ភ្នំពេញ៖ ​មហោស្រព​សិល្បៈ​​ជាតិ​ឆ្នាំ​នេះ​​ នឹង​ផ្តោត​សំខាន់​លើ​ប្រធានបទ​សិល្បៈ​ចម្លាក់​​ស្បែក​ ​ដែល​​នឹង​​ប្រារព្ធ​ធ្វើ​នៅ​ថ្ងៃទី​ ១៤-១៦ ខែ ​វិច្ឆិកា ឆ្នាំ ២០១៩ ​ខាង​មុខ​នេះ​ ​នៅ​ឯ​បណ្ណាល័យ​ជាតិ ខណៈ​សាធារណជន​អាច​ចូលរួម​ទស្សនា​ដោយ​សេរី។​ មហោ​​ស្រព​នេះ បាន​ចាប់​ផ្តើម​ធ្វើ​តាំង​ពី​ឆ្នាំ​ ២០០០ ​​មក​ និង​មាន​​ការ​​ផ្លាស់​ប្តូរ​ប្រធានបទ​ជា​​រៀង​រាល់​ឆ្នាំ​​​។​

ការ​​​ផ្តោត​​សំខាន់​​លើ​​ប្រធានបទ​​នៃ​​ចម្លាក់​ស្បែក (ព្រះរាម​​ថ្លែង​សរ) នៃ​មហោស្រព​​ឆ្នាំ​នេះ ត្រូវ​បាន​លោក​ ឈឹម សុធី ជា​ប្រធាន​នាយកដ្ឋាន​សិល្បៈ​សូន​រូប និង​សិប្បកម្ម​នៃ​ក្រសួង​វប្បធម៌ និង​​វិចិត្រ​សិល្បៈ​​​ និង​ជា​វិចិត្រករ​​ជើង​ចាស់​ ដែល​បាន​បង្កើត​​ស្នាដៃ​វិចិត្រកម្ម​យ៉ាង​​ច្រើន​ជិត​ ២០ ​ឆ្នាំ​មក​ហើយ​​​​នេះ​ បាន​​ឲ្យ​ដឹង​ថា៖ «​ព្រោះ​តែ​​ចង់​ឲ្យ​មាន​ឱកាស​នៃ​ការ​បង្ហាញ​​សិល្បៈ​​ខ្មែរ​​​​គ្រប់​​ទម្រង់​ និង​ចង់​ផ្សព្វផ្សាយ​ពី​មុខងារ​នានា​នៃ​សិល្បៈ​ទាំង​​ឡាយ​ (ទាំង​ជា​សិល្បៈ​សូន​រូប និង​​វិចិត្រកម្ម​សិល្បៈ)​​ ដល់​​សាធារណជន​បាន​ស្គាល់។​ ឆ្នាំ​​នេះ​យើង​ផ្តោត​លើ​​សិល្បៈ​ចម្លាក់​ស្បែក ដោយ​​​តម្រូវ​ឲ្យ​សិល្បករ​ជំនាញ​​ចម្លាក់​ស្បែក​​​​ពី​គ្រប់​ទី​​នានា​នៃ​ប្រទេស​ ​កម្ពុជា ​ឲ្យ​តែ​​ចេះ​ឆ្លាក់​ចម្លាក់​ស្បែក​​​នេះ ​គឺ​អាច​យក​ស្នាដៃ​​​​​ខ្លួន​​​​មក​ដាក់​ប្រកួត​​បាន​។ ការ​​ប្រកួត នឹង​​ចម្រាញ់​យក​​ស្នាដៃ​ល្អ​ប្រណីត​​ជយលាភី​ចំនួន​ ៣​ ​គឺ​​ចំណាត់​ថ្នាក់​លេខ ​១ ​ដល់​លេខ​ ​៣​»។

លោក ឈឹម សុធី ​បាន​បន្ត​​ថា៖ «​ជយលាភី​លេខ ​១ នឹង​ទទួល​​បាន​ប្រាក់​រង្វាន់​​ ៣ លាន​​ រៀល លេខ ​២ ​បាន​​​​ ២,៥ ​លាន​ រៀល និង​​លេខ ​៣ ​បាន​​​ ២​ លាន​រៀល ​អម​ដោយ​​ប័ណ្ណ​ជយលាភី​​មួយ​ដែរ​​។ ​ឯ​​ស្នាដៃ ដែល​​មិន​ជាប់​ជយលាភី​​នោះ​​ ក៏​​បាន​ប្រាក់​​​រង្វាន់​លើក​​ទឹក​ចិត្ត​ចំនួន​​​ ១,៥ លាន​រៀល​ អម​​ប័ណ្ណ​សរសើរ ១។ ​​ស្នាដៃ​​ជយលាភី​ទាំង​​ ៣ ​នោះ​​ ​នឹង​ត្រូវ​រក្សា​​ទុក​សម្រាប់​​​ដាក់​តាំង​ផ្សាយ​​នៅ​ក្នុង​​ពិព័រណ៍​​ចម្លាក់​ស្បែក​​ទាំង​ថ្នាក់​ជាតិ និង​អន្តរជាតិ​​​។ ម្យ៉ាង​ទៀត​ស្នាដៃ​នេះ ក៏​ត្រូវ​​​យក​ទៅ​ឲ្យ​​​​​សិល្បករ​សម្តែង​នៅ​លើ​ឆាក​ នា​ឱកាស​​ធ្វើ​មហោ​ស្រព​នេះ​។ នា​​រយៈពេល​ ៣​ ថ្ងៃ​នោះ ​ក៏​នឹង​​​មាន​​​​ការ​បង្ហាញ​​ពី​ទម្រង់​សិល្បៈ​ផ្សេងៗ​ទៀត​ផង​​ដែរ​»។​

