ក្រុងហ្ស៊េរុយសាឡឹម : ក្រុមបុរាណវត្ថុវិទូអុីស្រាអែលបានរកឃើញកាក់មាសសុទ្ធចំនួន ៤ កប់ក្នុងទីក្រុងបុរាណហ្ស៊េរុយសាឡឹម ដែលមានប្រវត្ដិតាំងពីជាង ១ ពាន់ឆ្នាំមុន។ នេះជាការរកឃើញដ៏កម្របន្សល់សម័យកាលដ៏ចលាចលផ្នែកនយោបាយនា។
អាជ្ញាធរបុរាណវត្ថុអុីស្រាអែល (IAA) បានឲ្យដឹងថា កាក់មាសទាំងនោះត្រូវបានជីកកកាយអំឡុងពេលធ្វើកំណាយក្បែរ Western Wall ជាទីឋានពិសិដ្ឋបំផុតដែលអម្បូរជ្វីសធ្វើការបួងសួង។
អ្នកជំនាញមកពី IAA លោក រ៉ូប៊ឺត កូល បានឲ្យដឹងក្នុងសេចក្ដីថ្លែងការណ៍មួយថា កាក់មាស ដែលត្រូវបានរក្សាទុកក្នុងក្រឡតូចមួយ នៅមានរូបរាងល្អស្អាត និងត្រូវបានគេមើលស្គាល់យ៉ាងច្បាស់ដោយមិនចាំបាច់យកទៅសម្អាត។
វត្ថុមានតម្លៃទាំងនោះមានកំណើតតាំងពីចន្លោះទសវត្សរ៍ឆ្នាំ ៩៤០ និង ៩៧០ ជាវេលាដែលកើតកលយុគផ្នែកនយោបាយយ៉ាងធ្ងន់ធ្ងរ។
អំឡុងពេលនោះ ព្រះចៅកាលីហ្វ ស៊ុននី អាប់បាស៊ីដ ដែលមានមូលដ្ឋាននៅប្រទេសបង់ក្លាដែស បានបាត់បង់ការគ្រប់គ្រងទីក្រុងហ្ស៊េរុយសាឡឹម ទៅឲ្យគូប្រជែងនៃព្រះចៅស៊ីអុីត ហ្វាទីមីដ នៅភាគខាងជើងអាហ្វ្រិកខាងជើង ដែលរលំរលាយក្នុងសតវត្សរ៍ទី ១២។
លោក កូល បាននិយាយថា៖ «នេះជាលើកដំបូងក្នុងរយៈពេល ៥០ ឆ្នាំ ដែលមាសសុទ្ធត្រូវបានរកឃើញពីរាជកាលហ្វាទីមីដ នៃដែនដីរាជធានីហ្ស៊េរុយសាឡឹមបុរាណ»។
ក្រុមធ្វើកំណាយអុីស្រាអែល បានរកឃើញមាសចុងក្រោយពីសម័យហ្វាទីមីដ ក្រោយពេលចប់សង្គ្រាមទី ៦ ក្នុងឆ្នាំ ១៩៦៧ ភ្លាម ដែលគ្រានោះ អុីស្រាអែលបានគ្រប់គ្រងក្រុងហ្ស៊េរុយសាឡឹមខាងកើត ពីការកាន់កាប់របស់ហ្សក់ដានី មុនពេលដណ្ដើមបានក្រុងទាំងមូល៕ AFP/HR