ភ្នំពេញ៖ ក្រោម​ប្រធានបទ «ថ្ងៃ​នៃ​ក្ដី​ស្រឡាញ់ យើង​ស្រឡាញ់​ព្រៃឡង់» អ្នក​ចូលរួម​មក​ពី​បណ្ដា​ស្ថាប័ន​នានា ត្រូវ​បាន​អញ្ជើញ​ឲ្យ​ធ្វើ​ដំណើរ​កម្សាន្ត​បោះជំរំ​នៅ​តំបន់​ព្រៃឡង់ ឯ​ខេត្ត​ក្រចេះ ក្នុង​បំណង​ចែក​រំលែក​ក្ដី​ស្រឡាញ់​ទៅ​កាន់​ធម្មជាតិ ទាំង​សត្វព្រៃ និង​ព្រៃឈើ ចំ​ថ្ងៃ​ទិវា​នៃ​ក្ដី​ស្រឡាញ់ ១៤ កុម្ភៈ។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន​បាន​ដឹកនាំ​អ្នក​ចូលរួម​ប្រមាណ ៣០០ នាក់ រួម​មាន មន្ត្រី​បរិស្ថាន ប្រជាពលរដ្ឋ អង្គការ​ដៃគូ ព្រះសង្ឃ អ្នក​សារព័ត៌មាន និង​ប្រធាន​សហគមន៍​មក​ពី​ខេត្ត​ទាំង ៤៖ ក្រចេះ ស្ទឹងត្រែង ព្រះវិហារ និង​កំពង់ធំ ​មក​ចូល​រួមការ​បំបួស​ដើម​ឈើ និង​ការ​ទស្សនកិច្ច​កសិកម្ម​ចម្ការ​ព្រៃដាំ។

ការ​បោះ​តង់​បំផុស​សារ​ស្រឡាញ់​ព្រៃឡង់ ត្រូវ​បាន​លោក​រៀបរាប់​ឲ្យ​ដឹង​ថា៖ «ចាប់​តាំង​ពី​ឆ្នាំ ២០១៩ លើក​នេះ ​គឺ​ជា​លើក​ទី៣ ហើយ​សម្រាប់​ការ​បោះជំរំ​តង់ ដោយ​យើង​មាន​ចេតនា​ជ្រើសរើស​ថ្ងៃទី ១៤ កុម្ភៈ មក​ប្រារព្ធ​ពិធី​ចែកចាយ​ក្ដី​ស្រឡាញ់​ដល់​ធម្មជាតិ​ទាំងមូល​នៅ​កម្ពុជា»។

លោក​រដ្ឋលេខាធិការ​បាន​បន្ត​ថា៖ «យើង​បាន​មក​ក្នុង​ព្រៃ​នេះ​ដើម្បី​បោះតង់ ជួបជុំ​គ្នា​បង្ហាញ​ពី​សាមគ្គីភាព​រវាង​យើង​ទាំង​អស់គ្នា។ ថ្វី​ដ្បិតថា​យើង​មក​ពី​កន្លែង​ផ្សេងៗគ្នា តែ​យើង​មាន​គោលដៅ​តែ​មួយ​នោះ​គឺ ដើម្បី​ការពារ​ធនធាន​ធម្មជាតិ​របស់​យើង​ដែល​មាន​ក្នុងព្រៃ​ឡង់​នេះ»។

បើទោះ​ជា​ប្រធានបទ​លើក​នេះ​ផ្ដោត​ទៅ​លើ​ព្រៃឡង់ តែ​លោក ភក្ត្រា បាន​បញ្ជាក់​ថា ខាង​ក្រសួង​បរិស្ថាន​នឹង​ធ្វើ​ចំពោះ​ព្រៃ​គ្រប់​កន្លែង​នៅ​កម្ពុជា ដែល​ស្ថិត​ក្នុង​តំបន់​ការពារ​ក្រោម​ក្រសួងបរិស្ថាន ដែល​មាន​រហូត​ដល់ ៧ លាន ៣ សែន​ហិកតា។

មនុស្ស​ប្រមាណ ៣០០ នាក់ បាន​ចូលរួម​កម្មវិធីបោះតង់​ផ្សព្វផ្សាយ​សារចែករំលែក​ក្ដីស្រឡាញ់​ចំពោះធម្មជាតិ​។ រូបថត សួស ចន្ធី​

