ភ្នំពេញ៖​ បណ្តុំ​រូប​ និង​គំនូរ​ជា​ច្រើន​របស់​សិល្បករ​ថត​រូប និង​វិចិត្រករ​ចម្រុះ​ជាតិ​សាសន៍ និង​​មាន​ជាតិ​ខ្មែរ​ចំនួន ​១៣ រូប​ ក្នុង​​ចំណោម​ចំនួន​សរុប​​ ៤០​ ​រូប នឹង​ត្រូវ​បាន​យក​ទៅ​ដាក់​តាំង​​បង្ហាញ​នៅ​ទីតាំង​ចំនួន ​១១ កន្លែង​ផ្សេង​គ្នា​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ និង​ខេត្ត​សៀមរាប នា​ឱកាស​ប្រារព្ធ​​កម្មវិធី​មហោស្រព​​រូបថត​​​ភ្នំពេញ​​ឆ្នាំ​​នេះ ​សម្ពោធ​ចាប់​ពី​​​​​ថ្ងៃទី ​២៤ ខែ ​តុលា ​បន្ត​រហូត​ដល់​ថ្ងៃទី ​២៤ ខែ​ ​វិច្ឆិកា ឆ្នាំ ​២០១៩​។​

សម្រាប់​កម្មវិធី​មហោស្រព​​​រូបថត​​ភ្នំពេញ​ឆ្នាំ ​២០១៩ ​នេះ គឺ​ជា​ការ​ប្រារព្ធ​ខួប​លើក​ទី ១០ ​ផង​ដែរ នៃ​កម្មវិធី​មហោស្រព​​រូបថត​ភ្នំពេញ​ ដែល​​នឹង​​ត្រូវ​​សម្ពោធ​​ នៅ​ថ្ងៃទី ២៤ ខែ តុលា ឆ្នាំ ​២០១៩ នៅ​វិទ្យាសា្ថន​​បារាំង​​​នៅ​​កម្ពុជា ដែល​ជា​ដៃគូ​សំខាន់​នៃ​គម្រោង​នេះ។

លោក សុវណ្ណ ភីឡុង ជា​នាយករង​នៃ​​សមាគម​រូបថត​ភ្នំពេញ ​​ថ្លែង​នា​ថ្ងៃ​ធ្វើ​សន្និសីទ​សារព័ត៌មាន​ស្តីពី​​​ការ​ត្រៀម​បើក​មហោស្រព​រូប​ថត​ភ្នំពេញ​ឆ្នាំ​នេះ ​និង​ទីតាំង​ពិព័រណ៍​ ក៏​ដូច​ជា​​​លក្ខណ​ពិសេស​នៃ​ការ​ប្រារព្ធ​​សម្រាប់​ខួប​ ១០ ឆ្នាំ​ កាល​​ពី​ចុង​សប្តាហ៍​​កន្លង​មក​នោះ​​​ថា​៖ «​មហោស្រព​នេះ​​ នឹង​រៀប​ចំ​​ដំណើរ​កម្សាន្ត​តាម​រ៉ឺម៉ក​កង់ ៣​ សម្រាប់​ភ្ញៀវ​ដែល​ចង់​ស្វែងរក​ទីតាំង​ផ្សេងៗ​នៃ​មហោស្រព​នេះ​​ ជាមួយ​នឹង​​ការ​អម​​ពី​​សិល្បករ​​ ខណៈ​​​មាន​​​ទីតាំង​ ១១ ​កន្លែង ដែល​នឹង​​ចូលរួម​តាំង​បង្ហាញ​នៅ​ឆ្នាំ​នេះ​​​​មាន​ដូចជា​ ជញ្ជាំង​ស្ថានទូត​​បារាំង វិទ្យាស្ថាន​បារាំង​នៅ​កម្ពុជា ជញ្ជាំង​នៃ​ប្រតិភូ​សហភាព​​អឺរ៉ុប​ប្រចាំ​កម្ពុជា ​វិទ្យាល័យ​​ព្រះស៊ីសុវត្ថិ នៅ​អនុវិទ្យាល័យ​ចតុមុខ កោះពេជ្រ វិចិត្រសាល​ Java Creative Cafe វិចិត្រសាល​បណ្ណាគារ Independence Monument វិចិត្រសាល​ La Plantation វិចិត្រសាល​ Future Factory វិចិត្រសាល​ Sra''Art Gallery និង​វិចិត្រសាល Bophana Center។ ​ខណៈ​ឆ្នាំ​នេះ ក៏​ជា​លើក​ទី ១ ​ហើយ​មហោស្រព​រូបថត​ភ្នំពេញ​នឹង​បើក​តាំង​ពិព័រណ៍​វិចិត្រសាល​ បាទ្យាសារេម (Batia ​Sarem) ​នៅ​ថ្ងៃទី ២​ ខែ ​វិច្ឆិកា នៅ​ឯ​ខេត្ត​សៀមរាប»។

ផ្ទាំងស៊ីប ឬ​គោលដៅសម្រាប់បាញ់ ស្នាដៃ​របស់​​លោក ផា លីណា នឹងដាក់បង្ហាញ​នៅ​វិចិត្រសាល Futures Factory។ រូបថត វិទ្យាស្ថានបារាំង​

