សៀមរាប: ក្រុមហ៊ុនមួយនៅសៀមរាបបានអភិវឌ្ឍកម្មវិធីទូរស័ព្ទក្នុងបំណងផ្សារភ្ជាប់ទំនាក់ទំនងកសិករ ឈ្មួញកណ្ដាល អ្នកផ្គត់ផ្គង់ អ្នកលក់ និងអ្នកជំនាញក្នុងវិធីងាយៗបើទោះបីជាពួកគេមានការអប់រំទាបយ៉ាងណាក៏ដោយ។
លោក កេនហ្គោ គីតារ៉ា ជាសហគ្រិនជប៉ុនដែលបានមកកាន់កម្ពុជាក្នុងឆ្នាំ ២០១០ បានបង្កើតកម្មវិធីទូរស័ព្ទ Agribuddy App ក្រោយពីជួបបញ្ហាមួយចំនួនពាក់ព័ន្ធនឹងការបង្កើតចម្ការដំឡូងមី ១ ពាន់ហិកតាក្នុងខេត្ដប៉ៃលិន។
លោក គីតារ៉ា បាននិយាយថា លោកជួបបញ្ហាក្នុងការទាក់ទងជាមួយកសិករមានបទពិសោធ ដែលអាចជួយលោកដោះស្រាយបញ្ហាទាំងនោះ ជាមួយឈ្មួញដើម្បីស្វែងរកតម្លៃលក់ ឬសម្ភារផ្គត់ផ្គង់ជាដើម។
លោកបន្ដថា៖ «វាមានការលំបាកសម្រាប់កសិករកម្ពុជាក្នុងការស្វែងរកជំនួញទាំងអស់នេះ។ដូច្នេះខ្ញុំផ្ដើមគិតពីវិធីដែលកសិករទូទៅអាចទទួលបានព័ត៌មានទាំងនោះ»។
លោកបានបន្ថែមថា៖ «ខ្ញុំបានឃើញកសិករកាន់តែច្រើនប្រើទូរស័ព្ទទំនើប តែដោយផលលំបាកផ្នែកភាសា និងកង្វះកសិករ អ្នកជំនួញ និងអ្នកផ្គត់ផ្គង់ក្នុងការផ្សព្វផ្សាយ ពីខ្លួនឯង ទូរស័ព្ទគ្រាន់តែជាឧបករណ៍លេងហ្គេម និងហ្វេសប៊ុកប៉ុណ្ណោះ។ ខ្ញុំគិតថា ការបង្កើតថ្មីនេះអាចជួយដល់ពួកគេបាន»។

ការប្រើប្រាស់កម្មវិធីដែលមានមុខងារច្រើន កសិករជនបទអាចបង្ហោះរូបភាពអំពីកង្វល់របស់ខ្លួនជួបប្រទះ បង្ហោះសំណួរអំពីដំណាំប្រភេទណាដែលត្រូវដាំ និងចូលស្វែងរកព័ត៌មានពីប្រវត្ដិក្រេឌីត និងទ្រព្យរបស់ខ្លួនដើម្បីធានាចំពោះប្រាក់កម្ចី។
លោក គីតារ៉ា បានអះអាងថា៖ «ខ្ញុំសង្ឃឹមថា Agribuddy នឹងក្លាយជាឧបករណ៍ដែលអាចជួយប្រជាកសិករសម្រេចគោលដៅរបស់ខ្លួន»។
ដោយឡែកកាលពីឆ្នាំ ២០១៤ ក៏មាននិស្សិតស្កុតឡេនម្នាក់បានបង្កើតកម្មវិធីទូរស័ព្ទស្មាតហ្វូនដើម្បីលើកស្ទួយជីវភាពរស់នៅរបស់កសិករនៅខេត្ដឧត្ដរមានជ័យ និងព្រះវិហារ។
ដោយដាក់ឈ្មោះ Attis តាមនាមអាទិទេពនៃដំណាំរុក្ខជាតិនានារបស់ជនជាតិក្រិក លោក នែល ស្ទីវ៉ាត និស្សិតសាកលវិទ្យាល័យអេឌីនប៊ើកបានបង្កើតកម្មវិធីទូរស័ព្ទនេះដើម្បីឲ្យកសិករខ្មែរទាំងឡាយទទួលបានព័ត៌មានអំពីការលូតលាស់នៃដំណាំ តម្លៃផលិតផលកសិកម្ម និងជូនដំណឹងពីគ្រោះទឹកជំនន់ជាដើម។
កម្មវិធីស្មាតហ្វូនត្រូវបានរចនាឡើងឲ្យកសិករងាយប្រើប្រាស់ ដោយគ្រាន់តែប្រើម្រាមដៃឆូត និងចុចលើរូបភាពនៅអេក្រង់។
កម្មវិធីនេះក៏ជួយផ្សារភ្ជាប់ទំនាក់ទំនងរវាងកសិករទៅនឹងមន្ទីរកសិកម្ម ក៏ដូចជាអង្គការនៅក្បែរខ្លួនដើម្បីសួរព័ត៌មាន និងទទួលដំណោះស្រាយពីអ្នកឯកទេសអំពីការដាំដុះដូចជាការយាយីពីសត្វល្អិត និងបញ្ហាដំណាំខ្វះជីជាតិជាដើម៕ HR