ភ្នំពេញ៖ ដោយសារ​មាន​គោល​ដៅ​ចង់​ផ្សព្វផ្សាយ​បន្ថែម​លើ​ការ​អភិរក្ស​​​ និង​​​ថែទាំ​នូវ​ធនធាន​​​របស់​ទន្លេ​មេគង្គ​​ ក៏​​ដូច​​ជា​​​បង្ហាញ​ដល់​សាធារណជន​ឲ្យ​បាន​ស្គាល់​ពី​ក្រុម​មេគង្គ​យុវទូត​ឆ្នើម​ ដែល​បាន​ធ្វើ​ការ​ស្ម័គ្រ​ចិត្ត​ សម្រាប់​​គម្រោង​​​​ទន្លេ​មេគង្គ​​ ដែល​រៀបចំ​​​ដោយ​អេកូ​យុវទូត​ ក្រោម​ការ​ជួយ​គាំទ្រ​ ដោយ​​ជំនួយ​ពី​ប្រជាពលរដ្ឋ​អាមេរិក ​(USAID​) ​និង​គម្រោង​អច្ឆរិយភាព​នៃ​​ទន្លេ​មេគង្គ ​(Wonders of the Mekong)​ នឹង​រៀបចំ​ធ្វើ​​កម្មវិធី​​ភាពយន្ដ និង​​សិល្បៈ​​នៃ​ទន្លេ​មេគង្គ​លើក​ទី ​២ នៅ​ថ្ងៃ​​ទី ​៧ ខែ ​ធ្នូ ឆ្នាំ ​២០១៩​។

កញ្ញា វិន ពុទ្ធាលី ជា​មន្រ្តី​ទំនាក់ទំនង​ព័ត៌មាន​នៃ​​កម្មវិធី​ភាពយន្ដ និង​សិល្បៈ​​នៃ​ទន្លេ​មេគង្គ​ បាន​ឲ្យ​ដឹង​ពី​មូលហេតុ​នៃ​ការ​រៀបចំ​លើក​ទី ​២ នៅ​​ក្នុង​ឆ្នាំ​​តែ​មួយ ​គឺ​ឆ្នាំ ​២០១៩​ និង​កម្មវិធី​សំខាន់​​​ថា៖ «ហេតុផល​​​​នាំ​ឲ្យ​​យើង​​​រៀបចំ​​​លើក​​​ទី​ ​២ ​​នេះ​ គឺ​ដោយសារ​ចង់​បន្ថែម​នូវ​ការ​ផ្សព្វ​ ឲ្យ​កាន់​តែ​ច្បាស់​ពី​ការ​​អភិរក្ស​​នៃ​​ធនធាន​ធម្មជាតិ​របស់​ទន្លេ​មេគង្គ​​​​ឲ្យ​ស្គាល់​ពី​តម្លៃ​សំខាន់​របស់​​ទន្លេ​មេគង្គ​។ ​ជា​ពិសេស​នោះ គឺ​​ចង់​​បង្ហាញ​ក្រុម​យុវជន​​ស្ម័គ្រ​​​​ចិត្ត​​នៃ​​​ក្រុម​​​​មេគង្គ​យុវទូត​ឆ្នើម​របស់​​យើង​ដែល​សម្រេច​គម្រោង ​​ពួក​គាត់​​ផង​​​ដែរ​ ក្រោយ​ពី​​​បញ្ចប់​​គម្រោង​មក​»។

ពពួក​សត្វ​ស្លាបដ៏​​កម្រដែល​រស់​នៅតាម​​តំបន់​នៃ​ទន្លេ​មេគង្គ​កម្ពុជា​​​។ រូបថត សហការី​​

កញ្ញា វិន ពុទ្ធាលី បន្ត​ថា៖ «យើង​មាន​​កម្មវិធី​សំខាន់ៗ​ជា​ច្រើន​ សម្រាប់​ឱកាស​នៃ​ការ​ប្រារព្ធ​​កម្មវិធី​​ភាពយន្ដ និង​​សិល្បៈ​​​នៃ​ទន្លេ​មេគង្គ​លើក​ទី ​២ នៅ​​ថ្ងៃទី​ ​៧ ខែ ​ធ្នូ ឆ្នាំ ​២០១៩​ នោះ​ផង​ដែរ ​គឺ​នៅ​​​ពេល​ព្រឹក​​មាន​ការ​តាំង​ពិព័រណ៍​ការងារ​​វិស័យ​អភិរក្ស​ពី​អង្គការ​សង្គម​ស៊ីវិល ការ​ចាក់​បញ្ចាំង​វីដេអូ​បង្ហាញ​វត្តមាន ​បុគ្គល​ឆ្នើម​​​​ក្នុង​​ការងារ​អភិរក្ស​ទន្លេ​មេគង្គ​ ការ​បញ្ចាំង​ខ្សែ​ភាពយន្ត​រឿង​ «A Cambodian Nature Film» និង​នៅ​ពេល​​រសៀល​​​មាន​ការ​តាំង​​ពិព័រណ៍​​ការងារ​វិស័យ​អភិរក្ស​ពី​អង្គការ​សង្គម​ស៊ីវិល​ ការ​សម្តែង​របាំ​ស្រមោល​​​​រឿង​ «ម្ចាស់​ជលសា» កិច្ច​ពិភាក្សា​វិទ្យាសាស្រ្ត​ និង​ការ​ប្រគំ​តន្រ្តី​ដោយ​​ក្រុម​តូច (SWSB) និង​ក្រុម ​​Peace​ Choong ដែល​រៀបចំ​ធ្វើ​នៅ​ក្នុង​​​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​​កម្ពុជា​-កូរ៉េ (CKCC)»។

មេគង្គ​យុវទូត ​គឺ​ជា​ក្រុម​យុវជន​មក​ពី​បណ្ដា​សាលា​ផ្សេងៗ​ នៅ​​​ក្នុង​ទីក្រុង​ភ្នំពេញ ​​​ហើយ​ចាប់អារម្មណ៍​មេគង្គ​យុវទូត​បាន​ឆ្លង​កាត់​ការ​ជ្រើសរើស ​ហើយ​ទទួល​បាន​វគ្គ​បណ្ដុះបណ្ដាល ​ដំណើរ​ទស្សនកិច្ច​សិក្សា​តាម​ដង​ទន្លេ​មេគង្គ​ ការ​រៀបចំ​ផ្សព្វផ្សាយ​ទៅ​​តាម​កម្មវិធី​សាធារណៈ និង​ការ​ធ្វើ​គម្រោង​ច្នៃ​​ប្រឌិត​ថ្មី ​ដើម្បី​ជា​មធ្យោបាយ​ក្នុង​ការ​អប់រំ​ផ្សព្វផ្សាយ​បន្ត។

ក្រុម​យុវជន​អេកូយុវ​ទូត​ រៀបចំ​កម្មវិធី «ដំណើរ​ផ្សង​ព្រេង​របស់​មេគង្គ​យុវ​ទូត» ដើម្បី​ផ្សព្វផ្សាយ​គម្រោង​ស្នាដៃ​ទាំង ៧ ក្នុង​ន័យ​រំឮក​គុណ​ទន្លេ និង​បង្កើន​ការ​យល់​ដឹង​​ដល់​ប្រជា​ពលរដ្ឋ​​​ក្នុង​ការ​ការពារ​ ​និង​អភិរក្ស​ទន្លេ​ឲ្យ​មាន​និរន្តភាព៕​