ភ្នំពេញ៖ ចម្រៀង​ ១ ​បទ គ្រាន់​តែ​បាន​ឮ​ចំណង​ជើង​ភ្លាម​ ក៏​​ធ្វើ​ឲ្យ​​មជ្ឈដ្ឋាន​មហាជន​ភាគ​ច្រើន​​ទទួល​យក​មិន​បាន ​និង​​​ផ្ទុះ​ការ​រិះគន់​ភ្លែត ចំពោះ​ពាក្យ​​​ពេចន៍ ដែល​កវី​​តាក់​តែង​​​មាន​ន័យ​អាសអាភាស​​​នៅ​លើ​គោក​តែ​ម្តង​ ពេល​​គេ​គន្លាស់​ពាក្យ​​ទាំង​​​នោះ​លើ​​បទ «កណ្តៀវ​អូន​​​ស្រួយ​»។

បទ «កណ្តៀវ​អូន​ស្រួយ» គឺ​ជា​ស្នាដៃ​របស់​កវី​​​ឈ្មោះ​លោក អ៊ិច ចន្ថា ដែល​​មាន​រហស្សនាម​ថា «ទេវ​បុត្រ​ខ្មៅ» ​ច្រៀង​ដោយ​តារា​​ចម្រៀង​ស្រី​កញ្ញា​ បរ៉ាម៉ី ហើយ​​ត្រូវ​បាន​​​តំណាង​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ កោះ​ហៅ​​​​សួរ​នាំ និង​ធ្វើ​កិច្ច​សន្យា​ក៏​ដូច​ស្នើ​ឲ្យ​បញ្​ឈប់​ការ​តែង​និពន្ធ​បទ​ចម្រៀង ដែល​មាន​អត្ថន័យ​ប៉ះពាល់​​ដល់​សីលធម៌​សង្គម​​ផង​​ដែរ កាល​​​​ពី​ថ្ងៃ​​ទី ​១០ ខែ ​មិថុនា ឆ្នាំ ​២០២០ ក្រោយ​ពី​បង្ហោះ​នៅ​តាម Channel​ YouTube បាន​​ប៉ុន្មាន​​សប្តាហ៍​នោះ​​។

​ពាក់ព័ន្ធ​​នឹង​ព័ត៌មាន​នេះ លោក ប៉ុក បូរក្ស ដែល​​ជា​ប្រធាន​​​នាយកដ្ឋាន​ផ្សព្វផ្សាយ​ភាពយន្ត និង​ទស្សនីយភាព​នៃ​​​​​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ថ្លែង​ថា៖ «​ពេល​នេះ​ម្ចាស់​បទ «​កណ្តៀវ​អូន​​ស្រួយ» បាន​​ចូល​ទៅ​ដោះ​ស្រាយ​នៅ​​ក្រសួង​​រួច​ហើយ ដើម្បី​​ប្រជុំ​ពិភាក្សា​​រក​ដំណោះ​ស្រាយ​ ​តែ​មិន​ទាន់​ចេញ​លទ្ធផល​​ផ្លូវ​ការ​នោះ​​ឡើយ»។​

លោក ប៉ុក បូរក្ស ក៏​បន្ត​ដែរ​ថា «​​​​​​កិច្ច​ប្រជុំ​នោះ ក្រុម​ប្រឹក្សា​ពិន័យ និង​លើក​សរសើរ​របស់​ក្រសួង​មាន​គោលការណ៍​ធំៗ​ចំនួន ៥ ចំណុច ជា​វិធាន​ការ​ដោះ​​ស្រាយ។ ទី១ អប់រំ និង​ណែនាំ ទី២ ធ្វើ​លិខិត​ព្រមាន​​ជា​​លាយលក្ខណ៍អក្សរ ទី​៣ លុប​ឈ្មោះ​ជា​សិល្បករ និង​បញ្ឈប់ ឬ​ផ្អាក​សកម្មភាព​សិល្បៈ នៅ​ក្នុង​រយៈ​ពេល​កំណត់​ណា​មួយ​ ទី​៤ និង​ទី៥ ចាត់​វិធាន​ការ​តាម​ផ្លូវ​ច្បាប់ ប្រសិន​បើ​ស្នាដៃ​របស់​សិល្បករ ប៉ះពាល់​ធ្ងន់ធ្ងរ​ទៅ​​ដល់​សង្គម និង​វប្បធម៌»។

បទ «កណ្តៀវអូនស្រួយ» ដែល​កំពុងតែ​​រង​ការរិះគន់ខ្លាំង​ពី​មហាជន និង​ក្រុម​កវីនិពន្ធ​ទៅ​លើន័យ​។ ហ្វេសប៊ុក​

បទ​​​ចម្រៀង «កណ្តៀវ​អូន​ស្រួយ» ត្រូវ​គេ​ដឹង​ថា ទើប​មាន​​រយៈពេល​ត្រឹម​តែ​ជាង ១ ខែ​ប៉ុណ្ណោះ ក្រោយ​ពី​ខាង​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ បាន​ចេញ​​នូវ​​​សេចក្តី​ណែនាំ​ឲ្យ​ទប់ស្កាត់​ការ​​ចែក​រំលែក ឬ​ផ្សព្វផ្សាយ​​ខ្សែ​វីដេអូ សំឡេង​ និង​ចម្រៀង មាន​​ផល​​ប៉ះពាល់​ដល់​វប្បធម៌​ខ្មែរ​នោះ​​សោះ ខណៈ​កវី​​រូប​នេះ​ក៏​បាន​តែង​បទ​ចម្រៀង ​១ បទ​ទៀត​ដែរ ​មាន​ចំណង​ជើង​ថា «ស្រណោះ​អង្រែ»​ មាន​​​អត្ថន័យ​បែប​អសីលធម៌​ ឬ​ប្រើពាក្យ​ពេចន៍​បែប​អសុរោះ។

គេ​ក៏​ឃើញ​កវី​និពន្ធ​ល្បី​នៅ​ផលិតកម្ម​ហង្សមាស ​គឺ​លោក លី ស៊ីនហួន ដែល​មាន​គណនី​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​ឈ្មោះ​ Lee Sinhourn បាន​បរិយាយ​ថា​​​​​កវី​រូប​នេះ​មាន​ការ​​ភ្លេច​ចំនួន ​៤ ចំណុច​៖ «​១.មិន​យក​ចិត្ត​ទុក​ដាក់​អក្សរសាស្រ្ត​ជាតិ​ ២. មិន​ស្គាល់​ពី​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​ឯង​ ៣.មិន​ឲ្យ​តម្លៃ​លើ​ការ​អប់រំ​ ចំណេះ​ដឹង​វប្បធម៌​ប្រពៃណី និង​ទំនៀម​ទម្លាប់ និង​៤.​មិន​យល់​អំពី​សភាពការណ៍​នៃ​នយោបាយ​​ពិភព​លោក​ដែល​ប្រែប្រួល​»៕​