លោក ឈឹម សុធី ប្រធាន​​នាយក​ដ្ឋាន​សិល្បៈសូនរូប និង​សិប្បកម្ម​ ជា​​វិចិត្រករជើងចាស់​​។ រូបថត ហ្វេសប៊ុក​

លក្ខខណ្ឌ​សម្រាប់​សិល្បករ​​ប្រកួត​​ស្នាដៃ​ចម្លាក់​ស្បែក​ ត្រូវ​​មាន​​ទំហំ​កំណត់​ស្រាប់​នេះ​គឺ​​​ ទទឹង​ ៩២ សង់ទី​ម៉ែត្រ​ x កម្ពស់ ១៣០ សង់ទី​ម៉ែត្រ និង​ការ​​ទទួល​ស្នាដៃ​បេក្ខជន​បន្ត​រហូត​​​ថ្ងៃទី ​១៨ ខែ ​តុលា ឆ្នាំ ​២០១៩ នេះ​ នៅ​​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​។ ចំពោះ​សិល្បករ​​ សិល្បករ​ ដែល​​​ចង់​នាំ​យក​​​​​ស្នាដៃ​សិល្បៈ និង​សិប្បកម្ម​​​​​ដាក់​តាំង​បង្ហាញ​នោះ ត្រូវ​រួសរាន់​យក​មក​​ដាក់​​តាំង​ឲ្យ​បាន​មុន​​​​ថ្ងៃ​ប្រារព្ធ​​កម្មវិធី​គឺ​ត្រឹម​​ថ្ងៃទី ​១៣ ​ ខែ​វិច្ឆិកា ឆ្នាំ ​​២០១៩។

ចំពោះ​​វិធី​​ធ្វើ​​​ចម្លាក់​​ស្បែក​​នេះ​​វិញ ​គឺ​ត្រូវ​ការ​ពេល​​​យូរ​ផង​ដែរ ទើប​អាច​សម្រេច​ នេះ​បើ​តាម​ការ​បង្ហើប​​​ពី​លោក ញឹក សេរី​រតនា បច្ចុប្បន្ន​វ័យ ​៤៤ ឆ្នាំ​ ដែល​​ជា​ម្ចាស់​មណ្ឌល​សិល្បៈ​ខ្មែរ​ចម្លាក់​​​ស្បែក ​(Khmer Art Leather Carving-Little Angels) និង​​​​​​​ជា​គ្រូ​​បង្រៀន​ចម្លាក់​ស្បែក​ ធ្លាប់​​​​មាន​ប្រវត្តិ​​​ជា​ក្មេង​​ដើរ​​រើស​អេត​​​ចាយ​លក់ ​កំព្រា​ឪពុក​​ម្តាយ​​​ពី​វ័យ ៩ ​ឆ្នាំ និង​បាន​​​បន្ត​រស់​​ជាមួយ​ជីដូន​ចាស់​​​ជរា​រហូត​បាន​​រៀន​សូត្រ​ជំនាញ​សិល្បៈ​ចម្លាក់​ខ្មែរ​កាល​ពី​វ័យ ១៥ ឆ្នាំ នៅ​សៀមរាប​។​

ក្រុម​ទេសចរ​កំពុង​ទស្សនាល្ខោន​ស្បែក​វង់តូចនៅ​សៀមរាប​​។ហេង ជីវ័ន

លោក ញឹក សេរី​រតនា ​ប្រាប់​អំពី​​របៀប​ធ្វើ​ចម្លាក់​ស្បែក​នេះ​​ថា៖ «ដំបូង​គឺ​យើង​​​ត្រូវ​​តែ​យក​ស្បែក​​ស្រស់ៗ​ពី​​ទី​ពិឃាតសត្វ​មិន​ទាន់​ហួស​ពេល​​ ១២ ម៉ោង​ ​(បើ​លើស ​១២ ម៉ោង ​វា​​នឹង​​​ខូច​គុណភាព​ស្បែក​​) និង​ត្រូវ​​យក​​ទៅ​​ចៀរ​សាច់ កោស​ឈាម​ចេញ​​​ឲ្យ​​ស្អាត ហើយ​​ចង​​​ដោត​​ហាល​ថ្ងៃ​។ ការ​ហាល​វិញ ​គឺ​ប្រើ​​ពេល ​១ ​អាទិត្យ ខណៈ​រក្សា​​ទុក​ក្នុង​​ឃ្លាំង​រយៈពេល​ ​៣ ​ខែ និង​រងាប់​ក្លិន​វា ​ដោយ​ប្រើ​វិធីសាស្រ្ត​បុរាណ​ប្រើ​ទឹក​ចំណាំង​សម្បក​រុក្ខជាតិ​ណា​ ​ដែល​មាន​ជាតិ​ចត់​​​ដូចជា​ក្រឡាញ់ កណ្តោល ល្ងៀង​ ឬត្រសេក ដើម្បី​បង្ខះ​វា​ខណៈ​រុក្ខជាតិ​ដែល​សម្បូរ​ច្រើន​​ជាង ​គឺ​ដើម​កណ្តោល។ ក្រោយ​ពី​នេះ​ ទើប​អាច​យក​​​មកច្នៃ ឬ​​ឆ្លាក់​ជា​គ្រឿង​​​សិល្បៈ​នានា​បាន​​ទៅ​តាម​​ទំហំ ដែល​ត្រូវ​ប្រើ​​​ពេល​​វេលា​យូរ ឬ​ឆាប់​អាស្រ័យ​លើ​ក្បាច់​​ក្បូរ​នៃ​ចម្លាក់​»៕​​

លោក ញឹក សេរីរតនា បង្ហាញ​ស្បែក​គោស្រស់ ដោត​ចងទាញ​ឲ្យ​តឹង​។ហេង ជីវ័ន