ភ្នំពេញៈ យូរៗម្តង​មហាជន​ឃើញ​ការលើក​ជា​មតិយោបល់​នៅក្នុង​គោល​បំណង​ការពារ និង​អភិរក្ស​តម្លៃ​នៃ​សិល្បៈ និង​អ្នក​សិល្បៈ​ផង​ដែរ​ពី​សំណាក់​កវី​ទំនុក​ច្រៀង បទ​ភ្លេង និង​តារា​ចម្រៀង​ប្រុស​លេច​មុខ​ម្តង​ម្កាល​នៅ​ផលិតកម្ម​ហង្សមាស​លោក សួន ពិសិដ្ឋ គួរ​ឲ្យ​ចាប់​អារម្មណ៍​សា​ជា​ថ្មី​ម្តង​ទៀត។

កវី​ទំនុកច្រៀង​ល្បីឈ្មោះ​នៅ​ផលិតកម្ម​ហង្ស​មាស ដែល​ធ្លាប់​បានធ្វើ​ឲ្យ​មហាជន​បាន​ស្គាល់​មុខមាត់​ពិត និង​សំនៀង​ខ្លួន​ឯង​តាមរយៈ​ការ​បក​ស្រាយ​បទ​ចម្រៀង​ទោល​របស់​លោក​មាន​ចំណង​ជើង​ថា «រាំ​កេវ» នោះ​បាន​បង្ហើ​សារ​ដ៏​វែង​អន្លាយ​មួយ​ក្នុង​ន័យ​សេចក្តី​ត្រង់​ចេញ​ពី​ចិត្ត​ជា​សំណូមពរ​ដោយ​ទទូច​ចង់​ឲ្យ​មាន​ច្បាប់​មួយ​ដែល​ការពារ និង​អភិរក្ស​នូវ​គុណ​តម្លៃ​សិល្បៈ​ក្នុង​ប្រទេស​ខ្មែរ ពេល​បច្ចុប្បន្ន​នេះ​ថា៖ «ជាថ្មី​ម្តង​ទៀត​ស្តី​អំពី​ច្បាប់​គាំពារ​កម្មសិទ្ធិ​បញ្ញា​ស្នាដៃ​សិល្បៈ​ដូចជា​ប្រទេស​ដែល​អភិវឌ្ឍន៍ និង​ប្រទេស​ជិត​ខាង ដែល​បានអនុវត្ត​នូវ CMO បង្កើត​ដោយ​អង្គការ​ច្បាប់​កម្មសិទ្ធិ​បញ្ញា​ពិភពលោក (WIO)»។

មូលហេតុ​បន្ថែម​ដែល​នាំ​ឲ្យ​កវី​ទំនុកច្រៀង​ល្បី​មួយរូប​នៅ​ទ្រនំ​ផលិតកម្ម​ធំ​ហង្ស​មាស និង​បច្ចុប្បន្ន​នេះ លោក សួន ពិសិដ្ឋ ក៏​ជា​សមាជិក​ម្នាក់​នៃ​គណៈកម្មការ​នៃ​កម្មវិធី​ប្រកួត​ចម្រៀង​សម័យ​នៅ​ទូរទស្សន៍​បាយ័ន​ជាមួយ​នឹង​តារា​ចម្រៀង​ប្រុស​ម្នាក់​ទៀត​គឺ​លោក ហេង ពិទូ និង​តារា​ចម្រៀង​ស្រី​កញ្ញា អេដា នោះ មិន​បាន​បកស្រាយ​លម្អិត​ប្រាប់​នោះ​ឡើយ បើ​ទោះបី​ជា​ភ្នំពេញ​ប៉ុស្តិ៍​បាន​សាក​សួរ​លោក​តាមរយៈ​សារ Messenger ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​ក៏ដោយ​នៅ​តែ​មិន​មាន​ការ​ឆ្លើយ​តប​វិញ​នោះ​ទេ។

