ភ្នំពេញៈ តារាចម្រៀង​ទ្រព្យស្ដុក និង ​​កាន់តំណែង​ធំដុំ​នៅ​ទ្រនំ​ថោន លោក ករុណា ពេជ្រ ថ្មីៗ​នេះ ​បាន​ប្រកាស​លក់​ផ្ទះ​វីឡា​ដ៏​ស្កឹមស្កៃ​ ដើម្បីបន្ត​ដំណើរ​នាំ​ឪពុក​របស់​លោក ​​ស្វែង​រក​​ការ​ព្យាបាល​នៅ​ក្រៅ​ប្រទេស ក្រោយ​ពី​អ្នក​មានគុណ​បាន​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​ជា​ច្រើន​ខែ ​តាំង​ពី​វេលា​ចុង​ឆ្នាំ​សកល ឆ្លង​ដល់​រដូវ​ចូល​ឆ្នាំ​ប្រពៃណីខ្មែរ។​

ភ្ជាប់ជាមួយ​រូប​ថតមើល​ថែ​ឪពុក​ ជាមួយ​ទិដ្ឋភាព​ទាំង​ក្នុង និង​ក្រៅ​​ផ្ទះ​វីឡា​ដ៏ស្កឹមស្កៃ​ លោក ក​រុណា ពេជ្រ បាន​បរិយាយ​សារ​យ៉ាង​ដូច្នេះ​ថា៖ «ជួយ Like, Share យកតែ​បុណ្យ មួយ​ផង​ណា...​ កូន​មក​ដល់​ផ្ទះ​វិញ​ហើយ ប៉ា...!!! ផ្ទះ​ធំ​ពេក ហើយ​ប៉ា​ឈឺ​ទៀត ... កូន​នឹង​នាំ​ប៉ា​ទៅ​ព្យាបាល​បន្ត​នៅ​ក្រៅ​ប្រទេស​ឆាប់ៗ​នេះ...»។

ក្នុង​សារ​ដដែល​នោះ លោក​ក៏​បាន​ប្រកាស​ភ្លាមៗ​ដែរ​ថា៖ «កុំ​ឲ្យ​សៅហ្មង ខ្ញុំ​សូមប្រកាស​លក់​ផ្ទះ​វីឡា​ទោល ហើយ​កែង​ផ្លូវ ខាង​មុខ​តែម្តង... ដែល​​មាន​ទីតាំង​នៅ​បុរីពិភព​ថ្មី សំរោង​អណ្តែត ៣ ផ្ទះលេខ ២ ( E0,E1,E2 ) , ផ្លូវ A ... ទល់​មុខ​សួនច្បារ​ធំ ២ មាន​ទីធ្លា​ធំ​ទូលាយ នៅ​មុខ​ផ្ទះ.... ចំណាយ​ពេល​តែ ៥ នាទី ដល់ផ្សារ Makro និង ផ្សារ​ទំនើប ​អ៊ីអន​ ពីរ។ ទំហំ​ដី​ : ទទឹង​មុខ ១៨,៤០ m រីក​ទទឹង​ក្រោយ ១៩,៤០m និង បណ្តោយ ៣៣,៤០ m។ សូម​ផ្ញើ​សារ​ក្នុង​ប្រអប់​សម្រាប់តម្លៃ»។

តប​នឹង​សារ​ខាង​លើ​នេះ មាន​ប្រិយមិត្ត​ចូល​រួមផ្ញើសារ​ជូនពរ​ឲ្យ​ឪពុក​របស់លោក​ ករុណា ពេជ្រ ឆាប់ជា​សះស្បើយ និង​ខ្លះ​ទៀត​ក៏​ជជីក​សួរ​លម្អិត​ពី​តម្លៃ​ផ្ទះ​វីឡា​ដ៏​ស្កឹម​ស្កៃ​នោះ​ដែរ។

គួរ​រំឭក​ផង​ដែរ​ថា ឪពុក​របស់តារាចម្រៀង​ទ្រព្យស្ដុក លោក ករុណា ពេជ្រ មាន​ជំងឺលើសឈាម​ និង​ដាច់​សរសៃខួរក្បាល កាល​ដើម​​ឆ្នាំ ២០១៨។​

ក្រោយ​ពី​វះកាត់​ កាល​ពី​​ថ្ងៃទី ៤ ខែ​មករា និង​សម្រាក​ព្យាបាលជា​ច្រើន​​នៅ​មន្ទីរពេទ្យ​ជប៉ុន​ដ៏ល្បី​នៅ​កម្ពុជា លោក ករុណា ពេជ្រ បាន​​នាំ​អ្នកមានគុណ​មក​មើល​ថែ​នៅ​ផ្ទះ​។

ក្រៅពី​ជំនួយ​ផ្នែកវេជ្ជសាស្ត្រ លោក ករុណា ពេជ្រ ក៏​​ធ្លាប់ដើរ​​បែរ​បន់​អារក្ស​អ្នកតា ទេវតា និង​បារមី​ស័ក្ដិសិទ្ធិ​សុំ​ឲ្យ​ឪពុក​លោក​​បាន​ជា​សះស្បើយ​ផង​ដែរ​ដើម្បី​ឲ្យ​អ្នកមានគុណ បាន​នៅ​មើល​ឃើញ​ លោក​រៀបការ​។

​​លោក ករុណា ពេជ្រ ដែល​មានគូដណ្ដឹង​ជា​និស្សិត​​សិក្សា​នៅបរទេសនោះ​ ក៏​ធ្លាប់​បាន​ប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ ផង​ដែរ​​ថា៖ «ខ្ញុំ​មាន​គូខ្ញុំហើយ ហើយ​ខ្ញុំ​ក៏មាន​គម្រោង​រៀបការ​នៅ​​ឆ្នាំ ២០១៨ នេះ តាំងពី​យូរ​ហើយ ហើយ​គម្រោងនេះ​ក៏​នៅ​តែបន្ត ទាំងសប្បាយ​ចិត្ត​ដែរ​បើ​បាន​ឪពុក​ឆ្លង​ផុត​វះកាត់​។ តែគ្រាន់ថា ដំណឹង​​នេះ​ខ្ញុំ​មិន​ទាន់​បង្ហាញ​វេលា​ជាក់​លាក់​»៕