បន្ទាប់​ពី​ធ្វើ​ដំណើរ​ទៅ​ដល់​កន្លែង និង​ស្រស់​ស្រូប​អាហារ​ពេល​ថ្ងៃ​រួច លោក​បាន​ដឹកនាំ​អ្នក​ចូលរួម​ទៅ​ធ្វើ​ពិធី​បំបួស​ដើមឈើ ដោយ​ព្រះ​តេជព្រះគុណ សូ ស៊ីណាត។

ដំណើរ​ពី​កន្លែង​បោះតង់​ទៅ​កាន់​កន្លែង​បំបួស​ដើម​ឈើ មាន​ទេសភាព​ព្រៃឈើ​បៃតង​បាន​ធ្វើ​ឱ្យ​អ្នក​ដំណើរ​មាន​អារម្មណ៍​ស្រស់​ថ្លា និង​ប្លែក​ភ្នែក​ជាមួយ​ធម្មជាតិ​បៃតង រុក្ខជាតិ និង​បុប្ផា​ព្រៃ​ពណ៌​សណ្ឋាន​ប្លែក។

ស្ថិត​នៅ​ទី​បំបួស​ដើម​ឈើ ព្រះ​តេជព្រគុណ បាន​មាន​សង្ឃដីកា​ថា៖ «អាត្មា​សប្បាយ​ក្នុង​ផ្លូវ​ចិត្ត​ណាស់​ដែល​ឃើញ​ញោម​បរិស្ថាន​មក​រៀបចំ​កម្មវិធី និង​នាំ​មនុស្ស​ជាច្រើន​មក​ចូលរួម និង​បង្ហាញ​ពី​ការ​ស្រឡាញ់​ដល់​ធម្មជាតិ​ក្នុង​ថ្ងៃ​នៃ​ក្ដី​ស្រឡាញ់​នេះ»។

បន្ទាប់​ពី​បាន​បញ្ចប់​ពិធី​ចង​ស្បង់​ជាប់​ទៅ​នឹង​ដើម​ឈើ​រួច អ្នក​ចូលរួម​បាន​នាំ​គ្នា​ថតរូប​លេង​ជាមួយ​រុក្ខជាតិ​បំបួស និង​ឧទ្យានុរក្ស​យ៉ាង​រីករាយ មុន​នឹង​បន្ត​ដំណើរ​ថ្មើរ​ជើង​ត្រឡប់​មក​រៀបចំ​កន្លែង​សម្រាក។

ក្នុង​ចំណោម​អ្នក​ចូលរួម ក្នុងនោះ​ផង​ដែរ​បុរស​ជប៉ុន ហ្គូសេគិ កាហ្សឹហ៊ីរ៉ូ ដែល​ជា​ប្រធាន​ទីប្រឹក្សា​ពី​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន (JICA) បាន​ប្រាប់​ពី​ការ​ប្រារព្ធ​ទិវា​នៃ​ក្ដី​ស្រឡាញ់​នៅ​ប្រទេស​កំណើត​ថា៖ «នៅ​ជប៉ុន​យើង​ប្រារព្ធ​ពិធី​នេះ​ប្លែក​ពី​គេ​ណាស់ ធម្មតា​ក្នុង​ថ្ងៃ​នៃ​ក្ដី​ស្រឡាញ់​ស្រីៗ​នឹង​ជា​អ្នក​ឱ្យ​សូកូឡា​ទៅ​មិត្ត​ប្រុស ឬ​ដៃគូ តែ​ពួក​គាត់​ក៏​អាច​ជូន​ដល់​មិត្តភក្តិ និង​គ្រួសារ​គាត់​ដូចគ្នា»។

លោក នេត្រ​ ភក្ត្រា ​​ធ្វើ​ទស្សនកិច្ច​ចម្ការ​ព្រៃដាំ ដែល​អាច​ជំនួសព្រៃឈ​ើ​ត្រូវបានកាប់បំផ្លាញខ្លះដែរ​​។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

