ខេត្តបាត់ដំបងៈ ថ្មីៗ​នេះ​រូបថត​កាតាប​ច្នៃ​ពី​ខ្សែជ័រ​របស់​កុមារា​ម្នាក់​បាន​ស្ពាយ​ដាក់​សៀវភៅ​ទៅ​សាលា ស្ថិត​នៅ​ស្រុក​កំរៀង ខេត្ត​បាត់ដំបង ក្បែរ​តំបន់​ព្រំដែន​ខ្មែរ-ថៃ​គឺ​ត្រង់​ច្រកព្រំដែន​ឡែម​កំពុង​តែ​ទទួល​បាន​ការចាប់​អារម្មណ៍​ពី​ប្រិយមិត្ត​អ្នក​លេង​បណ្តាញ​សង្គម​ហ្វេសប៊ុក​ខ្លាំង ដោយ​សរសើរ​ថា​ស្អាត​ប្លែក​ភ្នែក​។

ដោយសារ​ធ្លាប់​មាន​មុខរបរ​ជា​កសិករ​ស៊ីឈ្នួល​នៅ​ចម្ការ​ទុរេន និង​ចម្ការ​នានា នៅ​ប្រទេស​ថៃ​ជាច្រើន​ឆ្នាំ និង​បច្ចុប្បន្ន​ក៏​នៅ​តែ​ចេញចូល​ដដែល​គឺ​ឡើង​ចុះ​ឆ្លាស់​គ្នា​ ១ ​សប្តាហ៍ ឬ​ ២ ​សប្តាហ៍​ម្តង​ចូល​ទៅ​ប្រទេស​ថៃ ហើយ​ក៏​វិល​មក​ផ្ទះ​វិញ​ដើម្បី​ឆ្លៀត​មើល​ចម្ការ​ស្វាយ​ខ្លួនឯង​នៅ​ស្រុក​នោះ ទើប​កសិករ ធី នី ក៏​បែក​គំនិត​នឹកឃើញ​ចង់​យក​ខ្សែ​ជ័រ​សល់​ពី​ប្រើ​សម្រាប់​ចង ឬ​រឹត​អីវ៉ាន់ ឬ​ពេល​ចង​ផ្លែ​ទុរេន​នោះ​យក​មក​ក្រង​ជា​កាតាប​ស្ពាយ​ទុក​ឲ្យ​កូនប្រុស​ខ្លួន​នៅ​ផ្ទះ​ប៉ុណ្ណោះ​។ តែ​ក្រោយពី​កូនប្រុស​អាយុ ៦ ឆ្នាំ​រៀន​ថ្នាក់​ទី​ ១ ស្ពាយ​យក​ទៅ​រៀន​នៅ​សាលាបឋមសិក្សា​លំផាត់​មក​នោះ កាតាប​ច្នៃ​ពី​ខ្សែជ័រ​ចង​អីវ៉ាន់ ឥឡូវ​នេះ​ក៏​ត្រូវ​អ្នកគ្រូ​បង្រៀន​នៅ​សាលា​សុំ​ឲ្យ​លោក ធី នី ក្រង​ជា​កាតាប​ចំនួន ១០ កាតាប​បន្ថែម​សម្រាប់​គាត់​ផង​ដែរ​។

កសិករ ធី នី ប្រាប់​ថា​៖ «​តាមពិត​ទៅ​ខ្ញុំ​អត់​គិត​ថា​ច្នៃ​ធ្វើ​ជា​មុខរបរ​នោះ​ទេ​គឺ​ខ្ញុំ​គ្រាន់តែ​នឹក​ស្តាយ​កំណាត់​ខ្សែជ័រ​ដែល​បាន​រើស​ពី​សំណល់​នៃ​ការប្រើប្រាស់​នៅ​ចម្ការ​ទុរេន ឬ​ចម្ការ​ផ្លែឈើ​នានា​នៅ​ថៃ​នោះ ក៏​យក​មក​ក្រង​ជា​កាតាប​ឲ្យ​កូនប្រុស​ខ្ញុំ​។ តែ​ពេល​ក្រង​រួច​មើល​ទៅ​ស្អាត​ម្យ៉ាង​ក៏​ឲ្យ​កូនប្រុស​ដាក់​សៀវភៅ​ស្ពាយ​ទៅ​សាលារៀន​ទៅ​។ ក្រោយមក​ថ្មីៗ​នេះ​អ្នកគ្រូ​បង្រៀន​កូន​ខ្ញុំ គាត់​ក៏​កុម្ម៉ង់​ឲ្យ​ខ្ញុំ​ធ្វើ​ចំនួន ១០ សម្រាប់​គាត់​ដែរ​។ តែ​ខ្ញុំ​មិន​បាន​សួរនាំ​ទេ​ថា តើ​គាត់​យក​ទៅ​ដាក់​តាំង​នៅ​សាលា ឬ​ក៏​ប្រើ​នៅក្នុង​គោលបំណង​អ្វី​ដែរ​ទេ​។ ចំណែក​តម្លៃ​វិញ​ក៏​ខ្ញុំ​មិន​ហ៊ាន​កំណត់​យក​ពី​គាត់​ឡើយ ទំនង​ជា​គ្រាន់​តែ​យក​ថ្លៃ​ទិញ​ខ្សែជ័រ​ប៉ុណ្ណោះ​»​។

