ភ្នំពេញ៖ ដោយ​សម្លឹង​ឃើញ​ពិភព​លោក​​ប្រឈម​មុខ​នឹង​ភាព​ខ្វះខាត​​នូវ​ឧបករណ៍​ការពារ​ខ្លួន (PPE) ​នៅ​ពេល​កំពុង​ប្រយុទ្ធ​​ប្រឆាំង​​​​នឹង​មេរោគ​រាតត្បាត​​​​បច្ចុប្បន្ន​ កសិកម្ម​ឈ្លាសវៃ​​កម្ពុជា​ (Agri -​Smart Cambodia​) បាន​ច្នៃ​​​របាំង​ការពារ​ផ្ទៃ​មុខ​ ដើម្បី​ត្រៀម​ខ្លួន​​ផ្គត់ផ្គង់​ឧបករណ៍​ការពារ​ខ្លួន​នេះ​​ទៅ​ដល់​ប្រជាជន និង​​ក្រុម​គ្រូពេទ្យ​កម្ពុជា​​។

ខណៈ​ប្រជាជន​​ត្រូវ​បាន​ណែនាំ​​ឲ្យ​ថែរក្សា​សុខភាព​ ​​​អនាម័យ​ខ្ជាប់ខ្ជួន និង​​រក្សា​​គម្លាត​ពី​គ្នា​ឲ្យ​​លើស​ ១,៥ ម៉ែត្រ​ របាំង​ការពារ​ផ្ទៃ​មុខ គឺ​ជា​ជម្រើស​មួយ​​ក្នុង​ចំណោម​សម្ភារ​ការពារ​ខ្លួន​ដទៃ​ទៀត​ ដែល​ត្រូវ​បាន​ប្រើប្រាស់​ដោយ​បុគ្គលិក​ក្នុង​វិស័យ​ សុខាភិបាល​ កម្មករ កម្មការិនី​រោងចក្រ និង​ពេទ្យ​ធ្មេញ ក្នុង​ការ​​​កាត់​បន្ថយ​​ការ​ចម្លង​មេរោគ។

ជា​​សហគ្រាស​មួយ​​ជ្រក​ក្រោម​ដំបូល​​​អង្គការ​ Brooklyn Bridge to Cambodia (BB2C) កសិកម្ម​ឈ្លាសវៃ​​​កម្ពុជា ​បាន​បង្កើត​របាំង​ការពារ​ផ្ទៃ​មុខ​ធ្វើ​ពី​ឫស្សី និង​កំណែ​ប្លាស្ទិក ​​ជា​ផលិតផល​​​​​កម្ពុជា​ផ្ទាល់​។

លោក Ibrahim Fitzgibbon វិស្វករ​មេកានិច​ជនជាតិ​អង់គ្លេស របស់​​កសិកម្ម​ឈ្លាសវៃ​​ បាន​ប្រាប់​ ភ្នំពេញ ប៉ុស្ដិ៍ ឲ្យ​ដឹង​ថា៖ «យើង​កែច្នៃ​ និង​ផលិត​សម្ភារ​កសិកម្ម​ តាំង​ពី​ ធុង​សម្រាប់​បាញ់​ថ្នាំ​សម្លាប់​សត្វ​ល្អិត​ ម៉ាស៊ីន​​ដកស្មៅ​ ឬ​ជម្រះ​ស្មៅ​ និង​ម៉ាស៊ីន​ស្ទូង​ស្រូវ​សម្រាប់​កសិករ​កម្ពុជា​ ក្រុម​ការងារ​បច្ចេកទេស​កសិកម្ម​ របស់​យើង​ក៏​មាន​បើក​វគ្គ​បណ្តុះបណ្តាល​លើ​ការ​អនុវត្ត​កសិកម្ម​ទំនើប​បែប​វិទ្យាសាស្ត្រ​ផង​ដែរ»​។

កសិកម្មឈ្លាស​វៃ​អាច​ផលិត​របាំង​ការពារ​ផ្ទៃមុខ​បាន​ប្រមាណ ៥០០ របាំង ក្នុងរយៈពេល​ ៤ ថ្ងៃ​​​​។ រូបថត សហ​ការី