តែ​កវី​ទំនុកច្រៀង និង​បទភ្លេង មាន​បទពិសោធ​ច្រើន នៅក្នុង​វិស័យ​សិល្បៈ​ចម្រៀង​មាន​ប្រមាណ ២ ទសវត្សរ៍ និង​ជា​ស្វាមី​របស់​ម្ចាស់​ហាង​បាយ​ឈ្មោះ «ផ្ទះ​បាយ​ម៉ាក់​យាយ​អេនណា» ផង​ដែរ​នោះ ក៏បាន​បន្ត​នូវ​សារ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​ទៀត​ថា៖ «ខ្ញុំ​បាទ​ក្នុង​នាម​ជា​សិល្បករ​ខ្មែរ​មួយរូប​ដែល​បាន​ចូលរួម​បម្រើ​សិល្បៈ​ខ្មែរ និង​វប្បធម៌​ជាតិ​ខ្មែរ​អស់​រយៈពេល ២០ ឆ្នាំ កន្លង​មក! ដូចជា​សិល្បករ​ទាំង​អស់​ទូទាំង​ប្រទេស​ផង​ដែរ ក៏​ជា​ម្ចាស់​ស្នាដៃ​ម្នាក់​នៃ​បទ «មោទនភាព​ជា​ខ្មែរ» សូម​អភ័យ​ទោស ក៏​សូម​ជម្រាប​សួរ​ត្រង់ៗ​ដល់​គណៈ​រដ្ឋមន្ត្រី និង​ក្រសួង​ដែល​ពាក់ព័ន្ធ ថា​តើ​ដល់​ឆ្នាំ​ណា ពេល​ណា នាទី​ណា​ទើប​លោក​អនុវត្ត​ទាំង​ស្រុង​ឲ្យ​មាន​ប្រសិទ្ធ​ភាព​ទូទាំង​ប្រទេស​ទៅ​លើ​ច្បាប់​គាំពារ​កម្មសិទ្ធិ​បញ្ញា​ស្នាដៃ​សិល្បៈ ដើម្បី​ជួយ​ទៅ​សម្រួល​ធានា​បាន​ដល់​ជីវភាព​ការ​រស់នៅ​របស់​សិល្បករ ធនធាន​មនុស្ស ទាំង​អស់​ឲ្យ​លោក​មាន​ជីវភាព​ល្អ​សមរម្យ ដើម្បី​ផ្ដល់​បាន​នូវ​លទ្ធភាព​ជូន​ដល់​គាត់​ទាំង​អស់​គ្នា​មាន​ទឹកចិត្ត​កម្លាំង​ចិត្ត​រួម​ឆន្ទៈ​នៅ​ក្នុង​ការ​បន្ត​បង្កើត​ស្នាដៃ​រឹត​តែ​អស្ចារ្យ​សម្រាប់​សិល្បៈ​វប្បធម៌ និង​បាន​ពាំនាំ​អ្វី​ជា​ប្រយោជន៍​ដើម្បី​ជាតិ​រួម​កិត្តិយស​ដល់​ប្រទេស​ជាតិ​ខ្មែរ​យើង»។

លោក សួន ពិសិដ្ឋ បន្តទៀតថា៖ «អ្នក​ដែលជា​ម្ចាស់​ស្នាដៃ នឹង​ធានាបាន​នូវ​ភាពថ្លៃថ្នូរ ក្រម​សីលធម៌ គាំពារ​នូវ​សិទ្ធិ​នៃ​ស្នាដៃ​បញ្ញា​ញាណ​របស់​សិល្បករ​ខ្មែរ អ្នក​និពន្ធ អត្ថបទ​រឿង អ្នក​និពន្ធ​ទំនុក​ច្រៀង អ្នក​និពន្ធ​បទ​ភ្លេង អ្នក​ចម្រៀង តន្ដ្រីករ អ្នក​ដឹកនាំ​សម្ដែង អ្នក​សម្ដែង និង​ផលិតករ?..។ បណ្តាំ​ចាស់​ទុំ​ថា វប្បធម៌​រលត់​ជាតិ​រលាយ វប្បធម៌​ពណ្ណរាយ​ជាតិ​ថ្កើងថ្កាន»៕