ក្រុង​វ៉ាស៊ីងតោន៖ កម្មវិធី​ទូរស័ព្ទ​ស្វែងរក​ស្នេហ៍​របស់​អាមេរិក Bumble ដែល​ភាគី​ស្ដ្រី​ជា​ចលនា​ផ្ដួច​ផ្ដើម​របស់​ស្ដ្រី​ ទទួល​បាន​ការ​គាំទ្រ​អ្នក​រស់​នៅ​ប្លុក Wall Street ពេល​វា​ត្រូវបាន​ដាក់​ឱ្យ​ដំណើរ​ការ​កាលពី​ថ្ងៃ​សុក្រ ជាមួយ​តម្លៃ​ក្រុមហ៊ុន​ ១៣ ​ពាន់​លាន​ដុល្លារ។

កម្មវិធីទូរស័ព្ទ​ស្វែងរក​ស្នេហ៍​ទទួល​បាន​ជោគជ័យ​តាំងពី​វិបត្ដិ​កូវីដ​ចាប់​ផ្ដើម ហើយ​អ្នក​នៅ​លីវ​ពិបាក​ស្វែងរក​ឱកាស​ចេញ​ក្រៅ។ ក្រុមហ៊ុន​ល្បី​ល្បាញ​មួយ​ Match ជា​ម្ចាស់​កម្មវិធី​ App Tinder និង​ Meetic ​​គូ​ប្រជែង Bumble បាន​កើន​ប្រជាប្រិយភាព​លើស ៥ ​ដង​នៅ​ Wall Street តាំងពី​ខែ​មិនា និង​ការ​ផ្ទុះ​ឡើង​នៃ​វិបត្ដិ​កូវីដ​នៅ​សហរដ្ឋ​អាមេរិក។

ក្រុមហ៊ុន Bumble Inc ដែល​មានទាំងកម្មវិធី Badoo និង​ Bumble ត្រូវបាន​ដាក់​ដំណើរ​ការ​ក្នុង​ឆ្នាំ​ ២០១៤ ដោយ​អ្នកស្រី វ៉ៃនី វូហ្វ ហ៊ើដ អាយុ ៣១ ឆ្នាំ អតីត​ប្រធាន​ផ្នែក​ទីផ្សារ​នៅ Tinder។

អ្នកស្រី​ចចង់​ឱ្យ Bumble ក្លាយ​ជា​វេទិកា​បណ្ដាញ​សង្គម​សកល​ ជា​លើក​ដំបូង​សម្រាប់​ស្ដ្រី និង​បំណង​ផ្ដល់​សេវាកម្ម​ស្នេហា​ តែ​ក៏​ផ្ដោត​លើ​បញ្ហា​មិត្ដភាព​ និង​កិច្ចការ​ជំនាញ​ ក៏ដូចជា​ផ្ដល់​នូវ​អ្វីដែល​អ្នកស្រី​និយាយថា ជា​តម្លៃ​សម្រាប់​ស្ដ្រី​ក្នុង​ការ​បង្កើត​ចំណង​ទាក់ទង​តាម​ចិត្ដ​ចង់​ផង​ដែរ។

មួយ​ឆ្នាំ​បន្ទាប់​ពី​ការ​បើក​សម្ពោធ កម្មវិធីទូរស័ព្ទ​នេះ​មាន​អ្នក​ប្រើ​ប្រាស់ ១៥​ លាន​នាក់ និង​ការ​ផ្គូរ​ផ្គង​ស្នេហា​ ៨០​ លាន​ជំនួប។ នៅ​ឆ្នាំ​ ២០២០ Bumble មាន​អ្នក​ប្រើ​ប្រាស់​ប្រចាំខែ​ប្រមាណ ៥៤ ​ដង​ និងមាន​អ្នក​បង់​ថ្លៃ​សេវាកម្ម​​ ២,៤​លាន​នាក់​ តាម​រយៈ​ការ​ប្រើ​ប្រាស់ Bumble និង​ Badoo។ នេះ​បើយោងតាម​ Bloomberg។