ការច្នៃ​លេងៗ​នេះ​ក៏​បង្កើត​ភាព​ទាក់ទាញ​ពី​មជ្ឈដ្ឋាន​ក្រុម​សិស្សានុសិស្ស​នៃ​សាលា​កូនប្រុស​លោក​ផង​ដែរ ជាពិសេស​អ្នកគ្រូ​គឺ​គាត់​សុំ​ឲ្យ​លោក​ធ្វើ​ចំនួន ១០ ​កាតាប ព្រោះ​ថា​កាតាប​មាន​គុណភាព​មិន​ចាញ់​កាតាប​ធ្វើ​ពី​ស្បែក​សត្វ ឬ​ក្រណាត់​នោះ​ឡើយ​។

កាតាប​ច្នៃ​ពី​ខ្សែជ័រ​ពេល​កុមារា​ស្ពាយ​ទៅ​ដល់​សាលារៀន​។ រូបថត Sophous Suon

លោក ធី នី ដែល​ជា​កសិករ​កំពុង​តែ​រស់នៅ​នៅ​ឃុំ​អូរដា ស្រុក​កំរៀង ខេត្ត​បាត់ដំបង​បន្ត​ថា​៖ «​សម្រាប់​ខ្សែជ័រ​នេះ ក្រៅពី​ក្រង​ជា​កាតាប​នោះ​ក៏​អាច​យក​មក​ក្រង​ជា​អង្រឹង ទោង និង​ប៉ៅអ៊ី​សម្រាប់​គេង​លេង​កម្សាន្ត​បាន​ផង​ដែរ​។ បើ​អង្រឹង​វិញ ខ្ញុំ​ធានា​ថា​អាច​ប្រើ​បាន ២-៣ ឆ្នាំ​ឯណោះ​ទើប​ខូច ឬ​ដាច់ នេះ​សម្រាប់​ខ្សែជ័រ​ដែល​យក​មក​ពី​បរទេស​ថៃ​។ ខ្សែជ័រ ១ ដុំ​យក​មក​ក្រង​អាច​ធ្វើ​បាន​ចំនួន ៣-៤ កាតាប (​កាតាប​ទំហំ ៣ តឹក x ២.៥ តឹក​) ខណៈ​កាតាប ១ ប្រើ​ពេល​ក្រង​ប្រហែល ១-២ ម៉ោង​»​។

យ៉ាងណា​ការច្នៃ​ខ្សែជ័រ​ជា​កាតាប​ដ៏ស្រស់ស្អាត​ប្លែក​ភ្នែក​មាន​គុណភាព​អាច​ប្រើប្រាស់​បាន​ដូច​កាតាប​ផលិត​ពី​ស្បែក​សត្វ ឬ​ក្រណាត់​នេះ​លោក ធី នី មិន​ទាន់​ផលិត​លក់​នៅ​ឡើយ​ទេ គឺ​គ្រាន់តែ​សាកល្បង​ច្នៃ​ឲ្យ​កូនប្រុស​ប្រើ​ប៉ុណ្ណោះ​។

ទោះបី​នេះ​គ្រាន់​តែ​ច្នៃ​លេង​មែន​ក្តី តែ​ជា​គំនិត​ច្នៃប្រឌិត​ដ៏កម្រ​មួយ​ដែល​កសិករ ធី នី នឹក​ឃើញ​យក​កម្ទេច​ខ្សែ​ជ័រ​ប្រវែង​ប្រមាណ ២-៣ តឹក​មក​ក្រង​ជា​កាតាប​យ៉ាង​ស្អាត ល្អ​ប្លែក​ភ្នែក ខណៈ​រូបលោក​ក៏​បង្ហើប​ថា​នឹង​ធ្វើ​លក់​ដែរ ប្រសិន​បើ​មាន​អ្នក​គាំទ្រ​។

កសិករ​វ័យ ២៨ ​ឆ្នាំ​ដែល​មាន​ស្រុកកំណើត​នៅ​ខេត្ត​ពោធិ៍សាត់ និង​មាន​ប្រពន្ធ​រស់នៅ​តំបន់​ព្រំដែន​ឡែម​មាន​កូន ២ នាក់​ព្រលយ​ឲ្យ​ដឹងថា​៖ «​តែ​ប្រសិន​បើ​មាន​គាំទ្រ និង​ចង់​ជាវ ខ្ញុំ​នឹង​អាច​ធ្វើ​បាន​ទៅ​តាម​ទំហំ ហើយ​ចាំ​និយាយ​ថ្លៃ​គ្នា​ពេល​ក្រោយ​»​។

ប្រសិន​បើ​គាំទ្រ​ស្នាដៃ​ច្នៃ​លោក ធី នី ហើយ​ចង់​កុម្ម៉ង់​ឲ្យ​ក្រង​ជា​កាតាប ទោង ប៉ៅអ៊ី និង​អង្រឹង​ក្តី​អាច​តេ​ទៅ​ទូរស័ព្ទ ០៩៦ ២៧៩ ២២០៤៕