យ៉ាង​ណា​មិញ​ វិស្វករ​មេកានិច​ ជនជាតិ​អង់គ្លេស​រូប​នេះ បាន​ប្រាប់​ថា នៅ​ពេល​ពិភព​លោក​កំពុង​រងគ្រោះ​អំពី​ការ​រីករាល​ដាល​នៃ​ជំងឺ​ ​លោក​ និង​ក្រុម​ការងារ​ទាំង​អស់​ត្រឡប់​មក​មាន​គំនិត​​ផ្តួចផ្តើម​ក្នុង​ការ​ច្នៃ​ប្រឌិត​ឧបករណ៍​ការពារ​​ផ្ទៃ​មុខ​នេះ​ឡើង​។

លោក​បន្ថែម​ថា អង្គការ​ព្យាយាម​ផលិត​​ឧបករណ៍​ការពារ​ខ្លួន​ ដើម្បី​ពង្រឹង​ការ​ការពារ​នៅ​តំបន់​ផ្ទៃ​មុខ​របស់​មនុស្ស​គ្រប់​គ្នា​។ ​

ជាមួយ​គំនិត​គិត​គូរ​​​បរិស្ថាន​ដោយ​​ប្រើប្រាស់​ឫស្សី និង​កំណែ​ប្លាស្ទិក​មក​ផលិត​យ៉ាង​សម្រិត​សម្រាំង​ របាំង​មុខ​នេះ​ត្រូវ​បាន​​វេច​ខ្ចប់​ទុក​ដាក់​យ៉ាង​ប្រុងប្រយ័ត្ន​ ដើម្បី​រក្សា​អនាម័យ​ និង​បង្កើន​គុណភាព​​​ឲ្យ​អ្នក​ប្រើប្រាស់​​បាន​យូរ​។

លោក Ibrahim បាន​ឲ្យ​ដឹង​ទៀត​ថា៖ «យើង​ចំណាយ​ពេល​ ៤ ថ្ងៃ​ក្នុង​ផលិតកម្ម យើង​អាច​ផលិត​របាំង​ការពារ​ផ្ទៃ​មុខ​បាន​ប្រហែល​ជិត ៥០០ ​របាំង​ ពួក​យើង​កំពុង​ត្រៀម​បញ្ចេញ​​ផលិតផល​នេះ​នៅ​លើ​ទីផ្សារ​ក្នុង​​សប្តាហ៍​នេះ។ ស្រប​ពេល​ការ​ស្រាវជ្រាវ​ផ្សេងៗ​មាន​ការ​គាំទ្រ​ឲ្យ​មនុស្ស​គ្រប់គ្នា​ពាក់ម៉ាស់​ និង​របាំង​ការពារ​មុខ ដើម្បី​​ធានា​ និង​ទទួល​បាន​ប្រសិទ្ធភាព ក្នុង​ការ​ទប់ស្កាត់​វីរុស​ឆ្លង​ចូល​រាងកាយ​ យើង​សង្ឃឹម​ថា​ របាំង​ការពារ​មុខ​នេះ​ នឹង​ដើរ​តួ​ជា​រនាំង​ការពារ​បន្ថែម ​ដើម្បី​ឈ្នះ​ការ​ឆ្លង​មេរោគ​រាតត្បាត​នេះ។

អ្នក​ប្រកប​របរ​រត់​រ៉ឺម៉ក អាច​ពាក់របាំង​ការពារ​ធ្វើពីឫស្សី​បន្ថែមពីលើការពាក់ម៉ាស់​​​។ រូបថត សហ​ការី

លោក​ឲ្យ​ដឹង​បន្ត​ថា មនុស្ស​គ្រប់​រូប អាច​ប្រើ​របាំង​ការពារ​ផ្ទៃ​មុខ​នេះ ដើម្បី​ការពារ​ពួក​គេ​ និង​អ្នក​ដទៃ​។ ​ផ្ទាំង​ខាង​មុខ​គ្រប​ជិត​ពេញ​មួយ​ផ្ទៃ​មុខ ​អាច​​​​​ការពារ​​​ការ​ខ្ទាត​​សារធាតុ​រាវ​ពី​ការ​​ក្អក និង​កណ្តាស់។