អេក្រង់​កុំព្យូទ័រ​បង្ហាញកម្មវិធី​ណាត់ជួប​ស្វែង​រកគូ​ជា​ច្រើន​ខុសៗគ្នា រួមមានទាំង​​កម្មវិធី​ Bumble នៅ​ជ្រុង​ស្ដាំ​ខាង​លើ​បង្អស់។ AFP

កម្មវិធីទូរស័ព្ទ​ទាំងពីរ​ ដែល​ទទួល​បាន​មូលនិធិ​វិនិយោគ​ពី Blackstone ក្នុង​ឆ្នាំ​ ២០១៩ បាន​ជួល​មនុស្ស ៦០០​ នាក់​ ក្នុង​ទីក្រុង​អូស្ទីន រដ្ឋ​តិចសាស់ និង​មាន​ការិយាល័យ​នៅតាម​ទីក្រុង​នានា​ក្នុង​តំបន់​អឺរ៉ុប។

ជាមួយ​ទស្សនៈ​បែប​សេរី និង​ស្ដ្រី​និយម ដែល​មានតែ​នារី​ៗ​ត្រូវបាន​អនុញ្ញាត​ឱ្យ​ចាប់​ផ្ដើម​បើក​បេះដូង​ Bumble បាន​ទទួល​ជោគ​ជ័យ​ក្នុង​ចំណោម​យុវវ័យ វ័យខ្ទង់​ចន្លោះ ២០ ទៅ ៣០​ ឆ្នាំ និង​វ័យ​កណ្ដាល។

យោងតាម​ការ​ផ្សព្វផ្សាយ​បាន​បង្ហាញ​ថា​៖ «​Bumble លើសពី​កម្មវិធីទូរស័ព្ទ គឺ​ជា​ចលនា​ស្ដ្រី​មួយ។ Bumble ជា​អ្វីដែល​យើង​អាច​ស្វែង​យល់​ពី​របៀប​បង្កើត និង​រក្សា​សម្ព័ន្ធ​ប្រកប​ដោយ​ភាព​រឹង​មាំ។ វា​បង្ហាញ​ពី​របៀប​ដែល​បេក្ខភាព​ស្វែង​រក​ស្នេហ៍​បង្កើត​ភាព​ទាក់ទាញ​ក្នុង​ជំនួប​ដំបូង​»។

ក្នុង​ឆ្នាំ​២០១៩ ក្រុមហ៊ុន​បាន​ជួល​អ្ន​កតំណាង​ល្បី​ៗ ដូចជា តារា​តេន្ននីស សេរ៉េណា វីលៀម ដែល​លើក​ទឹក​ចិត្ដ​ស្ដ្រី​ក្នុង​យុទ្ធនាការ​ផ្សព្វ​ផ្សាយ​ដើម្បី​ហ៊ាន​ចូល​មក​រក​ដៃគូ មិន​ថា​ជា​គូ​គាប់​ជីវិត មិត្ដភាព ឬ​ការងារ​នោះទេ។

សារ​ដ៏​សំខាន់​គឺថា វាជាវេទិការ​ស្ដ្រី​ ដែល​មាន​បទបញ្ជា​​ផ្ទៃ​ក្នុង​ និង​ល័ក្ខខណ្ឌ​របស់​ពួកគេ​ផង​ដែរ។ Bumble ដែល​នៅតែមាន​ពណ៌​ក្រហម​រយៈ​ពេល ៩ ខែ​ដំបូង​នៃ​ឆ្នាំ​ ២០២០ ជាមួយ​ចំណូល ៨៤​ លាន​ដុល្លារ តែ​បាន​កើន​ឡើង​ដល់ ៣៧៦​ លាន​ដុល្លារ​ បំណង​ប្រើ​ប្រាស់​ផ្នែក​ខ្លះ​នៃ​មូលនិធិ​ដើម្បី​សង​បំណុល៕ AFP/HR

ទូរស័ព្ទ​បង្ហាញ​នូវ​អេក្រង់​កម្មវិធី​ Bumble ដែល​ផ្ដល់​ឱកាស​ដល់​ស្ត្រី​ក្នុងការ​ចែចង់ស្នេហ៍​មុន។ AFP