លោក​បន្ត​ថា​៖ «សម្រាប់​ខួប​លើកទី ១០ នៃ​ការ​ប្រារព្ធ​មហោស្រព​រូបថត​ភ្នំពេញ​ឆ្នាំ​នេះ​ យើង​​ក៏​ព្យាយាម​រៀបចំ​ឲ្យ​មាន​​លក្ខណ​ពិសេស​នៃ​​ចំនួន ១០ ផង​ដែរ។ ​យើង​នឹង​​ជ្រើសរើស​ស្នាដៃ​​សិល្បករ​សហសម័យ​ខ្មែរ ​១០ រូប សម្រាប់​ការ​តាំង​ពិព័រណ៍​នៅ​ខាង​ក្រៅ ​គឺ​ដាក់​នៅ​ជញ្ជាំង​​របង​ស្ថានទូត​បារាំង​ដែល​​​មាន​ស្នាដៃ លោក ម៉ក់ រ៉េមីស្សា លោក ឃុន វណ្ណៈ លោក​ គឹម ហាក់ កញ្ញា នាក់ សុផល លោក ផា លីណា រូប​លោក​​ផ្ទាល់ ​(សុវណ្ណ ភីឡុង)​ លោក លីម សុខចាន់លីណា លោក តាំង ឈិនសុធី លោក ខ្វៃ​ សំណាង និង​លោក ទី​ទិត្យ។ យើង​ក៏​ជ្រើសរើស​ស្នាដៃ​សិល្បករ​អឺរ៉ុប ១០ រូប សម្រាប់​ដាក់​តាំង​ខាង​ក្រៅ​ដូច​គ្នា ​គឺ​នៅ​តាម​​​ជញ្ជាំង​របង​ប្រតិភូ​សហភាព​​​អឺរ៉ុប​ប្រចាំ​ប្រទេស ​កម្ពុជា​ ដោយ​​មាន​សិល្បករ​ដូចជា​ Isabel ​Munoz (អេស្ប៉ាញ)​ Martin Kollar (ស្លូវ៉ាគី)​ Elina Brotheru (ហ្វាំងឡង់)​ ក្រុម Put Put (ស្វ៊ីស និង​ដាណឺម៉ាក)​ JH Engstrom (ស៊ុយអ៊ែត) Eva Leitolf (អាល្លឺម៉ង់)​ Rud Van Empel (ហូឡង់)​ Weronika Gesicka (ប៉ូឡូញ) SMITH (បារាំង) និង John Vink (ប៊ែលហ្ស៊ិក)»។

នា​ឱកាស​ប្រារព្ធ​មហោស្រព​រូបថត​ភ្នំពេញ​ខួប​លើកទី ​១០ នេះ ​ក្រោម​ភាព​ជា​ដៃគូ​ថ្មី ជាមួយ​ប្រតិភូ​សហភាព​អឺរ៉ុប ដែល​បាន​អនុញ្ញាត​ឲ្យ​មាន​ការ​​តាំង​ពិព័រណ៍​រូបថត​មួយ​ចំនួន​នៅ​តាម​ជញ្ជាំង​របង​ខាង​ក្រៅ​​ទីស្នាក់​កណ្តាល នៃ​ប្រតិភូ​សហភាព​អឺរ៉ុប។ ហើយ​សិល្បករ​អឺរ៉ុប​​ចំនួន ១០ ប្រទេស ដែល​ធ្លាប់​ចូល​រួម​តាំង​ពិព័រណ៍​នេះ​កន្លង​មក​នឹង​ផ្តល់​រូបថត​ម្នាក់ ​១ ​​​ផ្ទាំង ដែល​ឆ្លុះ​បញ្ចាំង​អំពី​កង្វល់​របស់​ពួក​គេ ជុំវិញ​បញ្ហា​បម្រែបម្រួល​អាកាសធាតុ និង​បរិស្ថាន។ ក្នុង​ក្របខ័ណ្ឌ​នៃ​កិច្ច​សហប្រតិបត្តិការ​ដដែល​នេះ អនុវត្ត​គម្រោង Intersection ដែល​ក្នុង​នោះ​មាន​សិល្បករ​អឺរ៉ុប ​៥ រូប និង​ខ្មែរ​ចំនួន ៥ រូប នឹង​ធ្វើ​ការ​រួម​គ្នា​។

មហោស្រព​ឆ្នាំ​នេះ​ក៏​ទទួល​បាន​ការ​គាំទ្រ​ពី​ក្រសួង​​វប្បធម៌ ​និង​​វិចិត្រ​សិល្បៈ ​ក្រសួង​អប់រំ​យុវជន និង​កីឡា ជា​ពិសេស​​គឺ​អាច​​ប្រព្រឹត្ត​ទៅ​បាន​ដោយ​មាន​ការ​គាំទ្រ​សប្បុរសជន ​លោក Zhong Weixing ​សមុច្ច័យ​​សិល្បករ និង​ស្ថាបនិក​នៃ​សារមន្ទីរ Chengdu Contemporary Image៕

«ក្រមា»ត្រូវ​បាន​លោក ឃុន វណ្ណៈ ប្រើ​ជា​វត្ថុ​វិស័យ​ឆ្លុះ​បញ្ចាំង​ពី​បញ្ហា​សង្គម​​​​។ រូបថត វិទ្យាស្ថានបារាំង