របាំង​មុខ​ក៏ជួយ​រក្សា​អនាម័យ​ចំណី​អាហារ ​ការពារ​អ្នក​ដំណើរ​ និង​អ្នក​បើកបរ​យាន​ជំនិះ​គ្រប់​ប្រភេទ​​ផង​ដែរ។ វា​​ក៏​ជា​ជម្រើស​ល្អ​​សម្រាប់​បុគ្គលិក​​សន្តិសុខ អ្នក​លក់​ដូរ​ និង​អ្នក​​រត់​រ៉ឺម៉ក​ជាដើម​។ អ្នក​ប្រើប្រាស់​អាច​ចាប់​យក​​ជម្រើស​ពាក់​​របាំង​ការពារ​ផ្ទៃមុខ​ ដោយ​ពួក​គេ​យល់​ឃើញ​ថា​ វា​ងាយ​ស្រួល​ពាក់ និង​មិន​ធ្វើ​ឲ្យ​ថប់​​ដង្ហើម​ ព្រម​ទាំង​មាន​​​តម្លៃ​សមរម្យ​។

ជាមួយ​គ្នា​នេះ​ដែរ​ លោក​ សាន បុនិកា​ នាយក​គ្រប់គ្រង​កសិកម្ម​ឈ្លាសវៃ​​​​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ​ សហគ្រាស​របស់​លោក​កំពុង​ស្វែងរក​ការ​​សហការ​ជាមួយ​ខាង​មន្ទីរពេទ្យ​នៅ​ក្នុង​​ស្រុក ដើម្បី​ឲ្យ​ផលិតកម្ម​​អាច​ផ្គត់ផ្គង់​របាំង​ការពារ​ផ្ទៃ​​​មុខ​ដល់​ក្រុម​គ្រូពេទ្យ​កម្ពុជា​​ផង​ដែរ​។

លោក​បាន​បញ្ជាក់​ប្រាប់​ ភ្នំពេញ ប៉ុស្ដិ៍ ថា៖ «ការ​សហការ​នេះ ​នឹង​ធ្វើ​ឲ្យ​ក្រុម​គ្រូ​ពេទ្យ​ដែល​កំពុង​ធ្វើ​ការ​យ៉ាង​សស្រោកសស្រាំ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​មិន​មាន​ការ​ព្រួយ​បារម្ភ​ រឿង​ខ្វះខាត​ឧបករណ៍​ប្រើប្រាស់ ​ដើម្បី​ការពារ​ផ្ទៃមុខ​របស់​​ពួក​គេ​»។

របាំង​ការពារផ្ទៃមុខ​អាច​ត្រូវបានប្រើប្រាស់​ដោយ​បុគ្គលិក​សន្តិសុខ​​។ រូបថត សហ​ការី

តម្លៃ​បោះដុំ​របស់​របាំង​ការពារ​​ផ្ទៃ​មុខ​នេះ គឺ​ ៦ ០០០ រៀល។ តម្លៃ​រាយ​មិន​ទាន់​បាន​កំណត់​នៅ​ឡើយ​ទេ​។

ក្រៅ​ពី​ទទូច​ឲ្យ​មនុស្ស​គ្រប់​គ្នា​អនុវត្ត​តាម​ការ​ណែនាំ​​របស់​អ្នក​ជំនាញ ដោយ​​នៅ​ផ្ទះ លាង​ដៃ​ជាមួយ​សាប៊ូ បិទ​​បាំង​ផ្ទៃ​មុខ​មាត់​ច្រមុះ ​​និង​ចៀសវាង​ការ​ធ្វើ​ដំណើរ​មិន​​ចាំបាច់ វិស្វករ Ibrahim ​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​​​​ថា៖ «ខ្ញុំ​ចង់​ឃើញ​កសិករ​ទាំង​អស់​រស់នៅ​ប្រកប​ដោយ​សុខភាព​​ល្អ រស់នៅ​យ៉ាង​មាន​សុភមង្គល​ជាមួយ​នឹង​បច្ចេក​វិទ្យា​ទំនើប»។

កសិកម្ម​ឈ្លាសវៃ​​​ ស្ថិត​នៅ​សង្កាត់​ចាក់​អង្រែ​ក្រោម​ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ​។ ព័ត៌មាន​បន្ថែម​​សូម​ចូល​ទៅ​កាន់​ទំព័រ​ហ្វេសប៊ុក​​@ Agri-Smart Cambodia - កសិកម្ម​ឈ្លាស​វៃ​ ឬ​ទាក់ទង​តាម​ទូរស័ព្ទ​លេខ​ ០១២​ ៨៥៧ ៥២៧ និង​ ០១១ ៤៤៧ ៧២៥៕