លោក កាហ្សឹហ៊ីរ៉ូ ដែល​ទើប​តែ​មក​កាន់​តំបន់​ព្រៃឡង់​ជា​លើក​ដំបូង និង​ប្រារព្ធ​ទិវា​នៃ​ក្ដី​ស្រឡាញ់​ទៅ​កាន់​ធម្មជាតិ​នោះ បាន​បន្ត​ថា៖ «គ្រាន់​តែ​ថា សូកូឡា​ចែកចេញ​ជា ២ ប្រភេទ។ ប្រភេទ​ទី១ ឈ្មោះ​ថា giri-choco ដែល​វា​ងាយស្រួល​ធ្វើ​សម្រាប់​ជូន​អ្នក​ជា​ទី​ស្រឡាញ់ តែ​មិន​ទាក់ទង​នឹង​ស្នេហា។ ប្រភេទ​មួយ​ទៀត​ដែល​គាត់​ទុក​ជូន​សម្រាប់​អ្នក​ពិសេស ឬ​ដៃគូ​គាត់ ហៅថា honmei-chocos»។

លោក​បាន​បន្ត​ដោយ​អស់​សំណើច​ថា៖ «អ្នក​ខ្លះ​អាច​នឹង​គិត​ថា ថ្ងៃ​នៃ​ក្ដី​ស្រឡាញ់​នៅ​ជប៉ុន​វា​កើត​ឡើង​តែ​ម្ខាង តែ​យើង​មាន​ថ្ងៃ​មួយ​ទៀត​ដែល​គេ​ច្រើន​ហៅថា White Day នៅ​ខែ​មីនា ថ្ងៃទី ១៤ ដែល​ប្រៀប​ដូចជា ការ​តបស្នង​ទៅ​កាន់ ១៤ កុម្ភៈ ​ដោយ​បុរស ឬ​មនុស្ស​នឹង​ឱ្យ​កាដូ​ទៅ​កាន់​អ្នក​ដែល​ជូន​កាដូ​គាត់​នៅ​ថ្ងៃ​បុណ្យ​នៃ​ក្ដី​ស្រឡាញ់ ​តែ​កាដូ​អាច​ជា​អ្វី​ក៏បាន»។

រាត្រីកាល​មក​ដល់ តង់​ត្រូវ​បាន​ដំឡើង​រួច ហើយ​អ្នក​ចូលរួម​បាន​ទទួល​ទាន និង​រាំលេង​ជុំវិញ​ភ្នក់​ភ្លើង​យ៉ាង​សប្បាយរីករាយ។

នៅ​ថ្ងៃ​បន្ទាប់ ១៥ កុម្ភៈ អ្នក​ចូលរួម​ត្រូវ​បាន​នាំ​ទៅ​ធ្វើ​ទស្សនកិច្ច​សិក្សា​នៅ​ចម្ការ​ព្រៃដាំ​ជា​ច្រើន​ហិកតា​របស់​ក្រុមហ៊ុន Think Biotic ជាទី​ដែល​លោក Run Peng Wei ជា​ប្រធាន​ក្រុមហ៊ុន​រៀបរាប់​ពី​បច្ចេកទេស​ក្នុង​ការ​ដាំ​កូន​ឈើ​ដោយ​មិន​ប្រើ​គ្រាប់ និង​ប្រើពេល​ត្រឹម​តែ ៥ ឆ្នាំ​អាច​ប្រមូល​ផល។

គាំទ្រ​ទៅ​លើ​ការ​ដាំ​រុក្ខជាតិ​នេះ លោក នេត្រ ភក្ត្រា បាន​លើក​ឡើង​ថា៖ «ខាង​ក្រសួង​គាំទ្រ​ទៅ​លើ​ចម្ការ​ព្រៃ​ដាំ​នេះ​ណាស់ ព្រោះ​បើ​តាម​សម្តី​លោក Run Peng Wei គឺ​អាច​ផ្ដល់​ការងារ​ដល់​ប្រជាជន​ដល់​ទៅ ២ ០០០ នាក់ ជាង​ឯណោះ ហើយ​យើង​សង្ឃឹម​ថា វា​អាច​ជំនួស​ព្រៃឈើ​ដែល​ត្រូវ​បាន​កាប់​បំផ្លាញ​ខ្លះ​ដែរ»៕

វីដេអូ៖