរក​ដៃគូ​ដ៏​ចម្លែក​មួយ​នេះ​នឹង​ត្រូវបាន​ផលិត​ចាក់​បញ្ចាំង​តាម​កញ្ចក់​ទូរទស្សន៍​នានា​នៅ​ជុំវិញ​ពិភពលោក​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ទៅ​មុខ​ទៀត។ អ្នក​ស្រី វើជី​នៀរ មូសេល័រ នៃ​ទីភ្នាក់ងារ The Wit បាន​ឲ្យ​ដឹង​ថា វិធី​ណាត់​ជួប​សម័យ​ថ្មី​នេះ​មិន​ស័ក្ដិសម​សម្រាប់​អ្នក​កំណាញ់​ខ្លួន​ឡើយ។

កម្មវិធី​មួយ​ផ្សេងទៀត «ស្វែងរក​ខ្លួនប្រាណ​ខ្ញុំ» ឬ «Find My Body» បានអនុញ្ញាត​ឲ្យ​អ្នក​ចូល​រួម​ទស្សន៍​ទាយ​ផ្នែក​នៃ​រាងកាយ​ណា​ជា​កម្មសិទ្ធិ​របស់​បុគ្គល​ណា​ម្នាក់ ដោយ​អ្នក​ឈ្នះ​អាច​នាំ​យក​បុគ្គល​នោះ​ទៅ​ដើរ​លេង​ជាមួយ​នឹង​បាន​ប្រាក់​រង្វាន់​ថែម​ទៀត៕